វៀតណាម និងឡាវ គឺជាប្រទេសជិតខាងទាំង​ពីរ ដែលមានព្រំដែនរួម​គ្នា​។ ប្រជាជាតិទាំ​ងពីរមានភាពស្រដៀងគ្នាជាច្រើន​ខាងវប្បធម៌ ជា​ពិសេសប្រពៃណីអាណិតអាសូរគ្នា ការអត់ឱន និងការគោរពតម្លៃសហគមន៍។ ចំណង​សាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរត្រូវបានចាក់​គ្រឹះដោយលោកប្រធានហូជីមិញ និងលោកប្រធាន កៃសុន ភូមិវិហាន (Kaysone Phomvihane) ហើយត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំជាច្រើន​ជំនាន់​នៃបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ សម្រាប់យុវជនឡាវនា​ពេលបច្ចុប្បន្ន រួមជាមួយលោកប្រធាន Kaysone Phomvihane - អគ្គ​មគ្គុទេសក៍ដ៏អស្ចារ្យនៃបដិវត្តន៍ឡាវ ដែលតែងតែត្រូវបានចាត់ទុកជាគំរូ និងជាប្រភពនៃការបំផុសគំនិតក្នុងដំណើរ​ការ​កសាង និងការពារមាតុ​ប្រទេស - លោកប្រធានហូជីមិញ ក៏ត្រូវបានលើកឡើងដោយការគោរព និងភាពស្និទ្ធស្នាលពិសេសផង​ដែរ។ បទចម្រៀងអំពីលោក​ប្រធានហូជីមិញ ដំបូន្មានដ៏ជ្រាលជ្រៅរបស់លោក និងចំណង​មិត្តភាពដ៏ស្មោះសររវាងវៀតណាម និងឡាវ បានក្លាយជាផ្នែកមួយនៃការចងចាំពីកុមារភាព និងជាមូលដ្ឋានខាង​ស្មារតីសម្រាប់យុវជនឡាវជាច្រើន​នាសព្វថ្ងៃនេះ។

«ខ្ញុំបានស្គាល់លោកអ៊ំហូ កាលនៅរៀន​បឋមសិក្សា។ ខ្ញុំបានទៅទស្សនាប្រទេសវៀតណាម និងវិមានតម្កល់សពលោកប្រធានហូជីមិញនៅថ្នាក់ទី ២ និងទី ៣ ហើយខ្ញុំនៅតែចងចាំ​ពី​អារម្មណ៍រំជួលចិត្ត​នៅពេល​ឈរនៅចំពោះមុខសាកសពរបស់លោក»​។

«ខ្ញុំបានស្គាល់អំពីលោក​អ៊ំ​ហូ ពីសៀវភៅប្រវត្តិសាស្ត្រនៅក្នុងថ្នាក់រៀន និងតាមរយៈរឿសងរ៉ាវរបស់ជីដូនជីតា។ រូប​ថតរបស់លោក​អ៊ំហូក៏ត្រូវបានដាក់​តាំង​ដោយខ្ពង់ខ្ពស់នៅលើជញ្ជាំងកណ្តាល​​នៃផ្ទះខ្ញុំផងដែរ»​។

ទាំងនេះគឺជាពាក្យពេចន៍ដ៏ស្មោះស្ម័គ្ររបស់និស្សិតឡាវដែលកំពុងសិក្សានៅ​វិទ្យាស្ថានការទូតវៀតណាម អំពីលោកប្រធានហូជីមិញ។ មិនត្រឹមតែស្ថិត​នៅក្នុងសៀវភៅប្រវត្តិសាស្ត្រ ឬសាលបង្រៀនប៉ុណ្ណោះទេ រូបភាពរបស់បិតា​ជាតិ​ជាទីគោរពរបស់ប្រជាជាតិវៀតណាម - លោកប្រធានហូជីមិញ - បាន​ខិត​ជិតជនឡាវជាច្រើន តាមរយៈ​ប្រការ​ដ៏សាមញ្ញបំផុត​នៅក្នុង​ជីវភាពប្រចាំថ្ងៃ​។

