អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នាថ្ងៃទី ១ខែមិថុនា បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ហ្វីលីពីន ហើយដំណើរទស្សនកិច្ចនេះក៏បានសម្គាល់ចុងបញ្ចប់នៃដំណើរទស្សនកិច្ចទៅកាន់បណ្តាដៃគូសំខាន់ៗនៅអាស៊ីអាគ្នេយ៍ រួមមាន៖ ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ព្រះរាជាណាចក្រថៃ ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសសិង្ហបុរី និងថ្លែងសុន្ទរកថាសំខាន់នៅក្នុងកិច្ចសន្ទនា Shangri-La។ ភាពជោគជ័យនៃដំណើរទស្សនកិច្ចនេះបានពង្រឹងទំនាក់ទំនងរវាងវៀតណាម និងប្រទេសទាំងនេះយ៉ាងខ្លាំងក្លា ខណៈពេលដែលក៏លើកកម្ពស់តួនាទី និងកិត្យានុភាពរបស់វៀតណាមនៅក្នុងតំបន់ផងដែរ។

លទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បានអនុវត្តន៍ជាក់ស្តែងនូវការរំពឹងទុកជាច្រើន។ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រស្រដៀងគ្នា សេចក្តីប្រាថ្នារួមសម្រាប់ការអភិវឌ្ឍ និងការតភ្ជាប់យ៉ាងរឹងមាំរវាងវៀតណាមជាមួយ ថៃ សិង្ហបុរី និងហ្វីលីពីន នឹងបន្តជាដៃគូសំខាន់ៗរបស់គ្នាទៅវិញទៅមក ដោយរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

បង្កើតសន្ទុះបន្ថែមទៀតសម្រាប់ទំនាក់ទំនងវៀតណាមជាមួយថៃ សិង្ហបុរី និងហ្វីលីពីន

ដោយធ្វើឡើងនៅក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-ថៃ និងវៀតណាម-សិង្ហបុរីទើបត្រូវបានដំឡើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលថ្មីៗនេះ ហើយវៀតណាមកំពុងប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងការទូតជាមួយប្រទេសថៃ និងហ្វីលីពីននៅឆ្នាំនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម និងថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានធ្វើកិច្ចពិភាក្សាយ៉ាងទូលំទូលាយលើទិសដៅសំខាន់ៗ ដើម្បីអនុវត្តក្របខ័ណ្ឌសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដោយហេតុនេះបង្កើតសន្ទុះបន្ថែមទៀតសម្រាប់ទំនាក់ទំនងរបស់វៀតណាមជាមួយប្រទេសទាំងបីក្នុងរយៈពេលខាងមុខ។

នៅប្រទេសថៃ ប្រទេសទាំងពីរសម្រេចបានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន ជាពិសេសផែនការសកម្មភាពសម្រាប់ការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដំណាក់កាល ២០២៦-២០៣១ ដោយកំណត់គោលដៅពាណិជ្ជកម្មទ្វេភាគីសម្រេចបានចំនួន ២៥ ពាន់លានដុល្លារអាមេរិក។ ប្រការនេះបង្ហាញថា ទំនាក់ទំនងទ្វេភាគី កាន់តែមានសារៈសំខាន់ និងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកនៅក្នុងបរិបទនៃការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល។

ការដែលប្រទេសទាំងពីរបានប្រកាសជាផ្លូបការឡូហ្គោដែលរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងការទូតថៃ-វៀតណាម ដែលមានប្រធានបទ "អភិវឌ្ឍន៍ជាមួយគ្នា" ឆ្លុះបញ្ចាំងពីមិត្តភាពដ៏ជ្រាលជ្រៅ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកាន់តែខ្លាំងឡើងនៅទូទាំងវិស័យ។

ទន្ទឹមនឹងនេះ សារផ្សព្វផ្សាយយុទ្ធសាស្ត្រ “ការតភ្ជាប់បី” (ផលិតកម្ម – ហេដ្ឋារចនាសម្ព័ន្ធ – ការផ្លាស់ប្តូរ) សំដៅជំនះពុះពារលើវិស័យសហប្រតិបត្តិការដែលបែកបាក់ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកសិក្សា និងសហគមន៍ធុរកិច្ច។ លោក Suwatchai Songwanich – អគ្គលេខាធិការនៃសមាគមមិត្តភាពវៀតណាម-ថៃ បានសង្កត់ធ្ងន់ថា៖

“យុទ្ធសាស្ត្រ “ការតភ្ជាប់បី” បានគូសបញ្ជាក់ពីផ្លូវច្បាស់លាស់មួយសម្រាប់ប្រទេសទាំងពីរ ចាប់ពីការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការអភិវឌ្ឍអាជីវកម្មមូលដ្ឋាន រហូតដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

ទីមកដល់បន្តគឺសិង្ហបុរីក៏គូសញ្ញាសម្គាល់សំខាន់ៗជាប្រវត្តិសាស្ត្រផងដែរ។ បរិមាណនៃជំនួបពិភាក្សាជាន់ខ្ពស់ក្នុងដំណើរទស្សនកិច្ចនេះ បានបង្ហាញពីការប្តេជ្ញាចចិត្តរបស់ថ្នាក់ដឹកនាំភាគីទាំងពីរ ដើម្បីលើកកម្ពស់ការអនុវត្តខ្លឹមសារនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាព។ ដំណើរទស្សនកិច្ចនេះ បានផ្តល់លទ្ធផលជាក់ស្តែងជាច្រើន។ ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងគ្នាក្នុងការពង្រឹងទំនាក់ទំនងបន្ថែមទៀតលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរបៃតង ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍធនធានមនុស្ស។ ដូចដែលលោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹមថ្លែងនៅក្នុងវេទិកាការតភ្ជាប់បច្ចេកវិទ្យាវៀតណាម-សិង្ហបុរី (ថ្ងៃទី ២៩ ខែឧសភា) ភាគីទាំងពីរកំពុងនៅចំពោះមុខឱកាសដ៏ល្អមួយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទៅក្នុងវិស័យដែលមានចំណេះដឹង និងខ្លឹមសារបច្ចេកវិទ្យាខ្ពស់ជាង។

“ប្រការដែលយើងមានគោលបំណងឆ្ពោះទៅ មិនមែនគ្រាន់តែជាការទទួលបានបច្ចេកវិទ្យានោះទេ ប៉ុន្តែជាការអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យារួមគ្នា; មិនមែនគ្រាន់តែកិច្ចសហប្រតិបត្តិការរយៈពេលខ្លីនោះទេ ប៉ុន្តែរួមគ្នាបង្កើតតម្លៃថ្មីដែលអាចចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក។ ក្រៅពីវេទិកាបណ្តាញទំនាក់ទំនង គោលដៅគឺដើម្បីបង្កើតជាបណ្តើរៗនូវលំហសហប្រតិបត្តិការបច្ចេកវិទ្យាវៀតណាម-សិង្ហបុរី ដែលចំណេះដឹង ទិន្នន័យ បច្ចេកវិទ្យា និងធនធានមនុស្សមានគុណភាពខ្ពស់ត្រូវបានភ្ជាប់គ្នាយ៉ាងមានប្រសិទ្ធភាព ដើម្បីបង្កើតផលិតផល និងដំណោះស្រាយបច្ចេកវិទ្យាដែលមានតម្លៃក្នុងតំបន់ និងអន្តរជាតិ”។

ភាគីទាំងពីរបានធ្វើជាសាក្សីនៃការចុះហត្ថលេខា និងការប្រកាសឯកសារសហប្រតិបត្តិការជាច្រើនរវាងក្រសួង វិស័យ និងមូលដ្ឋាន។ ជាពិសេស ការរួមបញ្ចូលទាំងការលើកកម្ពស់គំរូសួនឧស្សាហកម្មវៀតណាម-សិង្ហបុរីជំនាន់ថ្មី (VSIP 2.0) ដោយផ្តោតលើបច្ចេកវិទ្យាខ្ពស់ បៃតង និងបច្ចេកវិទ្យាឆ្លាតវៃ។

