សកម្មភាពអបអរសាទរទិវាវប្បធម៌វៀតណាមប្រព្រឹត្តទៅយ៉ាងផុលផុសនៅទូទាំងប្រទេស
នៅខេត្តឡាងសឺន នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា មនុស្សជាង ១.០០០ នាក់បានរួមគ្នាសម្តែងរបាំចូវថែន (Chầu Then)។ នេះគឺជាសកម្មភាពលេចធ្លោនៅក្នុងក្របខ័ណ្ឌនៃសប្តាហ៍វប្បធម៌ - មហាសាមគ្គីភាពប្រជាជាតិទាំងមូល ខេត្តឡាងសឺន ឆ្នាំ២០២៦។ នៅក្នុងជីវភាពខាងវិញ្ញាណរបស់ជនជាតិតៃ (Tay) និងនុង (Nung) របាំ ចូវ តែងតែផ្សារភ្ជាប់នឹងពិធីសាសនាថែន (Then) ដោយផ្ញើនូវសេចក្តីប្រាថ្នាចង់បានជីវភាពសុខសាន្ត ភោគផលដំណាំល្អប្រសើរ និងភូមិឋានសម្បូរសប្បាយ។ លោកស្រី Nguyen Thi Hoang Binh មកពីក្លឹបចាប៉ី និងចម្រៀងប្រជាប្រិយឃុំដុងដាំង (Dong Dang) បានឱ្យដឹងថា៖
“ក្រុមរបស់យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងរំភើបយ៉ាងខ្លាំងដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ។ តាមរយៈនេះ ក៏សង្ឃឹមថា របាំ ចូវ សហគមន៍ ចាប៉ីទិញ (Tinh) និងចម្រៀងប្រជាប្រិយរបស់ស្រុកកំណើត មិនត្រឹមតែផ្សព្វផ្សាយនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅកាន់ពិភពលោកទៀតផង ដើម្បីរួមចំណែកផ្សព្វផ្សាយចង្វាក់ភ្លេងប្រជាប្រិយ និងសម្រស់វប្បធម៌របស់ជនជាតិតៃ នុង ទៅកាន់ភ្ញៀវទេសចរគ្រប់ទិសទី”។
នៅបណ្ណាល័យខេត្តភូថ (Phu Tho) កម្មវិធីតាំងពិព័រណ៍ឯកសារ និងវត្ថុតាងក្រោមប្រធានបទ “វប្បធម៌ទឹកដីបុព្វបុរស - អត្តសញ្ញាណ និងតម្លៃ” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា បានទាក់ទាញការចាប់អារម្មណ៍ពីអ្នកអាន និងសាធារណជនយ៉ាងច្រើនកុះករ។ តាមរយៈសៀវភៅ កាសែត ឯកសារ វត្ថុតាង ស្នាដៃវិចិត្រសិល្បៈ និងរូបថតសិល្បៈ កម្មវិធីបានណែនាំអំពីតម្លៃលេចធ្លោស្តីពីប្រវត្តិសាស្ត្រ ប្រពៃណីកសាងប្រទេស និងការពារប្រទេស បេតិកភណ្ឌវប្បធម៌ អត្តសញ្ញាណវប្បធម៌របស់បណ្តាជនជាតិ ទេសភាពធម្មជាតិ និងរូបភាពរបស់ប្រជាជនខេត្តភូថក្នុងការធ្វើពលកម្ម ការច្នៃប្រឌិត និងការកសាងមាតុភូមិ។
នៅព្រឹកថ្ងៃដដែលនេះ នៅក្រុងហ្វេ (Hue) មជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌអតីតរាជធានីហ្វេ ក្រុងហ្វេ បានរៀបចំកម្មវិធី “ការដង្ហែក្បួនដោយកង់អបអរសាទរទិវាវប្បធម៌វៀតណាម”។ សកម្មភាពនេះរួមចំណែកផ្សព្វផ្សាយក្តីស្រឡាញ់ចំពោះបេតិកភណ្ឌ ផ្ញើសារអំពីរបៀបរស់នៅបៃតង ការហាត់ប្រាណដើម្បីសុខភាព និងការការពារបរិស្ថាន។
នៅខេត្តវិញឡុង (Vinh Long) សកម្មភាពវប្បធម៌ សិល្បៈ កីឡា និងទេសចរណ៍ជាច្រើនត្រូវបានរៀបចំឡើងនៅតាមមូលដ្ឋានជាច្រើនក្នុងខេត្ត។ លោក Duong Hoang Sum ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តវិញឡុង បានឱ្យដឹងថា៖
“យើងខ្ញុំបានរៀបចំសកម្មភាពសម្តែងជូនបងប្អូនប្រជាជនមកទស្សនា។ ជាពិសេស គឺការសម្តែងឡើងវិញនូវទម្រង់សិល្បៈនានា ដូចជា ការស្មូតកំណាព្យ វិន ទៀន ( Vân Tiên) ឬការការច្រៀង Don Ca Tai Tu)។ សកម្មភាពមួយចំនួនរបស់បងប្អូនជនជាតិខ្មែរ ដូចជា ចម្រៀងចាប៉ីដងវែង របាំរាំវង់/របាំប្រជាប្រិយ សកម្មភាពប្រកួតបង្ហាញសម្លៀកបំពាក់ប្រពៃណី និងការសម្តែងឧបករណ៍ភ្លេងប្រពៃណីរបស់បងប្អូនជនជាតិខ្មែរ ដែលផ្សារភ្ជាប់នឹងសប្តាហ៍ពិធីបុណ្យអកអំបុក”។
មិនត្រឹមតែជាឱកាសសម្រាប់ប្រជាពលរដ្ឋលេងកម្សាន្តសប្បាយ និងផ្លាស់ប្តូរបទពិសោធន៍ប៉ុណ្ណោះទេ សកម្មភាពទាំងនេះថែមទាំងរួមចំណែកដាស់មោទនភាព ក្តីស្រឡាញ់ និងស្មារតីថែរក្សាតម្លៃវប្បធម៌ប្រពៃណីរបស់មាតុភូមិ និងប្រទេសជាតិផងដែរ៕








