VOV WorldVOV World
UN អំពាវនាវឱ្យពិភពលោកជួយឧបត្ថម្ភប្រទេសលីបង់ជំនះពុះពារលើវិបត្តិសេដ្ឋកិច្ច
20/12/2021 08:27
(VOVWORLD) - នៅថ្ងៃទី ១៩ ខែធ្នូ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសលីបង់ ក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសនេះ។
UN អំពាវនាវឱ្យពិភពលោកជួយឧបត្ថម្ភប្រទេសលីបង់ជំនះពុះពារលើវិបត្តិសេដ្ឋកិច្ច
ប្រធានាធិបតីលីបង់ លោក Michel Aoun (ស្ដាំ) និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក្នុងជំនួបនៅវិមានប្រធានាធិបតី ទីក្រុង Baabda ភាគខាងកើតក្រុង Beirut កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ AFP) អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ជាមួយប្រធានាធិបតីលីបង់លោក Michel Aoun អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres បានលើកច្បាស់ថា អង្គការសហប្រជាជាតិតែងតែប្រកៀកស្មាជាមួយប្រជាជនលីបង់។ ប្រមុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យប្រទេសជាសមាជិកទាំងអស់ ក៏ដូចជាសហគមន៍អន្តរជាតិ បង្កើនជំនួយឧបត្ថម្ភចំពោះលីបង់ ពីព្រោះលីបង់ក៏កំពុងស្ថិតក្នុងស្ថានភាពលំបាកខ្លាំងដែរ។ យោងតាមលោកអគ្គលេខាធិការ អ.ស.ប ប្រការសំខាន់នោះគឺ លីបង់ត្រូវសម្រេចឲ្យបានកិច្ចព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីចាប់ផ្តើមកម្មវិធីសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ក៏ដូចជាបង្កលក្ខណៈសម្រាប់ការស្តារឡើងវិញនៃប្រទេសលីបង់។ រីឯខ្លួនវិញ លោកប្រធានាធិបតី Michel Aoun បានឲ្យដឹងថា អាជ្ញាធរលីបង់កំពុងពន្លឿនផែនការចាប់ផ្តើមខឿនសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាអនុវត្តកំណែទម្រង់សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងនយោបាយ។ លោកប្រធានាធិបតី Michel Aoun បានសម្តែងក្តីសង្ឃឹមថា ការបោះឆ្នោតនីតិបញ្ញត្តិរបស់ប្រទេសលីបង់នៅខែមីនា ឆ្នាំ ២០២២ នឹងបានប្រព្រឹត្តិទៅ ប្រកបដោយមាន "តម្លាភាពនិងយុត្តិធម៌"។ ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកអគ្គលេខាធិការ Guterres គ្រោងនឹងអញ្ជើញទៅទស្សនាទីតាំងកើតហេតុនៃការផ្ទុះនៅកំពង់ផែ Beirut និងចំណាយមួយនាទីសម្រាប់រំលឹកវិញ្ញាណក្ខន្ឌ ជនរងគ្រោះ។ លោកក៏នឹងទៅទស្សនាទីក្រុងទ្រីប៉ូលី ភាគខាងជើងប្រទេសលីបង់និងទស្សនា កងកម្លាំងរក្សាសន្តិភាពរបស់ អ.ស.ប នៅប្រទេសលីបង់ (UNIFIL) នៅភាគខាងត្បូងនៃប្រទេសលីបង់៕