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២៦ – ដែលជាចំណតចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម – ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងទំនាក់ទំនងទ្វេភាគី ដែលកើតឡើងនៅពេលដែលប្រទេសទាំងពីរខិតជិតដល់ខួបលើកទី៥០ នៃទំនាក់ទំនងការទូត។ នេះជាលើកដំបូងក្នុងរយៈពេលកន្លះសតវត្សរ៍ ដែលប្រមុខបក្ស និងរដ្ឋវៀតណាមបានមកបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់របស់វៀតណាមចំពោះប្រទេសហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយ ដែលធ្វើឱ្យទំនាក់ទំនងទាំងនោះកាន់តែមានស្ថិរភាព ចីរភាព និងមានសារៈសំខាន់។ លទ្ធផលនៃដំណើរទស្សនកិច្ចនេះនឹងកំណត់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីមិនត្រឹមតែក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់រយៈពេលប្រាំទសវត្សរ៍ខាងមុខ និងរយៈពេលបន្តបន្ទាប់ទៀត។

សញ្ញាសម្គាល់ខ្លាំងក្លាត្រូវបានបន្សល់ទុកនៅកិច្ចសន្ទនា Shangri-La

ចំណុចសំខាន់មួយនៃដំណើរទស្សនកិច្ចនេះគឺសុន្ទរកថារបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមក្នុងកិច្ចសន្ទនា Shangri-La ឆ្នាំ ២០២៦ នៅប្រទេសសិង្ហបុរី។ យោងតាមអ្នកប្រាជ្ញ សារលេចធ្លោនៅក្នុងសុន្ទរកថាសំខាន់របស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម គឺជាការអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើការរួមគ្នាដើម្បីដោះស្រាយវិបត្តិទំនុកចិត្តជាយុទ្ធសាស្ត្រ ពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងបន្តរក្សាតួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងពិភពលោក។ ទស្សនៈទាំងនេះត្រូវបានចាត់ទុកថា សមស្របនឹងតម្រូវការបន្ទាន់របស់ពិភពលោកនាពេលបច្ចុប្បន្ន ដែលកំពុងប្រឈមមុខនឹងហានិភ័យនៃការបែកបាក់ និងការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើង។ លោក Richard Marles ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី បានវាយតម្លៃថា៖

"ខ្ញុំបានកត់សម្គាល់ជាពិសេសអំពីចំណុចសម្គាល់នៅក្នុងសុន្ទរកថារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ ស្តីពីសារៈសំខាន់នៃច្បាប់សម្រាប់ប្រទេសរបស់យើង ហើយប្រការនោះស្របគ្នាយ៉ាងល្អជាមួយនឹងរបៀបដែលយើងមើលឃើញពីសារៈសំខាន់នៃច្បាប់រួម។ ហើយក្នុងន័យនោះ យើងមានអារម្មណ៍ថា មានការសម្របសម្រួលជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងរវាងអូស្ត្រាលី និងវៀតណាម។ ខ្ញុំបានជួបទ្វេភាគីជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងជាមួយឧត្តមសេនីយ៍ ផាន វ៉ាន យ៉ាង - សមភាគីរបស់ខ្ញុំដែលខ្ញុំបានជួប និងធ្វើការជាមួយច្រើនដង។ ខ្ញុំគិតថា ចំណុចមួយទៀតដែលខ្ញុំចង់លើកឡើងទាក់ទងនឹងសុន្ទរកថារបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម គឺការសង្កត់ធ្ងន់ លើសារៈសំខាន់នៃការអភិវឌ្ឍមនុស្សទាក់ទងនឹងសន្តិសុខ។ ហើយនោះជាការពិតទាំងស្រុង”។

ពីកិច្ចសន្ទនា Shangri-La ២០២៦ សារដែលវៀតណាមកំពុងផ្ញើគឺជាសារនៃការសន្ទនា ការទទួលខុសត្រូវ និងការកសាងទំនុកចិត្ត។ ប្រការនេះបង្ហាញថា វៀតណាមមិនមែនគ្រាន់តែជាប្រទេសចូលរួមនោះទេ ប៉ុន្តែកំពុងចូលរួមចំណែកយ៉ាងសកម្មដោយការបង្កើតវិធីសាស្រ្តនៃកិច្ចសហប្រតិបត្តិការសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