ការរក្សាតម្លៃទាំងនោះ មិនត្រឹមតែជាការអភិរក្សទម្រង់មួយនៃការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែដំបូងបង្អស់ គឺដើម្បីឱ្យកុមារអាចរស់នៅជាមួយវប្បធម៌ លេងល្បែងកំសាន្ត ស្វែងយល់ និងធំដឹងក្ដីក្នុងបទពិសោធន៍ដ៏ជិតស្និទ្ធពីក្រុមគ្រួសារ និងសហគមន៍។

សហគ្រាសភាពយន្តឯកសារនិងវិទ្យាសាស្ត្រមជ្ឈិម រៀបចំកម្មវិធីចាក់បញ្ចាំងខ្សែភាពយន្តឯកសារ៖ “ស្វែងរកកុមារភាពឡើងវិញតាមរយៈល្បែងប្រជាប្រិយ” របស់អ្នកដឹកនាំរឿង សិល្បករឆ្នើម Nguyen Quang Dung។ ដោយមាននឹងរយៈពេល ៣០ នាទី ខ្សែភាពយន្តនេះនាំទស្សនិកជន បានវិលត្រឡប់ទៅរកល្បែងកំសាន្ត ដែលធ្លាប់ផ្សាភ្ជាប់នឹងកុមារភាពរបស់ប្រជាជនវៀតណាមជាច្រើនជំនាន់ ដូចជា៖ ល្បែងបាយខុម ល្បែងអុកចិន ល្បែងអុកមនុស្ស ផាវដី ខ្លែង ជាដើម។ ដោយគ្មានបែបផែនពិសេស ឬការរៀបចំដ៏ស្មុគស្មាញនោះទេ ខ្សែភាពយន្តនេះជ្រើសរើសរចនាប័ទ្មនិទានរឿងបែបសាមញ្ញនិងស្និទ្ធស្នាល ដើម្បីរំលឹករឿងរ៉ាវអំពីការចងចាំ ការផ្សាភ្ជាប់ក្នុងសហគមន៍ និងតម្លៃវប្បធម៌ដែលត្រូវថែរក្សា។ ឈុតឆាកដែលធ្លាប់ស្គាល់ទាំងនោះបានធ្វើឱ្យទស្សនិកជនមានចំណាប់អារម្មណ៍ជាច្រើន។ លោក Le Tuan Anh មកពីសង្កាត់ Yen Hoa ទីក្រុងហាណូយ បានចែករំលែកថា៖

“ខ្ញុំអាចរំលឹកឡើងវិញនូវអនុស្សាវរីយ៍ពីកុមារភាពយ៉ាងច្រើន ដែលសព្វថ្ងៃនេះខ្ញុំមិនអាចរកឃើញនៅកន្លែងណាមួយឡើយ ពីព្រោះអ៊ីនធឺណិតកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង ដែលស្ទើរតែគ្រប់គ្រួសារទាំងអស់ប្រើប្រាស់។ ខ្ញុំចូលចិត្តពិសេសល្បែងបាយខុម (Ô ăn quan) ពីព្រោះវាជាល្បែងប្រើខួរក្បាល”។

ពីល្បែងបាយខុម ខ្សែភាពយន្តនេះណែនាំពីរបៀបដែលកុមាររៀនគណនា និងពិចារណាចលនានីមួយៗ ខណៈពេលលេងជាមួយមិត្តភក្តិ។ ក្នុងល្បែងអុកមនុស្ស ការប្រកួតបញ្ញា ត្រូវបានពង្រីកដល់លំហនៃពិធីបុណ្យភូមិ ជាមួយនឹងមនុស្សពិតៗដើរតួជាកូនអុក និងផ្លាស់ទីតាមពាក្យបញ្ជា។ នៅក្នុងល្បែងផាវដី សម្ភារៈដែលធ្លាប់ស្គាល់ពីជីវភាពកសិកម្ម បានក្លាយជាកន្លែងដើម្បីបង្ហាញពីភាពប៉ិនប្រសប។ តាមរយៈល្បែងនីមួយៗ ទស្សនិកជនអាចស្គាល់ពីរបៀបដែលមនុស្សបានសង្កេតមើល ច្នៃប្រឌិត និងភ្ជាប់ជាមួយជីវិតជុំវិញពួកគេ។ លោក Nguyen Viet Su សង្កាត់ Xuan Dinh ទីក្រុងហាណូយ បាននិយាយថា៖

