VOV WorldVOV World
ហ៊ឹងអៀនពង្រីកលំហអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្ពោះទៅសមុទ្រ
25/11/2026 09:34
[VOVWORLD] - ពីតំបន់ដីនៅកណ្តាលតំបន់ដីសណ្តទន្លេក្រហម ខេត្ត​ហ៊ឹងអៀនកំពុងពង្រីកលំហអភិវឌ្ឍន៍ឆ្ពោះទៅសមុទ្រ ដោយបង្កើតជារចនាសម្ព័ន្ធសេដ្ឋកិច្ចថ្មីជាបណ្ដើរៗ ដែល​​​ក្នុង​នោះ ឧស្សាហកម្ម ភស្តុភារកម្ម តំបន់ទីក្រុង កំពង់ផែ និងខ្សែសង្វាក់ផ្គត់ផ្គង់​ត្រូវបានត​ភ្ជាប់ទៅក្នុង​ប្រព័ន្ធ​តែមួយ។ ក្រៅពីការពង្រីកព្រំដែនភូមិសាស្ត្រ សមុទ្រ​កំពុងបើកឱកាសអភិវឌ្ឍន៍ថ្មីៗ​សម្រាប់ខេត្ត​ហ៊ឹងអៀន ដោយបង្កើតសន្ទុះសម្រាប់​កំណើន និងបង្កើនការតភ្ជាប់ជាមួយសេដ្ឋកិច្ចក្នុង​តំបន់ និងអន្តរជាតិ។

ហ៊ឹងអៀនពង្រីកលំហអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្ពោះទៅសមុទ្រ

បន្ទាប់ពីការរួមបញ្ចូលគ្នា ហ៊ឹងអៀនមានអត្ថប្រយោជន៍បន្ថែមទៀត​សម្រាប់ការរៀបចំលំហអភិវឌ្ឍន៍ឡើងវិញ ជាមួយនឹងឆ្នេរសមុទ្រវេងអន្លាយ ប្រវែង ៥៤ គីឡូម៉ែត្រ​។ ដោយ​ពង្រីកគុណសម្បត្តិនេះ ខេត្ត​បានកំណត់សេដ្ឋកិច្ចសមុទ្រជាកម្លាំងចលករដ៏​សំខាន់មួយ ដោយភ្ជាប់ការអភិវឌ្ឍឧស្សាហកម្ម ទីក្រុង សេវាកម្ម និងភស្តុភារកម្មជាមួយនឹងការពង្រឹងការតភ្ជាប់តំបន់ និងការតភ្ជាប់អន្តរជាតិ។ គោលដៅនៅឆ្នាំ ២០៣០ កសាងខេត្ត​ហ៊ឹងអៀនឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសមុទ្រដ៏រឹងមាំ​នៅភាគខាងជើង។ សេដ្ឋវិទូ Vu Dinh Anh បាន​ធ្វើ​អត្ថាធិប្បាយថា៖ «​ឆ្នេរសមុទ្រប្រវែង ៥៤ គីឡូម៉ែត្រ ក្នុងចំណោមឆ្នេរសមុទ្រសរុបជាង ៣២០០ គីឡូម៉ែត្ររបស់វៀតណាម គឺជាគុណសម្បត្តិដ៏សំខាន់មួយ។ ប្រវែង ៥៤ គីឡូម៉ែត្រនោះ គឺជាច្រកទ្វារបើក​ទូលាយសម្រាប់ខេត្តហ៊ឹងអៀន ដើម្បី​ឈាន​ទៅសមុទ្រ»។​

