សេដ្ឋកិច្ចរយៈកម្ពស់ទាបកំពុងក្លាយជានិន្នាការសកលដែលកំណត់រូបរាងអនាគត។ គំរូសេដ្ឋកិច្ចនេះ យកសកម្មភាពហោះហើរនៅរយៈកម្ពស់ទាបក្រោម ១.០០០ ម៉ែត្រជាកម្លាំងចលករ។ យោងតាមរបាយការណ៍វិភាគទីផ្សារអន្តរជាតិ តម្លៃនៃសេដ្ឋកិច្ចរយៈកម្ពស់ទាបសកលអាចឈានដល់ប្រហែល ៧០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣៥ និង ១.៥០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៤០។
នៅវៀតណាម សក្តានុពលនៃសេដ្ឋកិច្ចរយៈកម្ពស់ទាបគឺមានធំធេងណាស់។ លោក Tran Anh Tuan អនុប្រធានបណ្តាញអវកាស និងយន្តហោះគ្មានមនុស្សបើក បានធ្វើអត្ថាធិប្បាយថា៖
“វៀតណាមមានសក្តានុពលដ៏អស្ចារ្យអំពីសេដ្ឋកិច្ចរយៈកម្ពស់ទាប។ ទីមួយ គឺទីតាំងភូមិសាស្ត្រនយោបាយ។ វៀតណាមមានទីតាំងនៅកណ្តាលនៃតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងឧត្តមភាពយ៉ាងធំធេងស្តីពីសេវាកម្មគឡូជីស្ទិក។ ទីពីរ វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយ “បួនមិន” ដោយធ្វើជាមិត្តរបស់ប្រទេសទាំងអស់។ ស្ថិរភាពនយោបាយរបស់វៀតណាមបង្កើតលក្ខ័ណ្ឌអំណោយផលសម្រាប់វិនិយោគិនបរទេសធ្វើអាជីវកម្មនិងអភិវឌ្ឍបច្ចេកវិទ្យាយន្តហោះគ្មានមនុស្សបើក។ លើសពីនេះ សមត្ថភាពផលិតផ្នែករឹង និងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មគាំទ្ររបស់វៀតណាមត្រូវបានអភិវឌ្ឍរួចរាល់ហើយ”។
គុណសម្បត្តិទាំងនេះ កំពុងត្រូវបានប្រែក្លាយទៅជាសកម្មភាពជាក់ស្តែង។ ចាប់ពីដំណើរកម្សាន្តតាមឧទ្ធម្ភាគចក្រ និងការសាកល្បងដឹកជញ្ជូនដោយយន្តហោះដ្រូន រហូតដល់ការប្រើប្រាស់ឧបករណ៍ហោះហើយស្វ័យប្រវត្តិក្នុងការងារជួយសង្គ្រោះ កសិកម្ម និងឡូជីស្ទិក លំហអវកាសរយៈកម្ពស់ទាបកំពុងផ្លាស់ប្តូរពីគំនិតទៅជាការអនុវត្តជាក់ស្តែង ជាបណ្ដើរៗ។
ទន្ទឹមនឹងនោះ ស៊េរីយន្តហោះពហុបំណង Hera របស់ Realtimes Robustic Vietnam ជាផលិតផលដែលរចនាឡើងដោយវិស្វករវៀតណាមទាំងស្រុង ត្រូវបាននាំចេញដោយជោគជ័យទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប ដោយមានសមត្ថភាពលើកទម្ងន់ខ្ពស់ជាង ១០ដង បើធៀបនឹងផលិតផលមានទំហំដូចគ្នារបស់គូប្រជែង។ នៅឆ្នាំ ២០២៥ ក្រុមហ៊ុន CT Group បានចុះកិច្ចព្រមព្រៀងដើម្បីផ្គត់ផ្គង់យន្តហោះដឹកជញ្ជូនរយៈចម្ងាយឆ្ងាយចំនួន ៥ .០០០ គ្រឿងទៅកាន់ទីផ្សារកូរ៉េខាងត្បូង។ ចំណែកឯ Viettel Group បានធ្វើជាម្ចាស់បច្ចេកវិទ្យាសម្រាប់ការរចនា ផលិត និងដំឡើងយន្តហោះគ្មានមនុស្សបើក (UAV) មានគោលបំណងពីរ ដែលបម្រើទាំងសន្តិសុខការពារជាតិ និងវិស័យស៊ីវិល ប្រកបដោយប្រសិទ្ធភាព។ អាជីវកម្មគាំទ្រជាច្រើនក៏បានបង្កើតម៉ាកយីហោសកល ដោយនាំចេញឧបករណ៍ស្ថេរភាពកាមេរ៉ាឧស្សាហកម្មទៅកាន់ពិភពលោក។ លោក អាន ង៉ុកថាវ (An Ngọc Thảo) អគ្គលេខាធិការរងនៃសមាគមផ្នែកទន់និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាម (VINASA) បានបញ្ជាក់ថា៖
"យើងកំពុងនាំយកបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាស៊ីជម្រៅ (deep tech) ចូលទៅក្នុងវិស័យសេដ្ឋកិច្ចរយៈកម្ពស់ទាប ដើម្បីជំរុញកំណើន។ ដើម្បីបំពេញតម្រូវការនៃកំណើនសេដ្ឋកិច្ចឌីជីថល ប្រសិនបើពឹងផ្អែកតែលើបច្ចេកវិទ្យាផ្នែករឹង និងពាណិជ្ជកម្មអេឡិចត្រូនិកតែប៉ុណ្ណោះ ទោះបីជាសម្រេចបានកំណើនពីរខ្ទង់ក៏ដោយ ក៏ពិបាករក្សាស្ថេរភាពដែរ។ ផ្ទុយទៅវិញ យើងកំពុងបើកចេញបរិយាកាសអភិវឌ្ឍន៍ថ្មីៗ ហើយនោះគឺជាភារកិច្ចសំខាន់បំផុតរបស់វិស័យបច្ចេកវិទ្យា"។
ការអភិវឌ្ឍបច្ចេកវិទ្យាផលិតកម្មក្នុងស្រុកកំពុងបង្កើតទំនាក់ទំនងស៊ីសង្វាក់គ្នាដ៏ល្អឥតខ្ចោះជាមួយនឹងតម្រូវការជាក់ស្តែងនៃសេដ្ឋកិច្ចសង្គម។ ដើម្បីជំរុញវិស័យសេដ្ឋកិច្ចរយៈកម្ពស់ទាប វៀតណាមកំពុងសុក្រឹត្យក្របខ័ណ្ឌច្បាប់ប្រកបដោយសមកាលកម្មផងដែរ។ ដូច្នេះ ចក្ខុវិស័យនៃសេដ្ឋកិច្ចរយៈកម្ពស់ទាបមិនត្រឹមតែពីទស្សនៈនៃការគ្រប់គ្រងផ្លូវអាកាសប៉ុណ្ណោះទេ ប៉ុន្តែជាលំហអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីមួយ ដែលនាំយកបច្ចេកវិទ្យាសម្រាប់ការរចនា និងផលិតយន្តហោះគ្មានមនុស្សបើក ទៅក្នុងបញ្ជីបច្ចេកវិទ្យាខ្ពស់ដែលត្រូវបានផ្តល់អាទិភាពសម្រាប់ការវិនិយោគនិងអភិវឌ្ឍន៍។ នៅក្នុងកិច្ចប្រជុំជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅចុងខែសីហា ឧបនាយករដ្ឋមន្ត្រីលោក ហូ ក្វឹកឌុង បានស្នើសុំ៖ «បន្តត្រួតពិនិត្យ សំយោគ វាយតម្លៃ និងណែនាំការអនុវត្តការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ជាយុទ្ធសាស្ត្រ។ នៅពេលដែលមានគម្រោង ការស្រាវជ្រាវ ការច្នៃប្រឌិត ឬគំនិតនានា ត្រូវការចុះបញ្ជីដើម្បីឱ្យក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារៀបចំសម្រាប់ការអនុវត្តនៅឆ្នាំបន្ទាប់។ ឆ្នាំនេះ យើងបានបែងចែកថវិកាចំនួន ១០៣ ពាន់ពាន់លានដុង ហើយខ្ពស់ជាងនៅឆ្នាំបន្ទាប់»។
សេដ្ឋកិច្ចរយៈកម្ពស់ទាបគឺជាការរួមបញ្ចូលគ្នានៃយន្តហោះគ្មានមនុស្សបើក (UAV) បញ្ញាសិប្បនិម្មិត (AI) ទិន្នន័យ ទូរគមនាគមន៍ និងបច្ចេកវិទ្យាផលិតកម្ម ដែលបើកចេញបរិយាកាសអភិវឌ្ឍថ្មីមួយ។ ឱកាសរបស់ វៀតណាមគឺស្ថិតក្នុងសមត្ថភាពធ្វើជាម្ចាស់លើបច្ចេកវិទ្យា ការកសាងទីផ្សារ និងការកែលម្អស្ថាប័ននានាក្នុងពេលដំណាលគ្នា។ ប្រសិនបើឆ្លៀតយកគុណសម្បត្តិទាំងនេះបានយ៉ាងល្អ សេដ្ឋកិច្ចរយៈកម្ពស់ទាបអាចក្លាយជាដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់វៀតណាម ដែលបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់ការច្នៃប្រឌិត និងលើកកម្ពស់ឋានៈបច្ចេកវិទ្យារបស់ប្រទេសជាតិ៕








