នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ សារជីវកម្ម Vingroup បានប្រកាសផែនការចេញផ្សាយមូលបត្រអន្តរជាតិជាអតិបរមា ៣៥០ លានដុល្លារអាមេរិកនៅឆ្នាំនេះ ដែលបានចុះបញ្ជីនៅលើផ្សារមូលបត្រ Vienna MTF (អូទ្រីស) ដោយមានរយៈពេល ៥ ឆ្នាំ និងអត្រាការប្រាក់ជាអតិបរមា ៥,៧៥% ក្នុងមួយឆ្នាំ។ ចំណែកឯ BIM Group និង Sun Group ក៏កំពុងទាក់ទងផ្ទាល់នឹងដើមទុនអន្តរជាតិជាបណ្ដើរៗតាមរយៈការចេញមូលបត្រឯកជន ឬការខ្ចីដើមទុនអន្តរជាតិសម្រាប់គម្រោងថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងអចលនទ្រព្យសម្រាក់លំហែកាយ។
និន្នាការទាំងនេះបានបង្ហាញថា វិស័យឯកជនវៀតណាមកំពុងចូលរួមសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយទីផ្សារហិរញ្ញវត្ថុសកល។ លោកស្រី ង្វៀន ធី ធូ ហៀន អគ្គនាយិការក្រុមហ៊ុនមូលបត្រ Techcom បានវាយតម្លៃថា៖
«ប្រភពទុនរយៈពេលមធ្យម និងរយៈពេលវែងជាច្រើនកំពុងរង់ចាំសម្រាប់ចូលមកទីផ្សារវៀតណាម ឧទាហរណ៍ដូចជា មូលនិធិធានារ៉ាប់រងមូលបត្របំណុល។ នេះគឺជាកាណាល់មួយដែលសហគ្រាសកំពុងស្វែងយល់ ជំនួសឱ្យការផ្តោតលើកាណាល់ប្រពៃណី ដូចជាប្រាក់កម្ចីពីធនាគារ ឬចេញមូលបត្របំណុលក្នុងស្រុកតែប៉ុណ្ណោះ។ ការទាក់ទងផ្ទាល់ជាមួយមូលនិធិមូលបត្របរទេស និងមូលនិធិធានារ៉ាប់រងបរទេស ជួយសហគ្រាសវៀតណាមបង្កើនឋានៈរបស់ខ្លួននៅក្នុងទីផ្សារបរទេស ដោយបើកចេញឋានៈថ្មីនៃអភិបាលកិច្ច»។
នាពេលថ្មីៗនេះ ទីភ្នាក់ងារចំណាត់ថ្នាក់ឥណទានអន្តរជាតិ Moody's បានដំឡើងយថាទស្សន៍ឥណទានហិរញ្ញវត្ថុរបស់វៀតណាមពី "ស្ថិរភាព" ទៅ "វិជ្ជមាន" ហើយបានចាត់ថ្នាក់វៀតណាមនៅកម្រិត Ba2 ដែលជួយវៀតណាមក្លាយជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលត្រូវបានអង្គការនេះវាយតម្លៃថា មានយថាទស្សន៍វិជ្ជមាន។
រូបថត៖ tapchikinhtetaichinh.vn
កាយវិការនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការកែលម្អគុណភាពអភិបាលកិច្ច និងស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនទំនុកចិត្តរបស់វិនិយោគិនចំពោះទីផ្សារហិរញ្ញវត្ថុ និងសមត្ថភាពកៀងគរដើមទុនរបស់វៀតណាមក្នុងរយៈពេលវែងទៀតផង។ លោក Max-F. Scheichenost សមាជិកស្ថាបនិកនៃអង្គការអភិវឌ្ឍន៍ការវិនិយោគឯកជនវៀតណាម (VPCA) បានថ្លែងថា៖ «វៀតណាមកំពុងឆ្លងកាត់ដំណើរការកែទម្រង់គោលនយោបាយដ៏ខ្លាំងក្លាបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ ដូចដែលអ្នកជំនាញសេដ្ឋកិច្ចនិងប្រព័ន្ធផ្សព្វផ្សាយបានហៅវា នេះគឺជាការផ្លាស់ប្តូរថ្មីលើកទីពីរ (Doi Moi 2.0)។ ព្រឹត្តិការណ៍សំខាន់ៗជាច្រើនអាចត្រូវបានគូសបញ្ជាក់ដូចជា