ដើម្បី​ប្រែក្លាយគុណសម្បត្តិភូមិសាស្ត្រទាំង​នេះ​​ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ ខេត្តហ៊ឹងអៀន កំពុង​អនុវត្តន៍ជាក់​ស្តែងនូវការតម្រងទិស​រៀបចំផែនការ ជាមួយនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងលំហសេដ្ឋកិច្ចថ្មីៗ។ នៅក្នុងដំណើរការនេះ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដើរតួនាទីយ៉ាងសំខាន់ ក្នុងការបើកផ្លូវសម្រាប់ការ​ វិនិយោគ និងលំហូរទំនិញ។ ពិធីបើក​សម្ពោធ និងដាក់ឲ្យដំណើរការផ្លូវឆ្នេរសមុទ្រនៅខេត្តហ៊ឹងអៀនចាប់ពីខែតុលា ឆ្នាំ២០២៥ គឺជាជំហានដ៏សំខាន់មួយ ដែលរួមចំណែក​ដល់ការពង្រឹងការតភ្ជាប់អន្តរតំបន់ និងបើកឱកាសអភិវឌ្ឍន៍ថ្មីៗតាមបណ្តោយ​​ផ្លូវផងដែរ​។ លោក ង្វៀន ក្វាងហ៊ុង (Nguyễn Quang Hưng) អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តហ៊ឹងអៀន បានបញ្ជាក់ថា៖ «គម្រោងវិនិយោគសាងសង់ផ្លូវឆ្នេរសមុទ្រនេះ មានគោលបំណងរួមចំណែកធ្វើឱ្យសុក្រឹត្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗរបស់ខេត្ត និងតំបន់​ប្រកបដោយ​សមកាលកម្ម ដោយបើកឱកាសអភិវឌ្ឍន៍ថ្មីៗ តភ្ជាប់ជាមួយតំបន់ជំរុញកំណើននៃទីក្រុងហាណូយ ហៃផុង និងក្វាងនិញ តភ្ជាប់ជាមួយខេត្តនិញប៊ិញ និងខេត្តភាគខាងត្បូង បង្កើតលក្ខខណ្ឌសម្រាប់ការបង្កើតតំបន់ឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍តាមបណ្តោយផ្លូវ ដោយទាក់ទាញធនធានវិនិយោគយ៉ាងខ្លាំងក្លា​។ នេះគឺជាខ្សែ​ផ្លូវយុទ្ធសាស្ត្រមួយក្នុងដំណើរឆ្ពោះទៅកាន់សមុទ្រ អភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ និងកសាងតំបន់សេដ្ឋកិច្ចដែលខេត្តហ៊ឹងអៀនប្តេជ្ញាអនុវត្ត»​។

ទន្ទឹមជាមួយនឹង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការរៀបចំផែនការតំបន់មុខងារ និងការទាក់ទាញការវិនិយោគត្រូវបានកំណត់ជាជំហានសំខាន់ ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចសមុទ្រ។ ខេត្តកំពុងផ្តោតលើការបញ្ចប់ការរៀបចំផែនការតំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រ មណ្ឌលឧស្សាហកម្ម តំបន់ទីក្រុងសេវាកម្ម និងរមណីយដ្ឋាន មជ្ឈមណ្ឌលភស្តុភារកម្ម កំពង់ផែ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។ លោក ផាំ ង៉ុក កែ (Phạm Ngọc Kế) អនុប្រធានគណៈគ្រប់​គ្រង់តំបន់សេដ្ឋកិច្ច​ថាយ​ប៊ិញ បាន​ឱ្យដឹងថា៖ «​បច្ចុប្បន្ននេះ យើងកំពុងផ្តោតសំខាន់លើ​បញ្ហា​ដូចជា ទីមួយគឺធ្វើ​ឱ្យ​សុក្រឹត្យ ផែនការ និងការកែសម្រួលផែនការរួមនៃតំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រ។ ទន្ទឹមនឹងនោះ យើងកំពុងផ្តោតលើការ​សុក្រឹត្យការបែងចែកតំបន់ និងតំបន់មុខងារ នៅក្នុងតំបន់សេដ្ឋកិច្ច និង​មណ្ឌលឧស្សាហកម្ម ការរៀបចំផែន​ការ​នៃតំបន់ទីក្រុងសេវាកម្មនិង​​រមណីយដ្ឋានឆ្នេរសមុទ្រ មជ្ឈមណ្ឌលភស្តុភារកម្ម អាកាសយានដ្ឋាន និងកំពង់ផែ។ យើងក៏កំពុងសម្របសម្រួលជាមួយវិស័យ ភ្នាក់ងារ និងមូលដ្ឋានពាក់ព័ន្ធ ដើម្បីពន្លឿន​ការ​បញ្ចប់ការសាងសង់ផ្លូវដឹកជញ្ជូន ដោយផ្តោតលើការទាក់ទាញការវិនិយោគ​ជាមួយនឹងស្មារតីស្វែងរកវិនិយោគិនជាជាងការ​រង់ចាំពួកគេមករកយើង»​។

