នៅក្នុងបរិបទនោះ តំបន់អាស៊ី-ប៉ាស៊ីហ្វិកកំពុងម្ចាស់ការរៀបចំឡើងវិញនូវកម្លាំងចលករកំណើនតាមរយៈការជំរុញការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ ការធ្វើឌីជីថលូបនីយកម្មគ្រប់ជ្រុងជ្រោយ និងការធានាស្តង់ដារនៃការប្តេជ្ញាចិត្តអភិវឌ្ឍន៍ប្រកបដោយចីរភាព សំដៅបង្កើតកម្លាំងចលករថ្មីៗដើម្បីរក្សាស្ថិរភាព និងលើកកម្ពស់វិបុលភាពរួមសម្រាប់តំបន់ទាំងមូលនៅក្នុងដំណាក់កាលបន្ទាប់។
ការឯកភាពគ្នាដែលទើបតែសម្រេចបានរវាងបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មឆ្នាំ ២០២៦ នៅទីក្រុងស៊ូចូវ ប្រទេសចិន នៅថ្ងៃទី ២២-២៣ ខែឧសភា បានបង្ហាញថា អាទិភាពបច្ចុប្បន្នមិនត្រឹមតែជាការជំរុញពាណិជ្ជកម្មប្រពៃណីប៉ុណ្ណោះទេ ថែមទាំងកំពុងពង្រីកទៅកាន់វិស័យថ្មីៗទៀតផង។
បង្កើនការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងជំរុញកំណែទម្រង់ពហុភាគី
ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កំណើននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នៅក្នុងបរិបទដែលពាណិជ្ជកម្មសកល កំពុងរងផលប៉ះពាល់ដោយនិន្នាការគាំពារនិយម និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនោះ ការរក្សាបរិយាកាសពាណិជ្ជកម្មបើកចំហត្រូវបានចាត់ទុកថា ជាកត្តាគន្លឹះដើម្បីធានាស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានសង្កត់ធ្ងន់ថា បណ្ដាខឿនសេដ្ឋកិច្ចសមាជិកបានបញ្ជាក់ជាថ្មីនូវការផ្តោតសំខាន់ទៅលើតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក (FTAAP) ដោយប្តេជ្ញាបន្តជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
“វិស័យសំខាន់ៗរួមមាន៖ ការជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក (FTAAP) ការគាំទ្រអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។ បច្ចុប្បន្ននេះ ស្ថានភាពអន្តរជាតិ កំពុងមានការប្រែប្រួល និងអស្ថិរភាពដែលប្រទាក់ក្រឡាគ្នា រួមជាមួយនឹងការកើនឡើងនៃអស្ថិរភាពខាងភូមិសាស្ត្រនយោបាយ។ ការលេចឡើងនៃឯកតោភាគីនិយម និងគាំពារនិយម កំពុងបង្កបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ដែលរំខានដល់ដំណើរការអភិវឌ្ឍន៍សកលក៏ដូចជាតំបន់អាស៊ី-ប៉ាស៊ីហ្វិក”។
ទន្ទឹមនឹងការប្តេជ្ញាចិត្តកម្រិតម៉ាក្រូរបស់រដ្ឋាភិបាល ភាគីនានាបានឯកភាពថា ការធ្វើសមាហរណកម្មត្រូវតែផ្តល់តម្លៃជាក់ស្តែងដល់លំហូរចរាចរណ៍ទំនិញ។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងវិនិយោគនូវែលសេឡង់ លោក Todd McClay បានបញ្ជាក់ថា៖“ខ្ញុំគិតថា សម្រាប់សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក អត្តចរិតនៃការធ្វើសមាហរណកម្ម ជាក់ស្ដែងគឺការលុបបំបាត់របាំង ការកាត់បន្ថយពន្ធគយ និងរបាំងមិនមែនពន្ធគយ នឹងជួយទំនិញនិងសេវាកម្មឲ្យធ្វើចរាចរណ៍ឆ្លងកាត់ព្រំដែនកាន់តែងាយស្រួល ដោយធានាបាននូវលក្ខខណ្ឌអំណោយផល និងការទទួលស្គាល់គុណភាព”។
ធ្វើឌីជីថលូបនីយកម្មពាណិជ្ជកម្ម និងពន្លឿនគំរូកំណើនបៃតង
