ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល យុវជនមួយក្រុមមកពីសាកលវិទ្យាល័យ FPT បានបង្កើតបេតិកភណ្ឌវប្បធម៌ឡើងវិញ មិនត្រឹមតែសម្រាប់ការមើលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការប៉ះ ការស្តាប់ និងការទទួលនូវអារម្មណ៍ផងដែរ។ ប្រអប់បេតិកភណ្ឌនីមួយៗ នៃគម្រោងនេះគឺជា «បង្អួចឌីជីថល» ដែលនាំទៅដល់លំហវប្បធម៌ដ៏រស់រវើក ហើយជួយឱ្យអ្នកប្រើប្រាស់ធ្វើអន្តរកម្មដោយផ្ទាល់ជាមួយតម្លៃវប្បធម៌ប្រពៃណីតាមរបៀបថ្មីទាំងស្រុង។

“គម្រោង “រូបរាងនៃបេតិកភណ្ឌ” របស់ក្រុមយើងត្រូវបានបំផុសគំនិតដោយទម្រង់វប្បធម៌សិល្បៈរបស់វៀតណាមដែលត្រូវបានអង្គការយូណេស្កូទទួលស្គាល់។ ក្រុមយើងចង់នាំយកទម្រង់បេតិកភណ្ឌវប្បធម៌ទាំងនេះឱ្យកាន់តែខិតជិតយុវជនសព្វថ្ងៃនេះ នៅពេលដែលបេតិកភណ្ឌវប្បធម៌កំពុងសាបសូន្យទៅ ហើយយុវជនមិនចាប់អារម្មណ៍ទៀតឡើយ។ នេះគឺជាស្ពានពិសេសមួយដែលតភ្ជាប់យុវជនជាមួយនឹងបេតិកភណ្ឌវប្បធម៌របស់ប្រទេសជាតិ ព្រមទាំងផ្សព្វផ្សាយវប្បធម៌វៀតណាមទៅកាន់ពិភពលោកផងដែរ”។

នេះជាការចែករំលែករបស់កញ្ញា Phung Phuong Anh ដែលជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំង៥ នាក់នៃគម្រោង "រូបរាងនៃបេតិកភណ្ឌ"។

គម្រោងនេះគឺជាគម្រោងបញ្ចប់ការសិក្សារបស់ក្រុមនិស្សិតជំនាញផ្នែកទីផ្សារឌីជីថលនៅសាកលវិទ្យាល័យ FPT ក្នុងទីក្រុងហាណូយ។ នោះគឺប្រអប់បេតិកភណ្ឌចំនួន៥ដែលបង្កើតឡើងវិញនូវទម្រង់បេតិកភណ្ឌវប្បធម៌អរូបីចំនួន ៥ របស់ប្រទេសវៀតណាមដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ រួមមាន៖ ការច្រៀង Ca tru, របាំ Xoe Thai, ការច្រៀង Quan Ho របស់ខេត្ត Bac Ninh, ការប្រតិបត្តិសិល្បៈ Then និងការច្រៀង Xoan របស់ខេត្ត Phu Tho តាមរយៈការអនុវត្តបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល។ លោក Le Hoang Trung សមាជិកនៃគម្រោង "រូបរាងនៃបេតិកភណ្ឌ" បាននិយាយថា៖

“យើងបានដាក់បញ្ចូលទម្រង់សិល្បៈប្រពៃណីចំនួន ៥ របស់វៀតណាមទៅក្នុងប្រអប់បេតិកភណ្ឌ។ របាំ Xoe Thai គឺជាក្បាច់របាំប្រពៃណីរបស់ជនជាតិថៃនៅតំបន់ភាគពាយ័ព្យ ដែលបង្ហាញពីស្មារតីសាមគ្គីភាព និងសេចក្តីរីករាយនៅក្នុងសហគមន៍។ នៅក្នុងប្រអប់របាំ Xoe Thai យើងបានបង្កើតឡើងវិញនូវសំលៀកបំពាក់ដ៏វិសេសវិសាលនៃទម្រង់សិល្បៈនេះ រួមជាមួយនឹងរូបភាពព្រៃភ្នំប្រចាំតំបន់ភាគពាយ័ព្យ។ នៅក្នុងប្រអប់ច្រៀង Xoan យើងបានបង្កើតឡើងវិញនូវរូបភាពសិល្បករច្រៀង Xoan នៅមុខសលាភូមិ ដោយមានទង់បុណ្យនៅសង្ខាង”។