ដូច្នេះ ការ​តម្រងទិស​ឆ្ពោះទៅសមុទ្ររបស់ខេត្តហ៊ឹងអៀនមិនគ្រាន់តែជាការទាញយក​គុណសម្បត្តិភូមិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរការរៀបចំលំហអភិវឌ្ឍន៍​ឡើងវិញ ដែលក្នុង​នោះ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបង្កើតការតភ្ជាប់ រៀបចំផែនការ​ដើម្បី​បង្កើតមូលដ្ឋានគ្រឹះ ហើយ​ឧស្សាហកម្ម ភស្តុភារកម្ម សេវាកម្ម និងកំពង់ផែ​បង្កើតជា​ខ្សែសង្វាក់តម្លៃថ្មី។

ពីខេត្ត​មួយដែលអភិវឌ្ឍដោយ​ផ្អែកលើលំហដីគោក បានក្លាយជា​មូលដ្ឋាន​ដែលមាន​សមត្ថភាពគ្រប់គ្រង និងទាញយក​ទាំងលំហពី​ដីគោក និងលំហសមុទ្រ ដោយ​ស្របតាមស្មារតីនៃសេចក្តីសម្រេចចិត្ត​លេខ ២០ របស់គណៈកម្មាធិការ​មជ្ឈិមនីតិកាលទី ១៤ ។ ខេត្តហ៊ឹងអៀនកំពុងពង្រីកទំនាក់ទំនងរវាងដីគោក និងសមុទ្រ រវាងផលិតកម្ម និងចរាចរទំនិញ រវាងធនធានក្នុងស្រុក និងលំហូរសេដ្ឋកិច្ចក្នុងតំបន់ និងអន្តរជាតិ​ជាបណ្ដើរ​ៗ​​។ ទិសដៅនេះក៏ដាក់ចេញ​តម្រូវការលើការអភិវឌ្ឍ​ប្រកប​ដោយ​សមកាលកម្ម ទាញយកធនធានសមុទ្រប្រកបដោយប្រសិទ្ធភាព ការការពារបរិស្ថាន និង​បង្កើនគុណភាពកំណើន ដើម្បីឱ្យគុណសម្បត្តិឆ្នេរសមុទ្រក្លាយជាតម្លៃសេដ្ឋកិច្ច​ រយៈពេលវែង។

នៅក្នុងលំហអភិវឌ្ឍន៍ថ្មីនេះ ខេត្តហ៊ឹងអៀនកំពុងកសាងរចនាសម្ព័ន្ធសេដ្ឋកិច្ចជាបណ្ដើរៗ ដែលមានសមត្ថភាពតភ្ជាប់យ៉ាងទូលំទូលាយ បង្កើនសមត្ថ​ភាពប្រកួតប្រជែង និងបង្កើត​ឥទ្ធិពល​រីកសាយភាយសម្រាប់​តំបន់ទាំងមូល។ នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផែនការមេ និងវិស័យសេដ្ឋកិច្ចត្រូវបានត​ភ្ជាប់​ដោយសមកាលកម្ម សមុទ្រមិនត្រឹមតែបើកឱកាសអភិវឌ្ឍន៍ថ្មីៗប៉ុណ្ណោះទេ ថែមទាំងក្លាយជាកម្លាំងចលករសម្រាប់ខេត្តហ៊ឹងអៀន ដើម្បីពង្រឹងការតភ្ជាប់ក្នុងតំបន់ ភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារអន្តរជាតិ និងបញ្ជាក់ពីតួនាទីរបស់ខ្លួននៅក្នុងលំហសេដ្ឋកិច្ចសមុទ្រ​ភាគខាងជើង៕​

TAG
VOV/VOVWORLD/ហ៊ឹងអៀន/លំហអភិវឌ្ឍន៍/សេដ្ឋកិច្ចស​មុទ្រ

More