ដោយផ្ដល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅឥណ្ឌាក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក ង្វៀន ថាញ់ហាយ បានវាយតម្លៃថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឥណ្ឌាលើកនេះ របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម មានសារៈសំខាន់យ៉ាងខ្លាំង។
“ទីមួយ ដំណើរទស្សនកិច្ចនេះមានអត្ថន័យប្រវត្តិសាស្ត្រ ព្រោះវាជាលើកដំបូងដែលអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមមួយរូប បានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌា។ ទីពីរ ដំណើរទស្សនកិច្ចប្រព្រឹត្តទៅចំពេលដែលប្រទេសទាំងពីររំលឹកខួបលើកទី ១០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (២០១៦-២០២៦)។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឥណ្ឌារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ត្រូវបានគេរំពឹងថា នឹងបង្កើតកម្លាំងចលករថ្មី បើកលំហសហប្រតិបត្តិការកាន់តែទូលំទូលាយ និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌានៅក្នុងយុគសម័យថ្មី ឲ្យសក្តិសមនឹងសក្តានុពល និងឋានៈរបស់ប្រទេសទាំងពីរនៅក្នុងតំបន់ និងពិភពលោក ព្រមទាំងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជន មូលដ្ឋាន សហគ្រាស រួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍នៃប្រទេសនីមួយៗ និងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោកផងដែរ”។
យោងតាមលោកឯកអគ្គរដ្ឋទូត ង្វៀន ថាញ់ហាយ ប្រទេសទាំងពីរផ្តល់អាទិភាពដល់ការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនវានុវត្តន៍ ដោយរួមចំណែកដល់ការសម្រេចគោលដៅនាំឲ្យវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥ និងឥណ្ឌាក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៧៕