«បន្ទាប់ពីទស្សនាខ្សែភាពយន្តរួច ខ្ញុំក៏បានស្គាល់អំពីល្បែងកំសាន្តមួយចំនួនដូចជាការបោះផាវដី ឬល្បែងរបស់ជនជាតិភាគតិចនៅតំបន់ព្រៃភ្នំភាគពាយ័ព្យវៀតណាម»។

ក្រៅពីការទស្សនាភាពយន្ត កុមារនិងក្រុមគ្រួសារ ក៏បានសម្របខ្លួនចូលក្នុងបរិយាកាសពិធីបុណ្យសំពះព្រះខែប្រពៃណី តាមរយៈល្បែងប្រជាប្រិយដូចជា ល្បែងបញ្ជូនបាល់ បាញ់ម៉ាប លេងវ៉ូ និងការធ្វើចង្កៀងគោមផ្កាយផ្ទាល់ខ្លួន។ សកម្មភាពដែលហាក់ដូចជាសាមញ្ញទាំងនេះ បាននាំមកនូវពេលវេលាដ៏ស្និទ្ធស្នាល ខណៈដែលមនុស្សជំនាន់ផ្សេងៗគ្នា បានរួមគ្នាជជែក ចែករំលែករឿងរ៉ាវនិងធ្វើប្រដាប់ក្មេងលេងដែលធ្លាប់ស្គាល់ជាមួយនឹងមនុស្សជាច្រើនជំនាន់។

«ថ្ងៃនេះ ខ្ញុំបាននាំកូនស្រីមកទីនេះ ដើម្បីឲ្យកូនអាចទទួលបទពិសោធន៍ និងស្វែងយល់អំពីល្បែងពីអតីតកាល។ នៅក្នុងតំបន់ល្បែងប្រជាប្រិយនេះ មានល្បែងវ៉ូ ល្បែងបញ្ជូនបាល់។ ខ្ញុំមានអារម្មណ៍ជិតស្និទ្ធមែនទែន ដូចជាខ្ញុំកំពុងត្រឡប់ទៅកុមារភាពវិញអញ្ចឹង»។

«នេះជាលើកដំបូងដែលខ្ញុំបានលេងវ៉ូ។ វាសប្បាយណាស់ ហើយខ្ញុំចង់ចែករំលែកល្បែងនេះជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្ញុំ»។

យោងតាមសិល្បករឆ្នើម អ្នកដឹកនាំរឿង Trinh Quang Tung អគ្គនាយករងទទួលបន្ទុកសិល្បៈនៅសហគ្រាសភាពយន្តឯកសារនិងវិទ្យាសាស្ត្រមជ្ឈិម កម្មវិធីនេះគឺជាផ្នែកមួយនៃគម្រោង «វៀតណាម រឿងដែលមិនទាន់បានរៀបរាប» ដែលសហគ្រាសភាពយន្តបានសហការជាមួយ BEAT Network ដើម្បីអនុវត្តន៍។ តាមរយៈកម្មវិធី គណៈរៀបចំមានបំណងចង់នាំយកវប្បធម៌ប្រពៃណីមកកាន់តែខិតជិតនឹងកុមារ តាមរយៈបទពិសោធន៍ដោយផ្ទាល់ ស្និទ្ធស្នាល និងមានលក្ខណៈអន្តរកម្មខ្លាំង។

“យើងចង់បង្ហាញសារច្បាស់លាស់មួយថា៖ ផ្តល់ឱ្យកូនៗនូវលក្ខខណ្ឌល្អបំផុត។ ចូរយើងត្រឡប់ទៅរកតម្លៃប្រពៃណីវិញ។ ហើយល្បែងប្រជាប្រិយទាំងនោះនឹងផ្សាភ្ជាប់ចំណងគ្រួសារ ទំនាក់ទំនងក្នុងគ្រួសារ និងសង្គម។ ពីព្រោះវាជាកោសិកាសំខាន់មួយនៃសង្គម។”

រាត្រីបុណ្យមួយបានកន្លងផុតទៅ ប៉ុន្តែការចងចាំអំពីចង្កៀងគោមធ្វើដោយដៃ ល្បែងជាមួយមិត្តភក្តិ ឬការទស្សនាខ្សែភាពយន្តជាមួយឪពុកម្តាយ អាចដក់ជាប់ក្នុងការចងចាំកុមារភាពក្នុងរយៈពេលយូរ។ ហើយនៅពេលនោះ វប្បធម៌ប្រពៃណីក៏ត្រូវបានបន្តដោយបែបធម្មជាតិផងដែរ - ពីកុមារភាពនៃជំនាន់មួយទៅជំនាន់មួយទៀត៕