មជ្ឈដ្ឋានមន្ត្រីអ៊ីរ៉ង់បានច្រានចោលព័ត៌មានដែលថា លោកប្រធានាធិបតី Masoud Pezeshkian បានដាក់លិខិតលាលែងពីតំណែងទៅមេដឹកនាំកំពូល Mojtaba Khamenei។ ប្រទេសនេះក៏បានបញ្ជាក់ផងដែរថា ការចរចាសន្តិភាពជាមួយសហរដ្ឋអាមេរិកស្តីពីការបញ្ចប់សង្គ្រាមនៅតែកំពុងប្រព្រឹត្តទៅ។
សេចក្តីប្រកាសដែលច្រានចោលព័ត៌មានទាក់ទងនឹងការលាលែងពីតំណែងរបស់លោកប្រធានាធិបតី Masoud Pezeshkian ត្រូវបានលោក Elias Hazrati ប្រធានក្រុមប្រឹក្សាព័ត៌មានរដ្ឋាភិបាលអ៊ីរ៉ង់ បង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម X នៅយប់ថ្ងៃទី ៣១ ខែឧសភា។ មន្ត្រីអ៊ីរ៉ង់បានអះអាងថា ព័ត៌មានដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច គឺជាការប្រឌិតទាំងស្រុង សំដៅបំបែកបំបាក់និងបង្កឱ្យមានភាពចលាចលនៅក្នុងប្រទេសអ៊ីរ៉ង់។
ទាក់ទងនឹងដំណើរការចរចារវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់នៅយប់ថ្ងៃទី ៣១ ខែឧសភាថា ទំនាក់ទំនងនិងការផ្លាស់ប្តូររវាងភាគីទាំងពីរនៅតែកំពុងប្រព្រឹត្តទៅ។ ក្នុងពេលជាមួយគ្នានោះ ប្រធានរដ្ឋសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានប្រកាសនៅរសៀលថ្ងៃទី ៣១ ខែឧសភាថា អ៊ីរ៉ង់នឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយជាមួយសហរដ្ឋអាមេរិកទេ ប្រសិនបើវាមិនធានាសិទ្ធិ និងផលប្រយោជន៍របស់អ៊ីរ៉ង់។ មជ្ឈដ្ឋានមន្ត្រីអ៊ីរ៉ង់បានបញ្ជាក់ម្តងហើយម្តងទៀតថា ប្រទេសនេះនឹងការពាររហូតដល់ទីបញ្ចប់នូវសិទ្ធិអភិវឌ្ឍន៍នុយក្លេអ៊ែរស៊ីវិល កម្មវិធីអាវុធសម្រាប់ការពារខ្លួន និងផលប្រយោជន៍របស់ខ្លួនទាក់ទងនឹងច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សែនសំខាន់របស់ពិភពលោក៕