ទីផ្សារភាគហ៊ុនវៀតណាមត្រូវបានដំឡើងថ្នាក់ទៅជាទីផ្សារដែលកំពុងរីកចម្រើនបន្ទាប់បន្សំនៅក្នុងខែកញ្ញាឆ្នាំនេះ ឬការបើកដំណើរការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម។ ទន្ទឹមនឹងនោះ គឺជាក្របខ័ណ្ឌច្បាប់ថ្មីសម្រាប់មូលនិធិវិនិយោគផ្សងព្រេង។ សរុបមក ទាំងនេះគឺជាកំណែទម្រង់រចនាសម្ព័ន្ធ និងជាកម្លាំងចលករដែលជួយទុនវិនិយោគអាចហូរចូលវិស័យយុទ្ធសាស្ត្របំផុតរបស់វៀតណាម»។
និន្នាការសកលឆ្ពោះទៅរកហិរញ្ញវត្ថុបៃតងក៏បើកចេញឱកាសសំខាន់ៗសម្រាប់មូលបត្របំណុលអន្តរជាតិរបស់វៀតណាមផងដែរ។ មូលនិធិវិនិយោគអន្តរជាតិនាបច្ចុប្បន្ននេះ កំពុងផ្តល់អាទិភាពដល់គម្រោងដែលបំពេញតាមស្តង់ដារ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច)។ ប្រការនេះបង្កើតឱកាសសម្រាប់សហគ្រាសវៀតណាមក្នុងការចេញមូលបត្របំណុលដើម្បីកៀងគរធនធានសម្រាប់វិស័យដូចជាថាមពលកកើតឡើងវិញ ការដឹកជញ្ជូនបៃតង និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
ពីទស្សនៈរបស់ភ្នាក់ងារគ្រប់គ្រង់ វៀតណាមក៏កំពុងពន្លឿនការសុក្រឹត្យ យន្តការដើម្បីគាំទ្រដល់ការអភិវឌ្ឍទីផ្សារ ដូចជា៖ ការបង្កើតអង្គការផ្តល់សេវាវាយតម្លៃមូលបត្របំណុល ជាពិសេសសម្រាប់មូលបត្របំណុលបៃតង និងសម្រាប់មូលបត្របំណុលចីរភាព; បំពេញស្តង់ដារលើការទទួលខុសត្រូវរបស់អង្គការ និងការគ្រប់គ្រងទ្រព្យសម្បត្តិ ដើម្បីបង្កើនភាពវិជ្ជាជីវៈនៃទីផ្សារមូលបត្របំណុលសាជីវកម្ម និងបង្កើនភាពទាក់ទាញសម្រាប់កាណាល់នេះ។ លោកស្រី វ៉ូ ធី ចានភឿង ប្រធានគណៈកម្មការមូលបត្ររដ្ឋ បានបញ្ជាក់ថា៖ «ទាក់ទងនឹងទីផ្សារមូលបត្របំណុល យើងកំពុងជំរុញខ្លាំងនូវដំណោះស្រាយដើម្បីរួមចំណែកដល់ការដំឡើងចំណាត់ថ្នាក់ឥណទានជាតិ ដើម្បីទាក់ទាញវិនិយោគិនបរទេស និងកាត់បន្ថយថ្លៃដើមប្រតិបត្តិការសម្រាប់អាជីវកម្ម។ ការដំឡើងចំណាត់ថ្នាក់ឥណទានជាតិក៏មានសារៈសំខាន់ខ្លាំងណាស់ ដែលជួយសហគ្រាសវៀតណាមទទួលបានអត្រាការប្រាក់អំណោយផលជាងមុននៅពេលដែលកម្រិតឥណទានជាតិកាន់តែខ្ពស់»។
រូបថត៖ VGP
ការកៀងគរមូលបត្របំណុលអន្តរជាតិមិនត្រឹមតែជួយបំពេញបន្ថែមដើមទុនប៉ុណ្ណោះទេ ថែមទាំងបើកចេញឱកាសសម្រាប់ពន្លឿនការធ្វើសមាហរណកម្មរបស់វៀតណាមទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសកលផងដែរ។ ប្រសិនបើត្រូវបានគ្រប់គ្រង និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព នេះនឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយដែលគាំទ្រដល់គោលដៅនៃកំណើនខ្ពស់ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរយៈពេលខាងមុខ៕








