ដោយមានទេសភាពធម្មជាតិដ៏ស្រស់បំព្រង អត្តសញ្ញាណវប្បធម៌ជនជាតិដ៏វិសេសវិសាល និងប្រព័ន្ធកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រសម្បូរបែប ជាពិសេសសមរភូមិឌៀនបៀនភូ ខេត្តឌៀនបៀន (Dien Bien) កំពុងឈរនៅចំពោះមុខឱកាសនៃការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។ ពីអាស័យដ្ឋានប្រវត្តិសាស្ត្រ ខេត្តឌៀនបៀន ឆ្ពោះទៅរកការក្លាយជាមជ្ឈមណ្ឌលទេសចរណ៍នៃការចងចាំអនុស្សាវរីយ៍ បទពិសោធន៍ប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសវៀតណាមក៏ដូចជាតំបន់។
ដោយមានព្រំដែនជាប់ប្រទេសចិននិងឡាវ ខេត្តឌៀនបៀន ដែលជាតំបន់ប៉ូលខាងលិចនៃប្រទេសវៀតណាម គឺជាជម្រករបស់ក្រុមជនជាតិចំនួន ១៩។ ប្រការនេះបង្កើតជាបរិយាកាសចម្រុះពណ៌ ដែលភូមិនីមួយៗ តំណាងឲ្យបទពិសោធន៍វប្បធម៌រស់នៅប្លែកៗ ដែលអំណោយផលដល់ការអភិវឌ្ឍទេសចរណ៍សហគមន៍។ នៅទីនេះ អ្នកទេសចរមានឱកាសស្វែងយល់អំពីផ្ទះជញ្ជាំងដីបែបប្រពៃណី រីករាយជាមួយម្ហូបអាហារដ៏ពិសេសរបស់ជនជាតិ Ha Nhi ចូលរួមរាំរបាំ Xoe ប្រពៃណីរបស់ជនជាតិថៃ ឬចូលរួមជាមួយជនជាតិឡាវក្នុងការត្បាញក្រណាត់ចរបាប់ដ៏ប្រណិត... កំណប់វប្បធម៌ចម្រុះ និងទេសភាពធម្មជាតិដ៏ស្រស់បំព្រង គឺជាចំណុចទាក់ទាញមួយរបស់ខេត្តឌៀនបៀន។ លោក ដាំង មិញភឿង ប្រធានការិយាល័យផ្សព្វផ្សាយទេសចរណ៍ មជ្ឈមណ្ឌលផ្សព្វផ្សាយវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្តឌៀនបៀន បានឲ្យដឹងថា៖
«ជាមួយនឹងការលាយឡំគ្នា និងការអភិរក្សតម្លៃវប្បធម៌ប្រពៃណីដើមរបស់ក្រុមជនជាតិចំនួន ១៩ ក្រុម វាបានបង្កើតឡើងភាពទាក់ទាញពិសេសសម្រាប់វិស័យទេសចរណ៍សហគមន៍ និងបទពិសោធន៍មនុស្សសាស្ត្រ។ ទាក់ទងនឹងទេសចរណ៍អត្តសញ្ញាណជនជាតិនិងទេសចរណ៍ទេសភាព នោះគឺជាបទពិសោធន៍នៃបរិយាកាសរស់នៅ ទំនៀមទម្លាប់សុទ្ធសាធ ពិធីបុណ្យដើម ដែលលាយឡំគ្នានៅក្នុងលំហទេសភាពធម្មជាតិដ៏អស្ចារ្យ»។
សមរភូមិឌៀនបៀនភូ គឺជាសក្ខីភាពដ៏រស់រវើកនៃការតស៊ូជាអព្ភូតហេតុ និងជ័យជម្នះដ៏ត្រចះត្រចង់របស់កងទ័ព និងប្រជាជនវៀតណាម។ ពីទឹកដីដែលរក្សាការចងចាំវីរភាព សមរភូមិឌៀនបៀនភូ កំពុងក្លាយជាទីកន្លែងសម្រាប់ការពិសោធន៍ប្រវត្តិសាស្ត្រ នៅពេលដែលប្រព័ន្ធកន្ត្រកខ្សែកាបដោយរួមបញ្ចូលគ្នានូវទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រឌៀនបៀនភូ ត្រូវបានបើកការសាងសង់។ តំបន់នេះមានផ្ទៃដីសរុបជាង ៣៥ ហិកតា ដែលលាតសន្ធឹងពាសពេញឃុំពីរគឺ Muong Phang និង Pu Nhi។ ចំណុចខ្ពស់បំផុតស្ថិតនៅលើកំពូលភ្នំ Pú Tó Cọ (កម្ពស់ជិត ១៧០០ ម៉ែត្រ) ដែលធ្លាប់ជាប៉ុស្តិ៍សង្កេតការណ៍របស់នាយឧត្តមសេនីយ៍ វ៉ ង្វៀនយ៉ាប ក្នុងយុទ្ធនាការឌៀនបៀនភូ ក្នុងឆ្នាំ ១៩៥៤។ ទីនេះត្រូវបានកំណត់ដូចជា "សារមន្ទីរបើកចំហ" នៅកណ្តាលព្រៃឈើដ៏ធំល្វឹងល្វើយភាគពាយ័ព្យវៀតណាម ដែលផ្តល់នូវបទពិសោធន៍ដ៏ច្នៃប្រឌិតដោយផ្អែកលើជម្រៅនៃវប្បធម៌ និងប្រវត្តិសាស្ត្រ។ លោក ដាំង មិញទ្រឿង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Sun Group បានមានប្រសាសន៍ថា៖