សម្រាប់និស្សិតឡាវជាច្រើននាក់ដែលកំពុងសិក្សានៅវៀតណាម ពួកគេបាន​កោតសរសើរ​លោកប្រធានហូជីមិញ មិនត្រឹមតែ​​​​​ជាអគ្គមគ្គុទេសក៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្មារតីនៃការ​សិក្សា​រៀនសូត្រដោយខ្លួនឯងទៀត​ផង​។ មិត្ត Khamping Syduongchan និស្សិត​ឡាវ​ម្នាក់ បាន​ឲ្យ​ដឹងថា​៖ "គំរូរបស់លោក​អ៊ំហូ ក្នុងការរៀនភាសាបរទេស គឺជា​ប្រភពលើកទឹកចិត្តសម្រាប់ Khamping ឱ្យសិក្សា និងស្ទាត់ជំនាញភាសាចំនួនបួនគឺ ភាសាចិន ភាសាអង់គ្លេស ភាសាវៀតណាម និងភាសាថៃ"។

«រឿងរ៉ាវរបស់​លោក​អ៊ំហូ ក្នុងការ​រៀនភាសាបារាំងនៅលើកប៉ាល់ និងដំណើរទៅ​ស្វែងរក​មាគ៌ាសង្គ្រោះ​ជាតិ និងការៀន​ភាសាបរទេសជាច្រើនទៀត តែងតែ​ដក់ជាប់នៅក្នុងចិត្តរបស់ខ្ញុំជានិច្ច​។ នោះហើយ គឺជាកម្លាំងចលករ​ដែល​ជំរុញឱ្យខ្ញុំសិក្សាភាសាផ្សេងៗគ្នាជាច្រើន។ ជាពិសេស នៅក្នុងយុគសម័យ​ធ្វើ​សមាហរណកម្មដូចបច្ចុប្បន្ននេះ ខ្ញុំយល់ថា ជំនាញស្វ័យ​សិក្សា និងការប្រើប្រាស់​ភាសាបរទេសជាច្រើនបានយ៉ាងស្ទាត់ជំនាញ គឺមានសារៈសំខាន់និងមានប្រយោជន៍​ខ្លាំងណាស់។ ឥឡូវនេះ ខ្ញុំអាចធ្វើជាអ្នកបកប្រែ​សម្រាប់ឪពុកម្តាយ​របស់ខ្ញុំ នៅពេលធ្វើការងារជាមួយដៃគូ​ជនជាតិចិន វៀតណាម ឬជនជាតិបរទេសដទៃទៀត ដោយមានទំនុកចិត្ត»។

បន្ទាប់ពីអាន ដំបូន្មាន ៥ ប្រការ របស់​លោក​អ៊ំហូ ដោយ​ភាសាវៀតណាម​យ៉ាង​ស្ទាត់​ជំនាញ មិត្ត វៀងដាឡា ទេពវង្សសា និស្សិត​ឡាវ​ម្នាក់​ដែល​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​ការទូត​វៀតណាមបានចែករំលែកថា៖

«ដំបូន្មាន ៥ ប្រការ របស់​លោក​អ៊ំ​ហូ មានអត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ហើយបានក្លាយជាគោលការណ៍ណែនាំរបស់​ខ្ញុំ​នៅក្នុងដំណើរអភិវឌ្ឍ​ខ្លួនឯង។ នៅពេល​បាន​ទៅទស្សនាមូលដ្ឋានបដិវត្តន៍ ATK Thai Nguyen ហើយ​ទទួល​បទ​ពិសោធន៍នៃអាហារប្រចាំថ្ងៃ និង​របៀបរស់នៅ​ដ៏​សាមញ្ញ ប៉ុន្តែមានវិន័យខ្ពស់របស់​លោក​អ៊ំហូ បានធ្វើឱ្យខ្ញុំ​រំជួលចិត្តយ៉ាងខ្លាំង។ លោក​អ៊ំ​បានលះបង់អស់​ពី​ចិត្ត ដើម្បីបុព្វហេតុដ៏រុងរឿង គឺឯករាជ្យជាតិ ដើម្បីប្រទេសជាតិ​ និងប្រជាជន​។ នៅពេលនោះ ខ្ញុំបាន​គិតអំពីខ្លួនឯង ហើយចង់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងហ្វឹកហាត់ខ្លួនឯងបន្ថែមទៀត ជាពិសេសនៅក្នុងបរិបទដែលពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដូចពេលបច្ចុប្បន្ននេះ»។

