VOV WorldVOV World
កិច្ចពិភាក្សាវៀតណាម-កូរ៉េខាងត្បូង៖ ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ
22/04/2026 13:00
[VOVWORLD] - បន្ទាប់ពីកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ចំនួន ១២ រវាងវៀតណាម និងកូរ៉េខាងត្បូង។
កិច្ចពិភាក្សាវៀតណាម-កូរ៉េខាងត្បូង៖ ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ
260422 am 22.jpg ទិដ្ឋភាពនៃកិច្ចពិភាក្សា។ (រូបថត៖ VNA) នៅក្នុងកិច្ចពិភាក្សាដែលបានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមេសា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង បានឯកភាពគ្នាលើខ្លឹមសារសហប្រតិបត្តិការសំខាន់ៗជាច្រើន រួមទាំងការខិតខំសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០៣០។ លោកប្រធានាធិបតី លី ជេម្យុង បានសម្ដែងនូវគោលបំណងថា កូរ៉េខាងត្បូងនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសវៀតណាម។ មេដឹកនាំទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាពិសេសក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ទូរគមនាគមន៍ សន្តិសុខតាមអ៊ីនធឺណិត និងការផ្លាស់ប្តូរឌីជីថល។ ភាគីទាំងពីរបានឯកភាពគ្នាបន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគមន៍ប្រជាពលរដ្ឋនៃប្រទេសនីមួយៗដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសមួយផ្សេងទៀត រួមទាំងគ្រួសារពហុវប្បធម៌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងមូលដ្ឋាននានាផងដែរ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានស្នើឱ្យកូរ៉េខាងត្បូងជួយគាំទ្រវៀតណាមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងឧស្សាហកម្មកម្សាន្ត ចែករំលែកបទពិសោធន៍ក្នុងការផ្សព្វផ្សាយទេសចរណ៍ និងផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី។ មេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានចែករំលែកចក្ខុវិស័យយុទ្ធសាស្ត្ររួមស្តីពីការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត ដោយធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២) ហើយសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញសន្តិភាពនៅលើឧបទ្វីបកូរ៉េផងដែរ។ បន្ទាប់ពីកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ចំនួន ១២ រវាងវៀតណាម និងកូរ៉េខាងត្បូង៕
TAG
VOV/VOVWORLD/កិច្ចពិភាក្សា/វៀតណាម/កូរ៉េខាងត្បូង/ដំណើរទស្សនកិច្ច/អគ្គលេខាបក្ស/ប្រធានរដ្ឋ

More