នាំទំនាក់ទំនងវៀតណាម-ចិនឡើងកម្រិតថ្មី
18/04/2026 08:34
[VOVWORLD] - នាល្ងាចថ្ងៃទី១៧ ខែមេសា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិនចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ីជីន ពីង។

260418_fm_02.jpeg រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហោយ ទ្រុង ឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។ រូបថត៖ VOV នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានទាក់ទងនឹងលទ្ធផលនៃដំណើរទស្សនកិច្ចនៅចិនរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហោយ ទ្រុង បានថ្លែងថា ដំណើរទស្សនកិច្ចនេះត្រូវបានភាគីទាំងពីរបញ្ជាក់ថា ជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់បំផុតនៃទំនាក់ទំនងវៀតណាម-ចិនក្នុងឆ្នាំ២០២៦។ ថ្នាក់ដឹកនាំកំពូលទាំងពីររូបនៃបក្សទាំងពីរ និងប្រទេសទាំងពីរ បានឯកភាពនិងសម្រេចបានទិសដៅសំខាន់ៗនៃការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ចិនឡើងកម្រិតថ្មី។ លើវិស័យនយោបាយ ភាគីទាំងពីរបានឯកភាពបង្កើនដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងរដ្ឋទាំងពីរ; ពង្រីកប្រសិទ្ធិភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់លើកាណាល់បក្ស រដ្ឋាភិបាល រដ្ឋសភា រណសិរ្សមាតុភូមិ និងអង្គការនយោបាយ និងសង្គមផ្សេងទៀត...។ ក្នុងឱកាសនេះ វៀតណាមនិងចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៣២ លើវិស័យជាច្រើន ដូចជាការទូត ផ្លូវដែក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ល។ រដ្ឋមន្ត្រីការបរទេស លោក ឡេ ហោយ ទ្រុង បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ គឺជាការបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធ និងប្រពៃណីរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ; បញ្ជាក់ពីការប្តេជ្ញាចិត្ត និងដាក់ចេញចក្ខុវិស័យ និងទិសដៅរួមរបស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី នាំទំនាក់ទំនងដ៏សំខាន់នេះកាន់តែជាក់ស្តែងក្នុងការបំពេញតម្រូវការ និងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរក្នុងយុគសម័យថ្មី។ រដ្ឋមន្ត្រីការបរទេស លោក ឡេ ហោយ ទ្រុង បានអះអាងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយសម្រេចបានលទ្ធផលដ៏សម្បូរបែប និងសំខាន់ក្នុងការបង្កើតមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាលើកកម្ពស់ទំនាក់ទំនងវៀតណាម-ចិនដល់កម្រិតថ្មី៕
TAG
VOV/VOVWORLD/ទំនាក់ទំនង/វៀតណាម/ចិន/ដំណើរទស្សនកិច្ច
Related