ពីប្រអប់តូចមួយ ដំណើរស្វែងយល់បេតិកភណ្ឌវៀតណាម ត្រូវបានលាតត្រដាង។ រូបចម្លាក់បោះពុម្ព 3D ត្រូវបានធ្វើតម្រាប់តាមសិល្បករច្រៀង Xoan នៃខេត្ត Phu Tho នៅក្បែរសាលាភូមិបុរាណ; សិល្បករសិល្បការិនីច្រៀង Quan Ho នៃខេត្ត Bac Ninh ច្រៀងយ៉ាងពិរោះរណ្ដំលើទូកនាគ; សិល្បករសម្តែងសិល្បៈ Then ជាមួយនឹងចាប៉ី Tinh និងរបាំ Xoe របស់ជនជាតិថៃ នៅតំបន់ភាគពាយ័ព្យ; ឬសំឡេងក្រាប់ដ៏ប្រណិតនៃសិល្បៈ Ca Tru។ កញ្ញា Ta Thi Thu Huong សមាជិកនៃគម្រោង "រូបរាងនៃបេតិកភណ្ឌ" បានចែករំលែកថា៖

“ចំណុចលេចធ្លោនៃប្រអប់បេតិកភណ្ឌគឺថា ផលិតផលនីមួយៗមិនត្រឹមតែជាគំរូ 3D ដែលត្រូវបានរចនាឡើងយ៉ាងប្រណិត ដើម្បីអាចបង្កើតឡើងវិញនូវតួអង្គនិងបរិយាកាសវប្បធម៌យ៉ាងជាក់ស្ដែងបំផុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលលេខកូដ QR ដែលជួយឱ្យអ្នកប្រើប្រាស់ចូលប្រើខ្លឹមសារឌីជីថលដូចជាវីដេអូ AI និងរឿងរ៉ាវវប្បធម៌ ដើម្បីបង្កើតជាបទពិសោធន៍អន្តរកម្មដ៏ពិសេសទៀតផង។ លើសពីនេះ ផលិតផលទាំងអស់ត្រូវបានបង្កើតឡើងដោយផ្អែកលើដំណើរការស្រាវជ្រាវ និងការផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងការគោរពចំពោះតម្លៃប្រពៃណី។ ជាមួយនឹងការរួមបញ្ចូលគ្នារវាងវប្បធម៌ បច្ចេកវិទ្យា និងបទពិសោធន៍ ប្រអប់បេតិកភណ្ឌបានក្លាយជាស្ពានមួយដែលជួយឱ្យបេតិកភណ្ឌរស់រានមានជីវិតឡើងវិញ និងកាន់តែខិតជិតយុវជនវៀតណាម”។

ទោះបីជាកំពុងស្ថិតនៅដំណាក់កាលដំបូងក៏ដោយ ប៉ុន្តែគម្រោងនេះបានបង្ហាញថា យុវជនសព្វថ្ងៃនេះចេះគោរព ថែរក្សា និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជាតិ។ វិធីអភិក្រមដ៏ថ្មីថ្មោង តាមរយៈបច្ចេកវិទ្យាបង្កើតរូបភាព និងគំនិតច្នៃប្រឌិតនេះ បានជួយឱ្យបេតិកភណ្ឌកាន់តែជិតស្និទ្ធនៅក្នុងជីវភាពប្រចាំថ្ងៃ។ កញ្ញា Phung Phuong Anh សមាជិកនៃគម្រោង "រូបរាងនៃបេតិកភណ្ឌ" បានចែករំលែកថា៖

“នាពេលអនាគត គម្រោងរបស់យើងនឹងពង្រីកវិសាលភាព ដើម្បីឧទ្ទេសនាមអំពីទម្រង់ផ្សេងៗនៃបេតិកភណ្ឌវប្បធម៌អរូបីលើទូទាំងប្រទេសវៀតណាម។ មិនត្រឹមតែនៅតំបន់ភាគខាងជើងប៉ុណ្ណោះទេ យើងកំពុងផ្តោតលើការអភិវឌ្ឍផលិតផលដែលទាក់ទងនឹងបេតិកភណ្ឌប្រចាំតំបន់ភាគខាងត្បូង និងភាគកណ្តាល ដូចជា៖ ការច្រៀង Don ca tai tu ការច្រៀង Vi giam Nghe Tinh ព្រះរាជតន្ត្រី Hue ឬវប្បធម៌គងឃ្មោះ Tay Nguyen ជាដើម។ ការពង្រីកនេះគឺជាឱកាសដ៏ល្អ ដើម្បីផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិវៀតណាមទៅកាន់ភ្ញៀវទេសចរអន្តរជាតិ តាមរបៀបដ៏ច្នៃប្រឌិត និងជិតស្និទ្ធ ដោយរួមចំណែកធ្វើឲ្យបេតិកភណ្ឌក្លាយជាផ្នែកមួយដ៏រស់រវើកនៃជីវភាពសម័យទំនើប”។

តាមរយៈគម្រោងច្នៃប្រឌិតរបស់យុវជន វាបង្ហាញថាប្រពៃណីអាចរួមរស់ជាមួយភាពទំនើបនៅពេលដែលមានការស្រឡាញ់ចំពោះវប្បធម៌របស់ប្រជាជាតិ៕