មិនត្រឹមតែមានភាពល្បីល្បាញដោយរបរឆ្លាក់រូបសំណាក និងលាបជ័រម្រ័ក្សណ៍ស្រោបមាសដ៏ប្រណិតប៉ុណ្ណោះទេ ភូមិឆ្លាក់និងលាបជ័រម្រ័ក្សណ៍សិល្បៈ សឺនដុង (Son Dong) ទីក្រុងហាណូយ កំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ នៅពេល ក្លាយជាសមាជិកផ្លូវការនៃក្រុមប្រឹក្សាសិប្បកម្មពិភពលោក និងបណ្តាញទីក្រុងសិប្បកម្មច្នៃប្រឌិតសកលនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៦។ ព្រឹត្តិការណ៍នេះបើកឱកាសដ៏ធំធេងដើម្បីលើកកំពស់តម្លៃ និងម៉ាកយីហោ ឆ្ពោះទៅការនាំចេញផលិតផល ដើម្បីជួយភូមិសិប្បកម្មនេះ ធ្វើសមាហរណកម្មយ៉ាងរឹងមាំទៅក្នុងទីផ្សារសកល។

នៅក្នុងរោងជាងឈើតូចៗ ដែលស្ថិតនៅក្នុងផ្លូវតូចៗនៃឃុំ សឺនដុង (ហាណូយ) ចាប់ពីព្រឹកព្រលឹម សំឡេងនៃការចោះដាប់ អារកាត់ឈើ បានបន្លឺឡើងយ៉ាងអ៊ូអរ ខណៈដែលជាងឈើកំពុងផ្ដោតអារម្មណ៍លើដំណាក់កាលការងារដែលធ្លាប់ស្គាល់៖ ការបង្កើតរូបរាង ការឆ្លាក់ ការលាបជ័រម្រ័ក្សណ៍និងស្រោបមាស... ដំណាក់កាលនីមួយៗតម្រូវឱ្យមានភាពហ្មត់ចត់ ភាពប៉ិនប្រសប និងបទពិសោធន៍ដែលប្រមូលបានក្នុងរយៈពេលជាច្រើនឆ្នាំ។

ភូមិសឺនដុង មានភាពល្បីល្បាញដោយរបរឆ្លាក់ព្រះពុទ្ធបដិមារ វត្ថុសក្ការៈបូជា ឬឆ្លាក់របស់របរសិប្បកម្មវិចិត្រសិល្បៈដ៏ប្រណិត។ របស់របរសិប្បកម្មវិចិត្រសិល្បៈរបស់ភូមិ បច្ចុប្បន្ននេះ មានវត្តមាននៅក្នុងវត្តអារាម វិហារ និងទីសក្ការៈរាប់ពាន់កន្លែងទូទាំងប្រទេសវៀតណាម។ សិប្បករឆ្នើម ង្វៀន យ៉ាញសឺន មកពីភូមិសឺនដុង បានចែករំលែកថា៖

“ភូមិរបស់យើងមានភាពល្បីល្បាញលើទូទាំងប្រទេស។ នៅពេលចូលរួមក្នុងបណ្តាញទីក្រុងសិប្បកម្មច្នៃប្រឌិតសកល យើងមានឱកាសដើម្បីឧទ្ទេសនាមដល់ពិភពលោកអំពីវប្បធម៌ពិសេសរបស់ភូមិ។ ជាពិសេសផលិតផលចម្លាក់ដ៏ល្អប្រណិត ហើយនាំសញ្ញសម្គាល់របស់វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិផងដែរ។ ខ្ញុំជឿថាយើងនឹងទទួលបានជោគជ័យក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ”។

ពីឈើខ្នុរសាមញ្ញ តាមរយៈបាតដៃដ៏ប៉ិនប្រសប់ និងទេពកោសល្យរបស់សិប្បករ រូបចម្លាក់បានលេចចេញយ៉ាងរស់រវើក ដោយមានព្រលឹងនិងជម្រៅខាងវិញ្ញាណ។ ដើម្បីបង្កើតស្នាដៃបែបនេះ សិប្បករត្រូវតែមានបច្ចេកទេសដ៏ស្ទាត់ជំនាញ បទពិសោធន៍ច្រើនឆ្នាំ និងការយល់ដឹងយ៉ាងជ្រៅជ្រះអំពីវប្បធម៌ ជំនឿ និងរឿងព្រេងនិទានប្រជាប្រិយ។ លោក ង្វៀន វៀតហួន ប្រធានសមាគមសិប្បករនិងជាងឈើជំនាញនៃឃុំសឺនដុង បានឲ្យដឹងថា៖

“ឃុំសឺនដុងបានប្រកបរបរឆ្លាក់រូបសំណាក អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ យើងបានរក្សាលក្ខណៈប្រពៃណី ប៉ុន្តែក៏ទទួលយកបច្ចេកវិទ្យាថ្មីនិងជឿនលឿន ដើម្បីបង្កើតផលិតផលដ៏សមស្របនឹងទីផ្សារ។ យើងអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ និងរចនាប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតាមតម្រូវការដ៏តឹងរ៉ឹងនៃវិស័យសិប្បកម្មវិចិត្រសិល្បៈលើទូទាំងពិភពលោក”។

