សិទ្ធិទទួលបានលំនៅដ្ឋានស្របច្បាប់គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់វៀតណាម។ ច្បាប់លំនៅដ្ឋានក៏បញ្ជាក់យ៉ាងច្បាស់អំពីសិទ្ធិមានលំនៅដ្ឋាន និងសិទ្ធិទទួលបានកម្មសិទ្ធិស្របច្បាប់នៃលំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋ។ ប្រការនេះបង្ហាញថា ការថែទាំលំនៅដ្ឋានរបស់ប្រជាជនមិនត្រឹមតែជាការទទួលខុសត្រូវគ្រប់គ្រងរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាធាតុពិតដែលរដ្ឋតែងតែដាក់ប្រជាជននៅកណ្តាលនៃការអភិវឌ្ឍន៍ទៀតផង។

កសាងប្រព័ន្ធអេកូឡូស៊ីស្ថិរភាពលំនៅដ្ឋានប្រកបដោយចីរភាព

យោងតាមស្ថានភាពជាក់ស្តែងបង្ហាញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រួមជាមួយនឹងការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស និងបម្លាស់ទីកម្លាំងពលកម្មយ៉ាងខ្លាំង តម្រូវការលំនៅដ្ឋានសម្រាប់អ្នកមានប្រាក់ចំណូលទាប ពលករ និងកម្មករនៅតំបន់ទីក្រុងបានកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងពេលជាមួយគ្នានោះ សម្រាប់ប្រជាជនភាគច្រើន លទ្ធភាពមានបានលំនៅដ្ឋាននៅតែមានកម្រិត ការផ្គត់ផ្គង់លំនៅដ្ឋានសង្គមមិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ...។ គួរឲ្យកត់សម្គាល់ នៅពេលដែលបញ្ហាលំនៅដ្ឋានមិនត្រូវបានដោះស្រាយឲ្យបានសមស្រប ប៉ុន្តែវាដាក់សម្ពាធលើហេដ្ឋារចនាសម្ព័ន្ធទីក្រុង ការអប់រំ ការថែទាំសុខភាព សន្តិសុខសង្គម និងគុណភាពនៃកំណើនរយៈពេលវែង។ ដូច្នេះ ថ្មីៗនេះ ប្រទេសវៀតណាមបានចេញគោលនយោបាយសុខុមាលភាពសង្គមជាច្រើនជាបន្តបន្ទាប់លើលំនៅដ្ឋានដោយមានស្មារតីច្បាស់លាស់ថា៖ ការអភិវឌ្ឍលំនៅដ្ឋានត្រូវបានដាក់នៅកម្រិតគោលនយោបាយសុខុមាលភាព​សង្គម និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសជាតិ។

នៅក្នុងកិច្ចប្រជុំស្តីពីការអភិវឌ្ឍលំនៅដ្ឋានជួលនៅទីក្រុងហាណូយ នាថ្ងៃទី២៥ ខែឧសភា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា៖ “រដ្ឋនឹងដើរតួនាទីស្ថាបនា ដោយផ្តល់ស្ថាប័ន គោលនយោបាយ ផែនការមេ និងឧបករណ៍ហិរញ្ញវត្ថុ ឥណទាន ដើម្បីធានាថា ទីផ្សារអភិវឌ្ឍន៍ប្រកបដោយមានតម្លាភាព។ យើងនឹងមានយន្តការ និងគោលនយោបាយកៀរគរអាជីវកម្ម និងធនធានសង្គមដើម្បីចូលរួមជាមួយប្រាក់ចំណេញសមហេតុផល និងធានាថា ប្រជាជនអាចទទួលបានលំនៅដ្ឋានដែលមានស្ថិរភាព រយៈពេលវែង សុវត្ថិភាព និងមានតម្លៃសមរម្យ”

សារនេះបង្ហាញពីវិធីសាស្រ្តអភិក្រមថ្មី នោះគឺ៖ រដ្ឋមិនជំនួសទីផ្សារទេ ប៉ុន្តែត្រូវតែណែនាំទីផ្សារឲ្យអភិវឌ្ឍន៍តាមរបៀបដែលធ្វើឲ្យសុខដុមរមនាដល់ផលប្រយោជន៍របស់អាជីវកម្ម និងប្រជាជន។ នេះក៏ជាចំណុចសំខាន់មួយផងដែរ ដើម្បីជៀសវាងស្ថានភាពដែលទីផ្សារអចលនទ្រព្យមានការអភិវឌ្ឍមិនស្មើគ្នា ទំនោរទៅរកការទិញទុក ឬបម្រើតែក្រុមដែលមានប្រាក់ចំណូលខ្ពស់ប៉ុណ្ណោះ។

