សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ដោយផ្អែកលើក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រកម្រិតយខ្ពស់ រវាងវៀតណាម-ហ្វីលីពីន មេដឹកនាំទាំងពីរបានយល់ព្រមអនុវត្តជាប្រចាំនូវយន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការទ្វេភាគីនៅគ្រប់កម្រិត រួមទាំងគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) អនុគណៈកម្មការពាណិជ្ជកម្មវៀតណាម-ហ្វីលីពីន (JTC) ការសន្ទនាការពារជាតិនិងសន្តិសុខ និងការពិគ្រោះយោបល់លើបញ្ហាសមុទ្រនិងមហាសាគរ ដើម្បីកំណត់និងជំរុញសក្តានុពលបំពេញបន្ថែមគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
មេដឹកនាំទាំងពីររូបបានសម្តែងពីបំណងចង់សម្រេចលើសពីគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ១០ ពាន់លានដុល្លារអាមេរិក តាមរយៈការពង្រីកឱកាសពាណិជ្ជកម្មទ្វេភាគី កែលម្អសមត្ថភាពឈានចូលទីផ្សារ និងកាត់បន្ថយឧបសគ្គពាណិជ្ជកម្ម និងវិនិយោគ។ ទន្ទឹមនឹងនោះ បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការ ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល បច្ចេកវិទ្យាថ្មី និងថាមពលថ្មី។
មេដឹកនាំទាំងពីរបានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការអភិវឌ្ឍទេសចរណ៍ ដោយឯកភាពលើការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ ការការពារបរិស្ថាន ជលសាស្ត្រ ការតភ្ជាប់នវាចរណ៍ និងការអភិរក្សដែនទឹកអន្តរជាតិ។
ភាគីទាំងពីរបានពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិ វេជ្ជសាស្ត្រយោធា ឡូជីស្ទិកយោធា ពាណិជ្ជកម្មការពារជាតិ ការស្វែងរក និងជួយសង្គ្រោះ ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ (HADR) សន្តិសុខនាវាចរណ៍ និងអាកាសចរណ៍ ការប្រយុទ្ធប្រឆាំងភេរវកម្ម និងការរក្សាសន្តិភាព។
ភាគីទាំងពីរក៏បានបញ្ជាក់ជាថ្មីនូវការសន្យាបង្កើតលក្ខ័ណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅហ្វីលីពីន និងប្រជាជនហ្វីលីពីននៅវៀតណាម បានរស់នៅ ធ្វើការ និងសិក្សាដោយផ្អែកលើច្បាប់នៃប្រទេសនីមួយៗ និងទម្លាប់អន្តរជាតិ៕





