គណៈកម្មការអឺរ៉ុបស្នើកញ្ចប់ទណ្ឌកម្មលើកទី២២ ប្រឆាំងនឹងរុស្ស៊ី
កញ្ចប់វិធានការនេះក៏បានរឹតបន្តឹងបទប្បញ្ញត្តិស្តីពីការផ្តល់ទិដ្ឋាការ និងហាមឃាត់ការប្រកួតប្រជែងក្រោមទង់ជាតិរុស្ស៊ី នៅក្នុងព្រឹត្តិការណ៍កីឡានានានៅសហភាពអឺរ៉ុប (EU) ផងដែរ។
ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ គណៈកម្មការអឺរ៉ុប (EC) បានស្នើដកធនាគាររុស្ស៊ីចំនួន ៦០ ចេញពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ទន្ទឹមនឹងការរឹតបន្តឹងសកម្មភាពរបស់វេទិកាជួញដូរទ្រព្យសកម្មគ្រីបតូ (Crypto) និងបិទចន្លោះប្រហោងនៃការគេចវេសពីទណ្ឌកម្មតាមរយៈប្រទេសទីបី។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានអះអាងថា វិធានការជាបន្តបន្ទាប់ទាំងនេះមានគោលបំណងកាត់បន្ថយឱ្យបានជាអតិបរមានូវធនធានហិរញ្ញវត្ថុដែលទ្រទ្រង់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នៅក្នុងវិស័យថាមពល គណៈកម្មការអឺរ៉ុបបានស្នើជាលើកដំបូងឱ្យអនុវត្តវិធានការរឹតត្បិតប្រឆាំងនឹងក្រុមហ៊ុនអគ្គិសនីរុស្ស៊ី។ ដើម្បីរឹតបន្តឹងសកម្មភាពដឹកជញ្ជូនប្រេង គណៈកម្មការអឺរ៉ុបក៏បានស្នើបញ្ចូលកប៉ាល់ចំនួន ៧០ គ្រឿងបន្ថែមទៀត ដែលស្ថិតក្នុងកងនាវាស្រមោលរបស់រុស្ស៊ី ទៅក្នុងបញ្ជីទណ្ឌកម្មផងដែរ។ ចំពោះបញ្ហាទិដ្ឋាការ EC បានស្នើហាមឃាត់ការចូលប្រទេសចំពោះពលរដ្ឋរុស្ស៊ីដែលធ្លាប់បានចូលរួមប្រយុទ្ធនៅអ៊ុយក្រែន ក៏ដូចជាហាមឃាត់ក្រុមជម្រើសជាតិ និងអត្តពលិកមិនឱ្យប្រកួតក្រោមពណ៌ទង់ជាតិរុស្ស៊ី នៅក្នុងការប្រកួតនានាដែលរៀបចំឡើងនៅសហភាពអឺរ៉ុប។ ដើម្បីអាចអនុម័តបាន កញ្ចប់ទណ្ឌកម្មនេះត្រូវការការឯកភាពជាឯកច្ឆន្ទពីប្រទេសជាសមាជិក EU ទាំង ២៧៕