បច្ចុប្បន្នឃុំសឺនដុងមានគ្រួសារសិប្បកម្មប្រហែល ១៧០០ គ្រួសារ ស្មើនឹង ៧០% នៃគ្រួសារសរុបនៅក្នុងឃុំ។ មិនត្រឹមតែជាកន្លែងអភិរក្សសិប្បកម្មបុរាណប៉ុណ្ណោះទេ ភូមិសឺនដុងក៏ជាមជ្ឈមណ្ឌលផលិតកម្មទ្រង់ទ្រាយធំនៃរដ្ឋធានីហាណូយ ដោយមានប្រាក់ចំណូលប៉ាន់ស្មានជិត ៧០០ ពាន់លានដុង (ជាង ២៦ លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំទៀតផង។ សម្រាប់សិប្បករនៅទីនេះ ការអភិរក្សសិប្បកម្មមិនត្រឹមតែជាការអភិរក្សរបរចិញ្ចឹមជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអភិរក្សអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិទៀតផង។ លោក កាវ វ៉ាន់តឹម អនុប្រធានគណៈកម្មាធិការប្រជាជនឃុំសឺនដុង បានឲ្យដឹងថា៖

“គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានបានផ្តោតលើការរៀបចំផែនការ និងកម្មវិធីដើម្បីអភិវឌ្ឍន៍និងពង្រីកភូមិសិប្បកម្ម សំដៅអភិរក្ស និងលើកកម្ពស់តម្លៃប្រពៃណីនៃមូលដ្ឋាន ជាពិសេសក្នុងការងារបង្កើតរូបព្រះពុទ្ធបដិមារ។ ការចូលរួមក្នុងបណ្តាញទីក្រុងច្នៃប្រឌិតសកល គឺជាជំហានដ៏សំខាន់មួយដើម្បីផ្សព្វផ្សាយ ពង្រីក និងអភិវឌ្ឍន៍ភូមិសិប្បកម្មក្នុងដំណាក់កាលថ្មី។ ក្នុងពេលជាមួយគ្នានោះ ផ្សព្វផ្សាយរូបភាពនៃមូលដ្ឋាន ក៏ដូចជាផលិតផលរបស់ភូមិសិប្បកម្ម មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅកាន់ពិភពលោកទៀតផង”។

ផលិតផលរបស់ភូមិសឺនដុង មិនត្រឹមតែបម្រើដល់ជីវភាពខាងវប្បធម៌ ព្រលឹងវិញ្ញាណ និងសាសនារបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំចេញទៅកាន់បរទេសដូចជា ជប៉ុន និងកូរ៉េខាងត្បូងផងដែរ។ ភូមិសិប្បកម្មនេះ បានក្លាយជាសមាជិកនៃបណ្តាញទីក្រុងសិប្បកម្មច្នៃប្រឌិតសកលនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៦ ដែលបើកឱកាសសម្រាប់ការជំរុញពាណិជ្ជកម្ម ការអភិវឌ្ឍម៉ាកយីហោ និងការបង្កើនតម្លៃផលិតផលសិប្បកម្មវិចិត្រសិល្បៈវៀតណាមនៅលើទីផ្សារសកល។ លោក ង្វៀន ឌិញហ័រ នាយករងមន្ទីរកសិកម្ម និងបរិស្ថានទីក្រុងហាណូយ បានឲ្យដឹងថា៖

“ក្រុមប្រឹក្សាសិប្បកម្មពិភពលោកបន្តទទួលស្គាល់ភូមិដាំគុជខ្យង Chuyen My និងភូមិឆ្លាក់សិប្បកម្មវិចិត្រសិល្បៈ Son Dong ជាសមាជិកផ្លូវការនៃបណ្ដាញទីក្រុងសិប្បកម្មច្នៃប្រឌិតពិភពលោក។ នេះគឺជាកិត្តិយសដ៏ធំធេង មិនត្រឹមតែសម្រាប់ទីក្រុងហាណូយប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រទេសវៀតណាមផងដែរ។ បច្ចុប្បន្នយើងត្រូវបានគណៈកម្មាធិការទីក្រុងប្រគល់ឱ្យអនុវត្តន៍គម្រោងអភិវឌ្ឍន៍ និងអភិរក្សភូមិសិប្បកម្ម ដែលតម្រង់ទិសឆ្ពោះទៅឆ្នាំ ២០២៦-២០៣០ ក្នុងនោះភ្ជាប់សកម្មភាពអាជីវកម្ម និងផលិតកម្មរបស់ភូមិសិប្បកម្មជាមួយនឹងទេសចរណ៍ជនបទ និងទេសចរណ៍ភូមិសិប្បកម្ម”។

ពីភូមិសិប្បកម្មប្រពៃណីមួយ សឺនដុង កំពុងបោះជំហានយ៉ាងរឹងមាំលើដំណើរនាំយកគុណតម្លៃនៃភូមិសិប្បកម្មវៀតណាមទៅកាន់ពិភពលោក។ ដោយរក្សាបាននូវវប្បធម៌ប្រពៃណី ខណៈពេលអនុវត្តន៍បច្ចេកវិទ្យាច្នៃប្រឌិត ភូមិសិប្បកម្ម សឺនដុង មិនត្រឹមតែជាកន្លែងថែរក្សាតម្លៃនៃសិប្បកម្មឆ្លាក់រូបសំណាករបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងអាចក្លាយជាគោលដៅវប្បធម៌ និងទេសចរណ៍ដ៏វិសេសវិសាលទៀតផង៕