ជាពិសេស ជាលើកដំបូង វៀតណាមបានកំណត់យ៉ាងច្បាស់ថា លំនៅដ្ឋានជួលត្រូវតែជាផ្នែកយុទ្ធសាស្ត្ររយៈពេលវែង។ ប្រការនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរក្នុងការត្រិះរិះអំពីការអភិវឌ្ឍលំនៅដ្ឋាន។ ពីព្រោះ មិនមែនគ្រប់គ្នាសុទ្ធតែអាចមានផ្ទះផ្ទាល់ខ្លួនភ្លាមៗនោះទេ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់ត្រូវការឱកាសដើម្បីទទួលបានលំនៅដ្ឋានដែលមានស្ថេរភាព និងសុវត្ថិភាព។ នៅក្នុងប្រទេសអភិវឌ្ឍន៍ជាច្រើន លំនៅដ្ឋានជួលគឺជាសមាសធាតុដ៏សំខាន់មួយនៃគោលនយោបាយសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ទីក្រុង។ និយមន័យកាន់តែច្បាស់លាស់របស់ប្រទេសវៀតណាមអំពីផ្នែកនេះបង្ហាញថា គោលនយោបាយលំនៅដ្ឋានកាន់តែស៊ីសង្វាក់គ្នាជាមួយនឹងតម្រូវការជាក់ស្តែងរបស់សង្គម និងនិន្នាការអភិវឌ្ឍន៍ទំនើប។ ជាមួយគ្នានេះ ដំណោះស្រាយមួយចំនួនកំពុងត្រូវបានលើកកម្ពស់ ដូចជា៖ បង្កើតមូលនិធិលំនៅដ្ឋានជាតិ; ផ្តល់អាទិភាពដល់ការបែងចែកដីធ្លីសម្រាប់លំនៅដ្ឋានសង្គម; ធ្វើកំណែទម្រង់យ៉ាងសំខាន់លើនីតិវិធីវិនិយោគ ដើម្បីកាត់បន្ថយពេលវេលាអនុវត្តគម្រោង...។

ធានាសិទ្ធិទទួលបានស្ថិរភាពលំនៅដ្ឋានរបស់ប្រជាជនគ្រប់រូប គោលនយោបាយ និងគោលការណ៍ណែនាំថ្មីៗនេះ ស្តីពីការអភិវឌ្ឍលំនៅដ្ឋាននៅតែបន្តបញ្ជាក់ពីទស្សនៈស្របគ្នារបស់វៀតណាមគឺ៖ ការអភិវឌ្ឍត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងវឌ្ឍនភាពនិងសមធម៌សង្គម។ នៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ រដ្ឋមិនត្រឹមតែផ្តោតលើកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងផ្តល់អាទិភាពដល់ការធានាសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងនោះ មានទាំងសិទ្ធិទទួលបានលំនៅដ្ឋានផងដែរ។

នៅក្នុងកិច្ចប្រជុំធ្វើការជាមួយគណៈកម្មាធិការបក្សរដ្ឋាភិបាល ស្តីពីស្ថានភាពអនុវត្តសារាចរលេខ ៣៤ របស់គណៈកម្មាធិការមជ្ឈិមបក្ស ស្តីពីការបង្កើនភាពជាអ្នកដឹកនាំរបស់បក្ស ចំពោះការអភិវឌ្ឍលំនៅដ្ឋានសង្គមក្នុងស្ថានភាពថ្មី អគ្គលេខាបក្ស ប្រធាមរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់យ៉ាងច្បាស់ថា គោលនយោបាយលំនៅដ្ឋានក្នុងដំណាក់កាលថ្មី ត្រូវតែរចនាឡើងជាមួយនឹងផ្នត់គំនិតថ្មី និងចក្ខុវិស័យថ្មី៖ “លំនៅដ្ឋានត្រូវតែដាក់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងថ្នាក់ជាតិ នៅក្នុងតំបន់ទីក្រុងនីមួយៗ តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ច តំបន់ថាមវន្ត និងច្រករបៀងកំណើន។ ការធ្វើផែនការមេលំនៅដ្ឋានត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស និងសេវាកម្មសង្គម ជាមួយនឹងយន្តការវប្បធម៌ និងកន្លែងរស់នៅគ្រប់គ្រាន់សម្រាប់ប្រជាជន។ រដ្ឋត្រូវតែបង្កើតទុនបំរុងដីធ្លី រៀបចំផែនការ ផ្តល់ការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ កំណត់ស្តង់ដារ បទប្បញ្ញត្តិ និងសម្របសម្រួលនីតិវិធីរដ្ឋបាលពាក់ព័ន្ធ និង ទីផ្សារចូលរួមក្នុងការសាងសង់ និងប្រតិបត្តិការជាមួយនឹងអត្ថប្រយោជន៍សមហេតុផល។ ជាមួយគ្នានោះ ប្រជាជនត្រូវតែមានលទ្ធភាពទទួលបានលំនៅដ្ឋានដែលមានស្ថេរភាព សុវត្ថិភាព មានតម្លៃសមរម្យ និងផ្តោតលើគោលដៅ។ លំនៅដ្ឋានជួលត្រូវតែក្លាយជាសសរស្តម្ភយុទ្ធសាស្ត្រ”។

តម្លៃរបស់ប្រទេសអភិវឌ្ឍន៍មួយត្រូវតែវាស់វែងដោយសមត្ថភាពរបស់ប្រជាពលរដ្ឋទាំងអស់ក្នុងការទទួលបានជីវភាពដែលមានស្ថិរភាពតាមរយៈកម្លាំងពលកម្មរបស់ខ្លួន។ គោលនយោបាយលំនៅដ្ឋានដែលកំពុងត្រូវបានអនុវត្តនាពេលបច្ចុប្បន្នមិនត្រឹមតែមានសារៈសំខាន់ខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់យ៉ាងច្បាស់អំពីស្មារតីនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ​ យកប្រជាជនជាចំណុចកណ្តាល ធានា​ថា ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​​ទុក​ចោល​នៅ​ពីក្រោយ​ក្នុង​ដំណើរ​អភិវឌ្ឍន៍ឡើយ៕