VOV WorldVOV World
សិល្បៈប្រពៃណីរបស់ជនរួមជាតិចាមទាក់ចិត្តភ្ញៀវទេសចរ
25/04/2026 06:13
[VOVWORLD] - គួបផ្សំជាមួយនឹងសម្រស់ធម្មជាតិនៃព្រៃភ្នំ និងកោះសមុទ្រ អត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនរួមជាតិ ចាម នៅភាគខាងកើតខេត្តឡឹមដុងកំពុងរួមចំណែកដល់ការធ្វើពិពិធកម្មផលិតផលទេសចរណ៍នៃមូលដ្ឋាន។
សិល្បៈប្រពៃណីរបស់ជនរួមជាតិចាមទាក់ចិត្តភ្ញៀវទេសចរ
ដោយបានផ្សារភ្ជាប់ជាមួយនឹងទឹកដីនៃពន្លឺព្រះអាទិត្យនិងខ្យល់បក់ខ្លាំងនេះ អស់រយៈពេលជាច្រើនសតវត្សមកហើយ ជនរួមជាតិចាមបានរួមចំណែកដល់វប្បធម៌ខេត្តឡឹមដុងនិយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួម ជាមួយនឹងបេតិកភណ្ឌដ៏មានតម្លៃជាច្រើន។ យើងអាចនិយាយដល់ របាំអប្សរា របាំផ្លិតអមដោយសំឡេងស្គរ ហ្គីណាំង ស្គរ ប៉ារ៉ាណឹង និងស្នែង សារ៉ាណៃ… ដែលទាក់ចិត្តភ្ញៀវទេសចរ; ឬសំណង់ស្ថាបត្យកម្មនានាដូចជាប្រាសាទចាមបុរមបុរាណ កំណប់ទ្រព្យនៃអក្សរសិល្ប៍ ពិធីបុណ្យ និងសិប្បកម្មប្រពៃណី… ដ៏វិសេសវិសាល និងសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ពិសេសដោយឡែក។ តំបន់ទេសចរណ៍ Bau Trang U&Me ក្នុងភូមិ Hong Lam ឃុំ Hoa Thang ខេត្ត ឡឹមដុង បានសហការជាមួយសិល្បករនិងអ្នកសម្ដែងមិនអាជីព ជាជនជាតិ ចាម នៅឃុំ Bac Binh ដើម្បីរៀបចំកម្មវិធីសម្ដែងសិល្បៈប្រជាប្រិយចាម ក្នុងបំណងចង់បង្កើតបរិយាកាសរីករាយសម្រាប់ភ្ញៀវទេសចរ។ 20-26.4-van_hoa-anh_1.jpg ភ្ញៀវទេសចរចូលរួមក្នុងរបាំប្រពៃណីចាមនៅតំបន់ទេសចរណ៍ Bau Trang U&Me។ (រូបថត៖ VOV-ទីក្រុងហូជីមិញ) ទោះបីជាទើបតែត្រូវបានដាក់ឲ្យធ្វើអាជីវកម្មចាប់តាំងពីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២៦ និងចុងសប្តាហ៍ ក៏ដូចជាតាមសំណើពីភ្ញៀវទេសចរជាក្រុមមៗប៉ុណ្ណោះ ប៉ុន្តែកម្មវិធីសម្តែងចម្រៀងនិងរបាំប្រជាប្រិយចាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរគ្រប់រូប។ លោកស្រី Nguyen Thi Hanh ជាភ្ញៀវទេសចរមកពីខេត្តដុងណាយ បានឲ្យដឹងថា៖ “កម្មវិធីនេះពិតជាល្អណាស់ ដោយបានពណ៌នាអំពីជីវភាពរបស់ប្រជាជននៅក្នុងតំបន់នេះ។ កម្មវិធីសិល្បៈគឺគួរឱ្យចាប់អារម្មណ៍ណាស់”។ មុនពេលទៅទស្សនាទួលខ្សាច់ Bau Trang ភ្ញៀវទេសចរត្រូវបានលង់អារម្មណ៍នៅក្នុងរបាំអប្សរា របស់ជនជាតិចាម។ ក្បាច់របាំ និងបទចម្រៀងនីមួយៗ អមដោយសំឡេងឧបករណ៍ភ្លេងជាច្រើនប្រភេទដូចជា ស្គរហ្គីណាំង ស្គរប៉ារ៉ាណុង ស្នែងសារ៉ាណៃ...ពិតជាបានទាក់ចិត្តមនុស្សគ្រប់រូប។ លោក Pham Van Trong តំណាងតំបន់ទេសចរណ៍ Bau Trang U&Me បានឲ្យដឹងថា តំបន់ទេសចរណ៍ក៏ចង់ផ្សព្វផ្សាយវប្បធម៌របស់បងប្អូនជនជាតិចាមនៅទីនេះផងដែរ។ “អង្គភាពរបស់យើងបានសហការជាមួយក្រុមសិល្បៈវប្បធម៌ចាមនៃស្រុក Bac Binh ចាស់។ ភ្ញៀវទេសចរបរទេសភាគច្រើនពិតជាចូលចិត្តវប្បធម៌វៀតណាមណាស់ ដូច្នេះខ្ញុំចង់សហការជាមួយបងប្អូននៅទីនេះ ដើម្បីសម្ដែងវប្បធម៌របស់មូលដ្ឋាន និងភូមិសិប្បកម្មនៃមូលដ្ឋាន រួមចំណែកបង្កើតភាពទាក់ទាញដល់ភ្ញៀវទេសចរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនិងពិធីបុណ្យនានា”។ 20-26.4-van_hoa-anh_2.jpg ភ្ញៀវទេសចររីករាយនឹងការសម្តែងសិល្បៈប្រជាប្រិយចាមនៅប្រាសាទ Po Sah Inu។ (រូបថត៖​ VOV-ទីក្រុងហូជីមិញ) លោក Tran Duc Dung ប្រធានគណៈគ្រប់គ្រងកេរ្តិ៍ដំណែលប្រាសាទ Pô Sah Inu ខេត្តឡឹមដុង បានឲ្យដឹងថា៖ "កន្លងមក យើងបានសម្របសម្រួលជាមួយក្រុមហ៊ុនទេសចរណ៍ ដើម្បីបង្កើតដំណើរកម្សាន្ត ក៏ដូចជាផលិតផលទេសចរណ៍ ដើម្បីបម្រើភ្ញៀវទេសចរ។ ក្នុងនោះរួមមានសកម្មភាពជាច្រើនដូចជា ការទស្សនា ការឆ្លងកាត់បទពិសោធន៍ និងរីករាយជាមួយការសម្តែងសិល្បៈប្រជាប្រិយចាម ក៏ដូចជារបរសិប្បកម្មប្រពៃណីដូចជា របរត្បាញក្រណាត់ និងរបរស្មូនសេរ៉ាមិច។ សកម្មភាពទាំងនេះត្រូវបានភ្ញៀវទេសចរកោតសរសើរយ៉ាងខ្លាំង និងបានបង្កើតចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅផងដែរ”។ មិនត្រឹមតែតំបន់ទេសចរណ៍ Bau Trang U&Me និងតំបន់កេរ្តិ៍ដំណែលប្រាសាទ Pô Sah Inu ប៉ុណ្ណោះទេ ប៉ុន្តែក៏មានរមណីយដ្ឋាននិងកន្លែងទស្សនាជាច្រើនផ្សេងទៀតនៅក្នុងតំបន់ Mui Ne, Tien Thanh និង Phan Thiet... បានជ្រើសរើសសិល្បៈប្រពៃណីរបស់បណ្ដាជនជាតិ ដើម្បីធ្វើពិពិធកម្មផលិតផលទេសចរណ៍សម្រាប់បម្រើភ្ញៀវទេសចរផងដែរ។ ការនាំយកបេតិកភណ្ឌទាំងនេះក្លាយទៅជាបទពិសោធន៍ជាក់ស្តែង មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបង្កើតផលិតផលទេសចរណ៍ពិសេសៗ ដើម្បីបង្កើនភាពទាក់ទាញ និងនិរន្តរភាពនៃឧស្សាហកម្មទេសចរណ៍ខេត្តឡឹមដុងនាពេលអនាគតទៀតផង៕
TAG
VOV/VOVWORLD/សិល្បៈ/ជនជាតិចាម/ទាក់ទាញ/ទេសចរណ៍

More