នាថ្ងៃទី២៧ ខែឧសភា នៅខេត្តក្វាងនិញ អនុប្រធានរដ្ឋវៀតណាម លោកស្រី វ៉ូ ធីអាញសួន ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិការពារកុមារវៀតណាម បានចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីបំផុសខែសកម្មភាពដើម្បីកុមារឆ្នាំ២០២៦ ក្រោមប្រធានបទ "កុមារមានសុភមង្គល សុវត្ថិភាព និងបោះជំហានយ៉ាងរឹងមាំក្នុងយុគសម័យឌីជីថល"។ ព្រឹត្តិការណ៍នេះត្រូវបានក្រសួងសុខាភិបាល និងគណៈកម្មាធិការប្រជាជនខេត្តក្វាងនិញសម្របសម្រួលរៀបចំឡើង។
ថ្លែងនៅក្នុងពិធីនេះ អនុប្រធានរដ្ឋ លោកស្រី វ៉ូ ធីអាញសួន បានសង្កត់ធ្ងន់ថា ការវិនិយោគលើកុមារ គឺជាការវិនិយោគលើការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ លោកស្រីអនុប្រធានរដ្ឋ វ៉ូ ធី អាញ សួន បានស្នើថា៖ «មិនអាចទុកឱ្យកុមារវៀតណាមចំនួន ២៦ លាននាក់ចូលទៅក្នុងបរិយាកាសឌីជីថលដោយគ្មានការអមដំណើរ ការតម្រង់ទិស និងក្របខ័ណ្ឌការពារសុវត្ថិភាពប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមានបានឡើយ។ ដូច្នេះហើយ ការបំពាក់ជំនាញឌីជីថលនិងបំណិនជីវិតដល់កុមារនៅក្នុងបរិយាកាសអ៊ីនធឺណិតគឺចាំបាច់ណាស់។ នៅពេលខាងមុខ ចាំបាច់ត្រូវផ្តោតលើការអនុវត្តដោយសមកាលកម្មនូវដំណោះស្រាយការពារកុមារនៅក្នុងបរិយាកាសអ៊ីនធឺណិត។ វិស័យអប់រំ និងភ្នាក់ងារពាក់ព័ន្ធត្រូវបង្កើនការអប់រំលើជំនាញឌីជីថល ជំនាញការពារខ្លួន និងការបង្ការហានិភ័យក្នុងបរិយាកាសអ៊ីនធឺណិតសម្រាប់កុមារ»។
មុននោះ លោកស្រីអនុប្រធានរដ្ឋ វ៉ូ ធី អាញសួន និងគណៈប្រតិភូបានទៅទស្សនា ប្រគល់អំណោយនិងអាហារូបករណ៍ដល់មជ្ឈមណ្ឌល និងកុមារចំនួន ៥៤ នាក់ដែលកំពុងត្រូវបានថែទាំនៅមជ្ឈមណ្ឌលជំនួយសង្គមខេត្តក្វាងនិញ៕





