នៅចំកណ្តាលនៃតំបន់ព្រៃភ្នំថាញសឺន ខេត្តភូថ មានផ្ទះតូចៗ ដែលនៅតែរក្សារូបមន្តប្រពៃណីធ្វើសាច់ជ្រូកជូរ អស់ជាច្រើនជំនាន់។ គ្រឿងផ្សំសំខាន់គឺសាច់ជ្រូក ជាធម្មតាមកពីជ្រូកចិញ្ចឹមដោយធម្មជាតិក្នុងព្រៃ។ បន្ទាប់ពីជ្រើសរើសសាច់យ៉ាងល្អិតល្អន់មក សាច់ត្រូវបានហាន់ល្អិតៗ ប្រឡាក់ជាមួយគ្រឿងទេស ហើយបន្ទាប់មកលាយជាមួយម្សៅអង្ករលីងក្រអូប។
លក្ខណៈពិសេសរបស់សាច់ជ្រូកជូរថាញសឺនស្ថិតនៅក្នុងដំណើរការ ធ្វើឲ្យមានជាតិជូរធម្មជាតិ។ ដោយមិនចាំបាច់ប្រើសារធាតុរក្សាទុក ឬសារធាតុបន្ថែមឧស្សាហកម្ម សាច់នីមួយៗត្រូវបានទ្រាំក្នុងបំពង់ឫស្សី ឬធុងបិទជិតរយៈប៉ុន្មានថ្ងៃ។ នៅពេលទុំ សាច់មានរសជាតិជូរស្រាលៗ ក្លិនក្រអូបឈ្ងុយឆ្ងាញ់ និងរសជាតិប្លែកដោយឡែក។
អ្នកស្រី ហ័រ ជាអ្នកទេសចរមកពីទីក្រុងហាណូយ បន្ទាប់ពីបានស្វែងយល់ និងភ្លក់រសជាតិសាច់ជូរថាញ់សឺននៅរោងចក្រផលិត បាននិយាយថា៖ "ខ្ញុំបានភ្លក់រសជាតិសាច់ជូរនៅច្រើនកន្លែងហើយ ប៉ុន្តែសាច់ជូរថាញ់សឺន ដែលជាម្ហូបពិសេសរបស់ភូថ មានរសជាតិប្លែកដោយឡែក។ តាមអ្វីដែលខ្ញុំបានស្វែងយល់ ឃើញថា គ្រឿងទេសនៅទីនេះត្រូវបានផលិតចេញពីពោតស្អិតនៅតំបន់ខ្ពង់រាប ហើយគេប្រើសាច់ជ្រូកព្រៃ ដើម្បីធ្វើផលិតផលសាច់ជូរ។ ដូច្នេះ សាច់ជូរនៅទីនេះខុសពីកន្លែងផ្សេងទៀត"។
មិនដូចម្ហូបជាច្រើនដែលរៀបចំយ៉ាងប្រណិតទេ សាច់ជ្រូកជូរថាញ់សឺន បង្ហាញពីភាពសាមញ្ញបែបជនបទរបស់ប្រជាជនជនជាតិមឿងនៃខេត្តភូថតាំងពីសម័យបុរាណ។ ពេលទទួលទាន មនុស្សច្រើនតែញ៉ាំផ្សំជាមួយស្លឹកល្វា ស្លឹកផ្លែត្របែក ឬស្លឹកដើម ដិញ ឡាំងដោយជ្រលក់ក្នុងទឹកជ្រលក់ម្ទេស ឬទឹកត្រី។ ការរួមបញ្ចូលគ្នារវាងរសជាតិជូរស្រាលៗរបស់សាច់ រសជាតិម្សៅអង្ករលីង និងរសជាតិជូរបន្តិចនៃស្លឹកឈើព្រៃ បង្កើតបានជារសជាតិដ៏ឆ្ងាញ់ពិសារ និងមិនអាចបំភ្លេចបាន។
យោងតាមអ្នកជំនាញប្រកបមុខរបរធ្វើសាច់ជូរ ដើម្បីរក្សារសជាតិប្រពៃណី គ្រឹះស្ថានជាច្រើននៅតែរក្សាវិធីសាស្ត្រប្រពៃណី។ ជំហាននីមួយៗ ចាប់ពីការហាន់សាច់ និងលាយសាច់ជាមួយម្សៅអង្ករលីង រហូតដល់ការទ្រាំឲ្យសាច់មានរស់ជាតិជូរ ទាមទារបទពិសោធន៍ និងការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់។ លោកស្រី ត្រឹន ធិ ភឿង ថឺ អនុប្រធានក្រុមហ៊ុនសាច់ជូរ Truong Foods បានចែករំលែកថា៖ "គ្រឿងផ្សំសម្រាប់ធ្វើសាច់ជូរគឺសាមញ្ញនិងសុទ្ធ រួមទាំងសាច់គ្មានខ្លាញ់ និងស្បែកជ្រូក។ ស្បែកជ្រូកត្រូវបានជ្រើសរើសពីផ្នែកទន់ៗ ដូចជាគូទ និងចង្កេះដែលមានជាតិខ្លាញ់បន្តិច ដើម្បីឱ្យអ្នកទទួលទានអាចរីករាយជាមួយរសជាតិដ៏សម្បូរបែប និងឈ្ងុយឆ្ងាញ់ដោយមិនមានអារម្មណ៍ធុញនោះទេ"។