និស្សិតឡាវមិនភ្ញាក់ផ្អើលទេដែលបានអានព័ត៌មានថា៖ គិត​ត្រឹមព្រឹកថ្ងៃទី ៣០ ខែមេសា - ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួម​ប្រទេស​ជាតិ - មាន​អ្នកទេសចរវៀតណាម និងអន្តរជាតិជាង ២០.០០០ នាក់បានចូលវិមានគោរពវិញ្ញាណក្ខណ្ឌ​លោកប្រធានហូជីមិញ។ មិត្ត ផនខាំ ស៊ីសំផន ជានិស្សិតថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យសហជីពវៀតណាម ដែល​​បានចូលវិមានគោរពវិញ្ញាណក្ខណ្ឌ​លោកប្រធានហូជីមិញជាច្រើនដងហើយ បានចែករំលែកអារម្មណ៍យ៉ាងរំជួលចិត្តថា៖

«រាល់ពេលបានចូលគោរពវិញ្ញាណក្ខន្ធលោកប្រធាន ​ខ្ញុំតែងតែ​​មានការ​រំជួលចិត្តយ៉ាងខ្លាំង​។ ខ្ញុំ និងមិត្តភក្តិជាច្រើនទៀតមិនអាច​ទប់ទឹកភ្នែកបា​នទេ នៅពេល​មើលភាពយន្ត​ឯកសារអំពីជីវិត និងអាជីពដ៏​អស្ចារ្យរបស់លោក​​។ ប្រការនេះ តែងតែ​លើក​ទឹកចិត្ត​ឲ្យ​យើង ខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ»។

ដោយមិនបាច់មាននរណា​ប្រាប់នរណាជាមុនឡើយ បទចម្រៀង «ដូចជា​មាន​លោក​អ៊ំហូនៅទិវាមហា​ជ័យជំនះ» បន្លឺឡើងនៅក្នុងគ្រប់កម្មវិធីជួបប្រាស្រ័យរវាងយុវជននៃប្រទេសទាំងពីរ។ ប្រការនេះ បង្ហាញពីមនោសញ្ចេតនាដែលយុវជនឡាវមានចំពោះ​លោកប្រធាន ហូជីមិញ គឺមិនត្រឹមតែមកពីការកោតសរសើរចំពោះ​អគ្គ មគ្គុទ្ទេសក៍​ដ៏មហិមារបស់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានពូនជ្រុំ​ពីចំណងមិត្តភាពដ៏ស្មោះត្រង់និងឥតប្រែប្រួលរវាងវៀតណាម-ឡាវ អស់​រយៈពេល​ជាច្រើនជំនាន់​មកទៀត​ផង​។ រឿងរ៉ាវដ៏សាមញ្ញៗអំពីលោកប្រធានហូជីមិញ ស្មារតីស្វ័យសិក្សា សុភាពរាបសា និងបំណងប្រាថ្នាចង់លះបង់របស់លោក នៅតែជាប្រភពបំផុសគំនិតដល់យុវជនឡាវជាច្រើនរូប ក្នុងដំណើរការ​សិក្សា​រៀនសូត្រ ហាត់ពត់លត់ដំ​ខ្លួន និងធ្វើសមាហរណកម្មអន្តរជាតិ ដោយក្លាយជា​សង្វារខាងស្មា​រតីដ៏មានតម្លៃរបស់យុវជនឡាវ​នា​សព្វ​ថ្ងៃនេះ និង​នាពេល​អនាគត៕​​