«គ្មានកន្លែងណាលើពិភពលោកដែលមានសមរភូមិដូច ឌៀនបៀនភូ នោះទេ។ ជាមួយនឹងរឿងរ៉ាវដែលភ្ជាប់អារម្មណ៍ជាមួយអ្នកទេសចររាប់លាននាក់មកពីសហរដ្ឋអាមេរិក បារាំង ជប៉ុន រហូតដល់វៀតណាម យើងជឿជាក់ថា នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគ ផលិតផលទេសចរណ៍ត្រូវបានអភិវឌ្ឍន៍ជាប្រព័ន្ធ ហើយយន្តការគោលនយោបាយពិសេសដោយឡែក ត្រូវបានរចនាឡើងឱ្យមានភាពរឹងមាំគ្រប់គ្រាន់ ឌៀនបៀន នឹងក្លាយជាកន្លែងមួយដែលទាក់ទាញអ្នកទេសចរមកពីជុំវិញពិភពលោក មិនត្រឹមតែមកទស្សនាប៉ុណ្ណោះទេ ថែមទាំងដើម្បីស្វែងយល់អំពីវីរភាព និងស្មារតីរបស់ប្រទេសវៀតណាមទៀតផង»។
ខេត្ត ឌៀនបៀន បានយកចិត្តទុកដាក់ និងអនុវត្តន៍ការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ សាងសង់សារមន្ទីរឌីជីថល បង្កើតបទពិសោធន៍ការពិតនិម្មិតនៅតាមកេរ្តិ៍ដំណែល ផ្សព្វផ្សាយនៅលើវេទិកាឌីជីថល និងអភិវឌ្ឍន៍ទេសចរណ៍ឆ្លាតវៃ។ នៅពេលអនាគត ទេសចរណ៍ ឌៀនបៀន នឹងមិនត្រឹមតែប្រកួតប្រជែងដោយទេសភាពដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងដោយសមត្ថភាពបង្កើតបទពិសោធន៍ ផ្ទាល់ខ្លួនសម្រាប់អ្នកទេសចរទៀតផង។ លោក Phan Tam អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានមានប្រសាសន៍ថា៖
«ខេត្តឌៀនបៀន មិនខ្វះធនធានទេ ប៉ុន្តែវាត្រូវការនិទានរឿងរួបរួមមួយដើម្បីតភ្ជាប់ប្រវត្តិសាស្ត្រអត្តសញ្ញាណជនជាតិ ផ្កាជើងគោ ស្មារតីឌៀនបៀន វប្បធម៌តំបន់ព្រំដែន និងសេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍថ្មី។ ខេត្តឌៀនបៀនគឺស័ក្តិសមបំផុតសម្រាប់ការអភិវឌ្ឍកម្មវិធីសម្តែងផ្ទាល់ប្រវត្តិសាស្ត្រទ្រង់ទ្រាយធំ ដោយរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបជាមួយសិល្បៈប្រជាប្រិយភាគពាយ័ព្យ ដើម្បីនិទានរឿងរ៉ាវអំពីឌៀនបៀនភូ តាមរយៈបទពិសោធន៍ និងអារម្មណ៍។ ប្រសិនបើធ្វើបានល្អ នេះអាចក្លាយជាផលិតផលនិមិត្តរូបជាតិ។ អ្វីដែលអ្នកទេសចរអន្តរជាតិកំពុងស្វែងរកសព្វថ្ងៃនេះ មិនមែនជាការទស្សនាវប្បធម៌ទេ ប៉ុន្តែជាការរស់នៅជាមួយវប្បធម៌”។
កំណប់វប្បធម៌ដ៏សម្បូរទៅដោយអត្តសញ្ញាណរបស់ក្រុមជនជាតិចំនួន ១៩ និងជម្រៅនៃប្រវត្តិសាស្ត្រ គឺជាកត្តាដែលរក្សាអ្នកទេសចរស្នាក់នៅខេត្តឌៀនបៀន។ នៅពេលដែលតម្លៃប្រចាំមូលដ្ឋាន ត្រូវបានគោរព និងអភិរក្សប្រកបដោយចីរភាព ដោយរួមផ្សំជាមួយនឹងបទពិសោធន៍ទំនើបៗ ខេត្តឌៀនបៀននឹងក្លាយជាគោលដៅទេសចរណ៍មួយដែលមិនអាចជំនួសបាននៅលើផែនទីទេសចរណ៍ជារៀងរហូត៕