មិនត្រឹមតែជាម្ហូបប្រចាំថ្ងៃប៉ុណ្ណោះទេ សាច់ជូរក៏មានការផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវភាពវប្បធម៌របស់ប្រជាជនក្នុងតំបន់ទៀតផង។ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក បុណ្យទាននានា បុណ្យតេត ឬនៅពេលដែលមានភ្ញៀវ ម្ហូបនេះត្រូវបានគេលើកមកដាក់ជូនភ្ញៀវទទួលទាន ដើម្បីបង្ហាញពីភាពរួសរាយរាក់ទាក់។ មនុស្សជាច្រើន បន្ទាប់ពីបានភ្លក់សាកល្បង គឺមានអារម្មណ៍ជក់ចិត្ត ដោយរសជាតិពិសេសនេះ។ មានអ្នកទេសចរជាច្រើនក៏ទិញ ធ្វើជាអំណោយសម្រាប់សាច់ញាតិ និងមិត្តភក្តិផងដែរ។ អ្នកស្រី ធូ ធុយ ជាអ្នកទេសចរម្នាក់ដែលបានភ្លក់សាច់ជ្រូកជូរ ថាន់សឺនជាលើកដំបូង បានចែករំលែកចំណាប់អារម្មណ៍ ថា៖ "ដំបូងឡើយ ខ្ញុំស្ទាក់ស្ទើរបន្តិច ព្រោះនេះជាសាច់ដែលត្រាំទុកឲ្យជូរ។ ប៉ុន្តែនៅពេលដែលខ្ញុំញ៉ាំហើយ ខ្ញុំយល់ថា មុខម្ហូបនេះពិតជាប្លែកណាស់។ រសជាតិជូរគឺស្រាល ក្រអូប និងមិនពិបាកញ៉ាំទាល់តែសោះ។ ការញ៉ាំជាមួយស្លឹកល្វា និងជ្រលក់ក្នុងទឹកត្រីម្ទេស ឬទឹកជ្រលក់ម្ទេសហឹរគឺឆ្ងាញ់ណាស់"។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សាច់ជ្រូកជូរថាន់សឺនមិនត្រឹមតែត្រូវបានមានវត្តមាននៅក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានវត្តមាននៅក្នុងខេត្ត និងទីក្រុងជាច្រើន។ គ្រឹះស្ថានមួយចំនួនបានវិនិយោគលើដំណើរការផលិតដែលធានាសុវត្ថិភាព និងអនាម័យចំណីអាហារ ការវេចខ្ចប់ប្រកបដោយវិជ្ជាជីវៈ និងកំពុងនាំយកផលិតផលឱ្យកាន់តែខិតជិតទីផ្សារបន្តិចម្តងៗ។ រហូតមកដល់បច្ចុប្បន្ន សាច់ជ្រូកជូរថាញ់សឺន ត្រូវបានខេត្ត ភូថ ផ្តល់អាទិភាពឱ្យអភិវឌ្ឍន៍ទៅជាផលិតផល OCOP ផ្កាយ៤ (កម្មវិធី ឃុំមួយផលិតផលមួយ)។ លោកស្រី ត្រឹន ធិ ភឿង ធូ អនុប្រធានក្រុមហ៊ុនសាច់ជូរ Truong Foods បានឲ្យដឹងថែមទៀតថា៖ “ដំណើរការផលិតរបស់យើងត្រូវបានកែលម្អជាបណ្តើរៗ។ បន្ទាប់ពីសាច់ឆ្អិនបាន ៧០% យើងហាន់ជាបំណែកតូចៗ បន្ទាប់មកលាយជាមួយរូបមន្តដើម្បីធានាថា ផលិតផលមិនប្រៃ ឬស្រពិចស្រពិល និងគុណភាពមិនស្មើរនោះឡើយ។ ផលិតផលរបស់យើងបច្ចុប្បន្នមាននៅក្នុងតំបន់ទាំងបីនៃប្រទេសវៀតណាម ដោយមានសាខាលក់រាយ និងអ្នកចែកចាយទូទាំងខេត្ត ទូទាំងប្រទេស”។
ពីម្ហូបបែបស្រុកស្រែរបស់ជនជាតិមឿង សាច់ជូរថាញ់សឺន ឥឡូវនេះបានក្លាយជាម្ហូបពិសេសដ៏ល្បីល្បាញរបស់ខេត្ត ភូ ថ។ ដោយរក្សាបានទាំងស្រុងរសជាតិប្រពៃណី ខណៈពេលដែលកំពុងសម្របខ្លួនបន្តិចម្តងៗទៅនឹងទីផ្សារ មុខម្ហូបសាច់ជូរនេះមិនត្រឹមតែរួមចំណែកដល់ការបង្កើនរសជាតិម្ហូបអាហារវៀតណាមប៉ុណ្ណោះទេ ថែមទាំងបើកឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ប្រជាជនក្នុងតំបន់ទៀតផង៕








