ដំណើរទស្សនកិច្ចលើកនេះ ជួយកំណត់ដំណោះស្រាយសំខាន់ៗ អនុវត្តន៍យ៉ាងជាក់ស្ដែងនូវក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបង្កើតកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងវៀតណាម និងថៃក្នុងដំណាក់កាលថ្មី។

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម ទៅកាន់ប្រទេសថៃ ដែលបានធ្វើឡើងបន្ទាប់ពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ ប្រទេសថៃក៏ជាទីបង្អង់ដំណើរដំបូង របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអាស៊ាននានា ស្របពេលដែលប្រទេសទាំងពីរខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៧៦ - ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៦)។

ដំណើរទស្សនកិច្ចគឺជាឱកាសសម្រាប់មេដឹកនាំកំពូលនៃប្រទេសទាំងពីរ ផ្លាស់ប្តូរទស្សនៈ និងបង្កើតឱកាស និងកម្លាំងចលករថ្មីៗ ដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ ២០២៥ឲ្យមានការរីកចម្រើនកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពថែមទៀត។

ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម និងថៃ គឺជាដៃគូសំខាន់ៗរបស់គ្នាទៅវិញទៅមកនៅអាស៊ីអាគ្នេយ៍ ដែលចែករំលែកផលប្រយោជន៍យុទ្ធសាស្ត្រជាច្រើន ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍតំបន់។

នៅក្នុងបរិបទនោះ ដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម នៅប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-ថៃ។ មុននឹងដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានអះអាងថា៖

“នៅក្នុងសម័យកាលបច្ចុប្បន្ន កំណើនត្រូវតែមាននិរន្តរភាព។ ដូច្នេះ យើងត្រូវតែធានាថាទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ អភិវឌ្ឍន៍ក្នុងទិសដៅប្រកបដោយនិរន្តរភាព ដោយជំរុញការអភិវឌ្ឍបៃតង។ សម្លឹងមើលទៅអនាគត យើងបានឃើញសក្តានុពលថ្មីៗជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ដោយសារប្រទេសទាំងពីរកំពុងឆ្លងកាត់ដំណើរការផ្លាស់ប្តូរសេដ្ឋកិច្ច។ វិស័យដូចជាសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស នឹងក្លាយជាទិសដៅសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលខាងមុខ”។

ចែករំលែកទស្សនៈនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសថៃ លោក ហ្វាម វៀតហ៊ុង (Pham Viet Hung) បានឲ្យដឹងថា មូលដ្ឋានគ្រឹះនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់វៀតណាម និងថៃ បន្តពង្រីក និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវវិស័យសហប្រតិបត្តិការថ្មីៗនាពេលខាងមុខ។

“ក្រៅពីវិស័យប្រពៃណីដែលបាននិងកំពុងជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដូចជាការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ប្រទេសទាំងពីរក៏ចែករំលែកគោលដៅអភិវឌ្ឍន៍រួមផងដែរនោះគឺ ការអភិវឌ្ឍប្រកបដោយចីរភាព ឆ្ពោះទៅរកការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង ការដោះស្រាយបញ្ហាសន្តិសុខថាមពល និងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ជាពិសេសគឺកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចសមុទ្រ ការនេសាទ ថាមពលបៃតង ថាមពលស្អាត និងធានាសន្តិសុខថាមពលសម្រាប់ប្រទេសទាំងពីរ”។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម នឹងអញ្ជើញចូលរួមក្នុងសកម្មភាពជាបន្តបន្ទាប់ ដូចជា៖ ការចូលរួមពិធីអបអរសាទរខួប ៥០ឆ្នាំ នៃទំនាក់ទំនងវៀតណាម-ថៃ; ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីថៃ; ចូលគាល់ព្រះមហាក្សត្រនិងព្រះមហេសី; ជួបជាមួយប្រធានរដ្ឋសភា និងប្រធានសភាជាន់ទាប; ធ្វើជាប្រធានវេទិកាធុរកិច្ចវៀតណាម-ថៃ ជាមួយសហគ្រាសប្រមាណ ៣០០ មកពីប្រទេសទាំងពីរ។ ទាំងអស់នេះបានបង្ហាញពីសារៈសំខាន់ និងការប្តេជ្ញាចិត្តខាងនយោបាយរបស់ភាគីទាំងពីរក្នុងការជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាពជាងមុននាពេលខាងមុខ។

សារសម្រាប់តំបន់អាស៊ាន

ដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នៅប្រទេសថៃ ក៏បានផ្ញើសារមួយអំពីតួនាទីរបស់វៀតណាមនិងថៃក្នុងការជំរុញសហគមន៍អាស៊ានដែលមានសាមគ្គីភាព និងភាពធន់ផងដែរ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានចាត់ទុកថា៖

“អាស៊ានបច្ចុប្បន្នកំពុងស្ថិតនៅចំណុចប្រសព្វជាយុទ្ធសាស្ត្រ។ យើងសម្រេចបានសមិទ្ធផលជាច្រើននៅក្នុងអតីតកាល ប៉ុន្តែក៏កំពុងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនផងដែរ។ យើងត្រូវពង្រឹងឯកភាពនិងមជ្ឈភាពរបស់អាស៊ាន។ ប្រទេសថៃនិងវៀតណាមមានទស្សនៈដូចគ្នាអំពីតំបន់ និងទស្សនៈដូចគ្នាអំពីអាស៊ាន។ ដូច្នេះ នេះជាពេលវេលា ដែលយើងត្រូវជំរុញតំបន់និយមនៅក្នុងអាស៊ាន ដើម្បីធានាសន្តិភាព និងវឌ្ឍនភាព និងដើម្បីរក្សាឲ្យអាស៊ានជា "តំបន់សុវត្ថិភាព" ពីការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ”។

ដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ទៅកាន់ប្រទេសថៃ មិនត្រឹមតែបើកចេញកម្លាំងចលករថ្មីសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងអះអាងនូវការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងសាមគ្គីភាព និងភាពធន់អាស៊ាន ហើយរក្សាមជ្ឈភាពអាស៊ាននៅក្នុងរចនាសម្ព័ន្ធតំបន់ទៀតផង៕