បច្ចុប្បន្ននេះ វៀតណាមមានគម្រោង FDI ជាង ៤៦.៥០០ ដែលកំពុង​មាន​សុពលភាព ដោយមាន​​ដើមទុនចុះបញ្ជីសរុបជាង ៥៤៣ ពាន់លានដុល្លារអាមេរិក​; ដើមទុនអនុវត្តសរុប​ចំនួន ៣៥៧,៦ ពាន់លានដុល្លារអាមេរិក។ វិស័យ FDI កំពុង​រួមចំណែកជាង ២០% នៃ GDP ប្រហែល ៧០% នៃចំណូលនាំចេញ និងបង្កើតការងារធ្វើ​សម្រាប់កម្មកររាប់លាននាក់។ វៀតណាមបន្តរក្សា​តួនាទីជាប្រទេសដែលទាក់ទាញទុន FDI ឈានមុខគេនៅក្នុងតំបន់​។ យោងតាមឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ ថាំង ក្នុងបរិបទដែលលំហូរទុន​ FDI សកល​បាន​ធ្លាក់ចុះ​នៅក្នុងតំបន់ជាច្រើន វៀតណាមបន្តស្ថិត​ក្នុង​ក្រុម​ប្រទេសដែលទាក់ទាញទុន​ FDI ឈាន​មុខ​គេ​នៅ​​អាស៊ីអាគ្នេយ៍។

«​ប្រការ​នេះ បាន​ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់សហគមន៍ធុរកិច្ចអន្តរជាតិចំពោះយថាទស្សន៍អភិវឌ្ឍន៍ ស្ថិរភាពនយោបាយនិងសង្គម បរិយាកាសវិនិយោគ និងធ្វើ​អាជីវកម្ម​របស់​វៀតណាម​។ ជាពិសេស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាម​បាន​កត់​ត្រាវត្តមាននិងការពង្រីកការវិនិយោគដោយសាជីវកម្មធំៗជាច្រើនក្នុងវិស័យអេឡិចត្រូនិក ស៊ីមីកុងដុកទ័រ បច្ចេកវិទ្យាខ្ពស់ ថាមពល ឡូជីស្ទិក ហិរញ្ញវត្ថុ នវានុវត្តន៍ និងសេវាកម្មទំនើប។ តាមនោះ រួមចំណែកដល់ការបង្កើតប្រព័ន្ធអេកូឡូស៊ីផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ថ្មីនៅវៀតណាម»​។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីឆ្លៀត​យកអត្ថប្រយោជន៍ពីលំហូរទុន​ FDI ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចឱ្យ​បាន​ឆាប់រហ័ស ប្រកបដោយចីរភាពនោះ ចាំបាច់ត្រូវកសាងទំនាក់ទំនងរវាងសហគ្រាស FDI និងសហគ្រាសក្នុងស្រុក​។ សហគ្រាសវៀតណាមជាច្រើននៅតែចូលរួម​ក្នុងវិស័យដែលមានតម្លៃបន្ថែមទាប​; អត្រាធ្វើមូលដ្ឋានីយកម្មក្នុងវិស័យមួយចំនួននៅតែ​ទាប; ការរីក​សាយភាយនៃបច្ចេកវិទ្យា អភិបាល​កិច្ច និងផលិតភាព​មិនទាន់​បំពេញ​តម្រូវការនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល​នៅឡើយ​ទេ​។ តម្រូវការសម្រាប់ដំណាក់កាល​ខាងមុខ​នេះ គឺកែលម្អគុណភាពនៃកិច្ចសហប្រតិបត្តិការ កម្រិតនៃការរីកសាយភាយ និងភាពស៊ីសង្វាក់គ្នារវាងវិស័យ FDI និងសេដ្ឋកិច្ចក្នុងស្រុក។ ឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ ថាំង បានរំពឹងថា៖ «ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី វៀតណាមកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងពី "ការទាក់ទាញ FDI យ៉ាងច្រើន" ទៅជា "កិច្ចសហប្រតិបត្តិការវិនិយោគដោយ​មាន​ការជ្រើសរើស មានគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព"។ យើងខ្ញុំមិនត្រឹមតែវាយតម្លៃ និងយកចិត្តទុកដាក់លើបរិមាណទុនដែលវិនិយោគិននាំមក​ចូលវៀតណាម​ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺនាំមកនូវបច្ចេកវិទ្យាអ្វី បង្កើតតម្លៃបន្ថែមអ្វី បណ្តុះបណ្តាលធនធានមនុស្សយ៉ាងដូចម្តេច តភ្ជាប់សហគ្រាសវៀតណាមឱ្យចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងណា និងរួមចំណែកយ៉ាង​ដូចម្តេចសម្រាប់ការផ្លាស់ប្តូរឌីជីថល ការ​ផ្លាស់​ប្តូរបៃតង និង​លើកកម្ពស់សមត្ថភាពផ្ទៃក្នុង​​នៃខឿនសេដ្ឋកិច្ច។ FDI ជំនាន់ថ្មីមិនត្រឹមតែមកកាន់​​វៀតណាមដើម្បីផលិត និងធ្វើ​អាជីវកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែ​រួមដំណើរជាមួយវៀតណាម​ដើម្បីប​ង្កើ​តតម្លៃថ្មី សមត្ថភាពថ្មី និងឋានៈថ្មី នៅក្នុងខ្សែ​សង្វាក់តម្លៃសកល​ទៀត​ផង»​។​

យោងតាមអ្នកជំនាញ វៀតណាមមានសហគ្រាសជាង ១ លាន ប៉ុន្តែមានសហគ្រាសតែ៥.០០០ប៉ុណ្ណោះ ដែលបានតភ្ជាប់ដោយផ្ទាល់ទៅនឹងខ្សែ​សង្វាក់​ផ្គត់ផ្គង់សកល ឬសារជីវកម្មពហុជាតិ។ មូលហេតុចម្បង គឺសមត្ថភាពផ្ទៃក្នុងរបស់​សហគ្រាសវៀតណាម នៅពេលដែលបច្ចេកវិទ្យាមិន​ទាន់សម័យ ផលិតភាព​​ទាប និងសមត្ថភាពអភិបាល​កិច្ចមិនទាន់​បំពេញតាមស្តង់ដារអន្តរជាតិ​។ លោកស្រី Do Thi Thuy Huong អនុប្រធាននៃសមាគមសហគ្រាសអេឡិចត្រូនិកវៀតណាម បានចាត់ទុកថា៖​ «​ក្នុងដំណាក់កាលខាងមុខ កត្តាសម្រេចលើ​សមត្ថភាពបច្ចេកវិទ្យា និងនវានុវត្តន៍ផលិតកម្ម គឺជាកត្តាពិសេស ដែល​សហគ្រាសវៀតណាមត្រូវ​យក​ចិត្ត​ទុក​ដាក់​។ សហគ្រាសដែលផ្តោតលើបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ស្វ័យប្រវត្តិកម្មការផ្លាស់ប្តូរឌីជីថលបៃតង នឹងក្លាយជាសហគ្រាសដែល​យក​ឈ្នះ​ក្នុងការ​រត់​ប្រណាំងដើម្បីត​ភ្ជាប់ទំនាក់ទំនង និងចូលរួមដោយជោគជ័យ​នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល»​។

វៀតណាមកំពុងប្រឈមមុខនឹងឱកាសដ៏ធំធេងដើម្បីទទួលបានរលកថ្មីនៃការវិនិយោ​គ​ក្នុងដំណើរការរៀបចំ​ខ្សែសង្វាក់ផ្គត់ផ្គង់សកលឡើង​វិញ។​ ប៉ុន្តែឱកាសនេះនឹងក្លាយជាកម្លាំងចលករសម្រាប់កំណើន ប្រសិន​បើលំហូរ FDI មិនឈប់នៅត្រឹម​កម្រិតដែលបានចុះបញ្ជី ប៉ុន្តែ​បាន​បង្កើត​ចំណេះដឹង បច្ចេកវិទ្យា ធនធានមនុស្សមានគុណភាពខ្ពស់ និងមាន​ទំនាក់ទំនងយ៉ាងស៊ីជម្រៅ​ជាមួយសេដ្ឋកិច្ចក្នុងស្រុក។ ឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ ថាំង បានបន្ថែមថា៖ «​ការអភិវឌ្ឍយ៉ាងខ្លាំងនូវសហគ្រាសក្នុងស្រុក និងឧស្សាហកម្មគាំទ្រ ដើម្បីឱ្យសហគ្រាសវៀតណាមអាចចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល។ រដ្ឋនឹងបន្តមានគោលនយោបាយ​ដើម្បីគាំទ្រសហគ្រាសក្នុងការកែលម្អសមត្ថភាពអភិបាលកិច្ច ស្តង់ដារគុណភាព នវានុវត្តន៍បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការទទួលបានឥណទាន និងការតភ្ជាប់ជាមួយ​សាជីវកម្មពហុជាតិ។ មិនត្រឹមតែបង្កើនចំនួនសហគ្រាសដែលចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺបង្កើតជួរសហគ្រាសវៀតណាម ដែលមានសមត្ថភាពក្លាយជាអ្នកផ្គត់ផ្គង់កម្រិតទី ១ និងកម្រិតទី ២ នៅក្នុងខ្សែសង្វាក់​តម្លៃក្នុងតំបន់ និងសកល​ជាបណ្ដើរៗ​ទៀតផង​»​

កាលពីដើមខែមេសា លោក​អគ្គលេខា​បក្ស ប្រធានរដ្ឋ តូ ឡឹម បានចុះហត្ថលេខាលើ​ផែនការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ហិរញ្ញវត្ថុជាតិ ការសងបំណុល​សាធារណៈ និងការវិនិយោគសាធារណៈរយៈពេលមធ្យមសម្រាប់រយៈពេល ៥ ឆ្នាំ (២០២៦-២០៣០) ក្នុង​នោះ គោលនយោបាយទាក់ទាញ FDI ផ្តោត​លើការផ្ទេរបច្ចេកវិទ្យា និងការតភ្ជាប់ជាមួយសហគ្រាសក្នុងស្រុក។ ប្រការ​នេះ​ បញ្ជាក់ពីការរំពឹងទុករបស់វៀតណាម​ចំពោះការអភិវឌ្ឍវិស័យសេដ្ឋកិច្ច​ដែលមានទុន​វិនិយោគ​ពី​បរទេស ក្នុងទំនាក់ទំនងជិតស្និទ្ធនិងស្មើភាព​គ្នា​ជាមួយវិ​ស័យសេដ្ឋកិច្ចក្នុងស្រុក។ តាមនោះ បង្កើតសន្ទុះសម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ នៅពេលដែលវៀតណាមឈាន​ចូលដល់យុគសម័យថ្មី - យុគសម័យ​នៃការអភិវឌ្ឍដ៏រឹងមាំ និងវិបុលភាពរបស់​ប្រទេសជាតិ​៕​