សកម្មភាពវប្បធម៌ និងទេសចរណ៍ដ៏សម្បូរបែបជាបន្តបន្ទាប់ដែលមានគោលបំណងផ្សព្វផ្សាយរូបភាព និងជំរុញទេសចរណ៍ក្នុងមូលដ្ឋាននឹងត្រូវបានប្រព្រឹត្តទៅក្នុងអំឡុងពេលឈប់សម្រាកនេះ។ ចំណុចលេចធ្លោគឺកម្មវិធីសិល្បៈ "មាំងដែន - សេចក្តីប្រាថ្នាស្ទុះលោតទៅឆ្ងាយ" ដែលប្រព្រឹត្តទៅនៅនាយប់ថ្ងៃទី ៣០ ខែមេសា នៅទីលានមជ្ឈមណ្ឌល រួមផ្សំជាមួយនឹងការបាញ់កាំជ្រួចនៅវេលាម៉ោង ១០ យប់នៅថ្ងៃដដែល។
លើសពីនេះ ពិធីបុណ្យតាមដងវិថីនឹងត្រូវបានរៀបចំឡើងនៅថ្ងៃទី ២៥និងថ្ងៃទី ៣០ខែមេសា និងថ្ងៃទី ១ ខែឧសភា នៅលើផ្លូវជាតិ ជាមួយនឹងសកម្មភាពក្បួនដង្ហែ ការសម្តែងគង ឃ្មោះ របាំប្រពៃណី និងការផ្លាស់ប្ដូរសិល្បៈ។ ចាប់ពីថ្ងៃទី ២៥ ខែមេសា ដល់ថ្ងៃទី ២ ខែឧសភា ប្រជុំផ្សារកសិកម្ម និងឱសថបុរាណមាំងដែន នឹងបានបង្ហាញណែនាំពីផលិតផលប្រចាំតំបន់ដូចជា បន្លែ ផ្លែឈើ ឱសថបុរាណ និងផលិតផលឃុំមួយផលិតផលមួយ (OCOP) ដោយរួមបញ្ចូលគ្នានូវការលក់ដោយផ្ទាល់ និងការផ្សាយផ្ទាល់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
នៅថ្ងៃទី ២ ខែឧសភា ពិធីបុណ្យម្ហូបអាហារប្រជុំផ្សារមាំងដែន នឹងផ្តល់ជូននូវមុខម្ហូបពិសេសៗជាច្រើនសម្រាប់បម្រើភ្ញៀវទេសចរ។ លើសពីនេះ អ្នកទស្សនាអាចទទួលបានបទពិសោធន៍កាហ្វេនៃតំបន់មានអាកាសធាតុត្រជាក់ នៅសួនសិល្បៈមាំងដែន រីករាយជាមួយម្ហូបអាហារ "រសជាតិតំបន់ខ្ពង់រាប" នៅទីតាំងទេសចរណ៍ទឹកជ្រោះ ប៉ាស៊ី ឬចូលរួមក្នុងសកម្មភាពគូរគំនូរជាមួយប្រធានបទ "មាំងដែនក្នុងក្រសែភ្នែកខ្ញុំ"...។
ទីកន្លែងស្នាក់នៅក្នុងឃុំមាំងដែនត្រូវបានកក់ស្ទើរតែពេញ សម្រាប់ថ្ងៃឈប់សម្រាកថ្ងៃទី ៣០មេសា និងថ្ងៃទី ១ ខែឧសភា។ សណ្ឋាគារ និងផ្ទះសំណាក់ជាច្រើនកំពុងជួសជុលបន្ទប់ ធ្វើឱ្យប្រសើរឡើងនូវសេវាកម្ម បន្ថែមបុគ្គលិក និងអនុវត្តកម្មវិធីធ្វើប្រូមូសិន។ ការងារធានា
អនាម័យបរិស្ថាន សុវត្ថិភាពចំណីអាហារ និងការបង្ការអគ្គីភ័យក៏កំពុងត្រូវបានយកចិត្តទុកដាក់ផងដែរ។ អ្នកស្រី ង្វៀន ធី ធុយ ត្រាង ម្ចាស់ Soc's House បាននិយាយថា៖ “គ្រឹះ ស្ថានរបស់ខ្ញុំទទួលបានការកក់ពេញពីភ្ញៀវ។ ប្រហែលមួយខែមុន គឺពេញទាំងស្រុង។ កន្លែងស្នាក់នៅរបស់ខ្ញុំក៏បានរៀបចំសេវាកម្មអមដំណើរទាំងអស់ផងដែរ ដូចជាអាហារ និងការដកពិសោធន៍សម្រាប់អ្នកទេសចរ”។
អ្នកស្រី ង្វៀន ធី ភឿង ជាអ្នកទេសចរមកពីទីក្រុងហៃផុង បានចែករំលែកអារម្មណ៍ថា៖ “ទីធ្លានិងផ្លូវនៅទីនេះស្អាតបាត។ ខ្ញុំឃើញថាបុគ្គលិកទេសចរណ៍មានការគិតគូរ និងស្វាហាប់ក្នុងការណែនាំអ្នកទេសចរ ហើយកន្លែងស្នាក់នៅក៏ស្អាតខ្លាំងផងដែរ។ ដើមឈើ និងទីធ្លាផ្តល់ឱ្យខ្ញុំនូវថាមពលវិជ្ជមានជាច្រើន។ ខ្ញុំផ្ទាល់ចង់វិលត្រលប់មកវិញដែរ”។
យោងតាមមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តក្វាងង៉ាយ ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៦ តំបន់នេះបានស្វាគមន៍ភ្ញៀវទេសចរជាង ១,៧៤ លាននាក់ កើនឡើង ៤១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ភ្ញៀវទេសចរអន្តរជាតិមានប្រមាណ ២៨.២០០ នាក់។ ក្នុងរូបភាពរួមនោះ មាំងដែនបានក្លាយជាចំណុចភ្លឺស្វាងមួយដោយបានរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទ្រង់ទ្រាយធំជាច្រើនជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំមក ដូចជា៖ សប្តាហ៍វប្បធម៌ និងទេសចរណ៍មាំងដែន និងរដូវផ្ការីកសាគូរ៉ាឆ្នាំ ២០២៦ ដែលទាក់ទាញភ្ញៀវទេសចរមួយចំនួនធំ។ ការតភ្ជាប់ទេសចរណ៍ "ព្រៃឈើ-សមុទ្រ" រវាង មាំងដែន និងគោលដៅទេសចរណ៍ដូចជា លីសើន និងសាហ្វិញ កំពុងបង្ហាញឱ្យឃើញពីប្រសិទ្ធភាពជំហានដំបូង។ លោក ង្វៀន ហ័ងយ៉ាង ប្រធានគណៈកម្មាធិការប្រជាជនខេត្តក្វាងង៉ាយ បានមានប្រសាសន៍ថា៖ “នេះគឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានសក្តានុពលបំផុតសម្រាប់ការអភិវឌ្ឍ។ តំបន់នេះមានចំនួនប្រជាជន ៩៥% ជាជនជាតិ ភាគតិចដែលមានវប្បធម៌ប្រពៃណី។ ការអភិវឌ្ឍទេសចរណ៍នៅទីនេះត្រូវបានផ្សារភ្ជាប់ទៅនឹងរឿងរ៉ាវ។ ការហូរចូលយ៉ាងច្រើននៃភ្ញៀវទេសចរនឹងនាំឱ្យមានការកើនឡើងនៃពាណិជ្ជកម្ម និងសេវាកម្ម។ អាជ្ញាធរមូលដ្ឋានត្រូវតែសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធ ដោយពិភាក្សា និងពិនិត្យឡើងវិញនូវអ្វីៗគ្រប់យ៉ាងចាប់ពីយន្តការ និងគោលនយោបាយរហូតដល់នីតិវិធី។ នៅពេលដែលយើងអង្គុយជាមួយគ្នា យើងអាចធានាបាននូវធនធានប្រកបដោយប្រសិទ្ធភាព។”
ជាមួយនឹងសកម្មភាពប្លែកៗជាច្រើន ភ្ញៀវទេសចរដែលមកទស្សនាមាំងដែនក្នុងអំឡុងថ្ងៃឈប់សម្រាកថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ១ ខែឧសភា នឹងមានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ ភ្ញៀវទេសចរមិនត្រឹមតែអាចរីករាយនឹងខ្យល់ត្រជាក់ និងរុករកព្រៃឈើបុរាណ បឹង និងទឹកជ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសម្របខ្លួនក្នុងវប្បធម៌ប្លែកៗរបស់សហគមន៍ជនជាតិភាគតិចក្នុងតំបន់ទៀតផង៕