ក្រៅពីយន្តការប្រពៃណី សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងកំពុងក្លាយជាសសរស្តម្ភស្នូលចំនួនពីរដែលបង្កើតនូវរបកគំហើញសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។ សេដ្ឋកិច្ចជាច្រើនចាត់ទុកថា ដំណើរការផ្លាស់ប្តូរទៅជាគំរូអភិវឌ្ឍន៍ដែលមានការបំភាយឧស្ម័នទាប នឹងបើកចេញវិស័យវិនិយោគ និងបច្ចេកវិទ្យាថ្មីៗក្នុងពេលដំណាលគ្នា។ លោកស្រី Minnie Ang ប្រធានសភាពាណិជ្ជកម្មសិង្ហបុរីនៅខេត្ត Jiangsu (ចិន) បានធ្វើអត្ថាធិប្បាយថា៖ “ខ្ញុំគិតថា ការផ្លាស់ប្តូរបៃតងគឺជាប្រធានបទដែលកំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង។ នេះគឺជារឿងរ៉ាវអំពីការប្តេជ្ញាចិត្តចំពោះគោលដៅអំពីរបៀបរស់នៅបៃតង ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង ស្វែងរកផែនទីបង្ហាញផ្លូវដែលមានភាពអាចធ្វើទៅរួចខ្ពស់ជាង ដើម្បីសម្រេចបានគោលដៅនោះ”។
លើសពីនេះ សហគ្រាសនានាក៏វាយតម្លៃផងដែរថា គោលនយោបាយអភិវឌ្ឍន៍បៃតងកំពុងបង្កើតសក្ដានុពលដ៏ធំធេងសម្រាប់ការវិនិយោគលើបច្ចេកវិទ្យា និងថាមពលថ្មីៗផងដែរ។ លោក John Markmann ប្រធានក្រុមហ៊ុន Grundfos ចិន បាននិយាយថា៖ “ខ្ញុំចាប់អារម្មណ៍ពិសេសចំពោះគោលនយោបាយដែលមានលទ្ធភាពជំរុញកំណើនប្រកបដោយគុណភាពខ្ពស់ និងចីរភាពនាពេលអនាគត តាមរយៈដំណើរការទាំងពីរ៖ ការកាត់បន្ថយការបំភាយឧស្ម័នកាបូន និងការកាត់បន្ថយកាតាលីករគ្រោះថ្នាក់”។
យោងតាមមជ្ឈដ្ឋានអ្នកជំនាញ ការរួមបញ្ចូលគ្នានៃការផ្លាស់ប្តូរបៃតង និងសេដ្ឋកិច្ចឌីជីថល កំពុងក្លាយជាទិសដៅថ្មី សម្រាប់សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកជាច្រើន សំដៅបង្កើតកម្លាំងចលករបន្ថែមទៀតសម្រាប់កំណើននៅក្នុងបរិបទដែលកម្លាំងចលករបែបប្រពៃណីកំពុងថយចុះប្រសិទ្ធភាព។ លោក Yuan Qian អនុប្រធានការិយាល័យស្រាវជ្រាវពាណិជ្ជកម្ម និងវិនិយោគ (បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន) បានធ្វើអត្ថាធិប្បាយថា៖ “នៅក្នុងបរិបទនៃរលកបដិវត្តន៍បច្ចេកវិទ្យា និងការផ្លាស់ប្តូរឧស្សាហកម្មថ្មីៗកំពុងកើនឡើង សន្និសីទលើកនេះបាននាំឱ្យកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលទើបលេចចេញ ដូចជាបច្ចេកវិទ្យាឌីជីថល និងការផ្លាស់ប្តូរបៃតង ក្លាយជាចំណុចស្នូលមួយ”។
ការដែលបណ្ដាខឿនសេដ្ឋកិច្ចសមាជិក APEC បន្តរក្សាទិសដៅជំរុញពាណិជ្ជកម្មបើកចំហ ការពង្រឹងការតភ្ជាប់ក្នុងតំបន់ និងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលទើបលេចចេញ បានបង្ហាញថា អាស៊ី-ប៉ាស៊ីហ្វិកកំពុងឆ្ពោះទៅរកគំរូកំណើនដែលផ្អែកកាន់តែច្រើនលើនវានុវត្តន៍ច្ចេកវិទ្យា ការអភិវឌ្ឍប្រកបដោយចីរភាព និងការតភ្ជាប់សេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។ នេះត្រូវបានចាត់ទុកថា ជាមូលដ្ឋានគ្រឹះដើម្បីឲ្យតំបន់នេះបន្តដើរតួនាទី ជាកម្លាំងចលករដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចសកល ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕







