កាលពីថ្ងៃទី ២៨ ខែមេសា ព្រះមហាក្សត្រ Charles ទី ៣ របស់ចក្រភពអង់គ្លេសបានបញ្ជាក់ជាថ្មីអំពី “ទំនាក់ទំនងពិសេស” រវាងចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកនៅក្នុងព្រះរាជសុន្ទរកថា នៅចំពោះមុខរដ្ឋសភាសហរដ្ឋអាមេរិក ក្នុងក្របខ័ណ្ឌព្រះរាជដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃរបស់ព្រះអង្គទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីរំលឹកខួប ២៥០ឆ្នាំ នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក។
ថ្លែងនៅចំពោះមុខសម័យប្រជុំរួមរបស់រដ្ឋសភានៅឯសភាតំណាងរាស្ត្រ ព្រះមហាក្សត្របានពិពណ៌នាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរថា ជា “រឿងរ៉ាវនៃការផ្សះផ្សា ការផ្លាស់ប្ដូរថ្មី និងកិច្ចសហប្រតិបត្តិការគួរឲ្យមិនជឿ” ដែលកើតចេញពីការបែកបាក់យ៉ាងជ្រាលជ្រៅកាលពី ២៥០ ឆ្នាំមុន នៅពេលដែលអាណានិគមអង់គ្លេសចំនួន ១៣ នៅអាមេរិកខាងជើងបានប្រកាសឯករាជ្យ។
ព្រះអង្គបានសង្កត់ធ្ងន់ថា ពីប្រវត្តិសាស្ត្រនៃការប្រឈមមុខដាក់គ្នា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានបង្កើតសម្ព័ន្ធភាពដ៏មានឥទ្ធិពលបំផុតមួយរបស់ពិភពលោក ដោយផ្អែកលើតម្លៃរួមអំពីប្រជាធិបតេយ្យ នីតិរដ្ឋ និងស្ថាប័នសង្គម។ យោងតាមព្រះអង្គ មូលដ្ឋានគ្រឹះរួមទាំងនេះបានជួយប្រទេសទាំងពីររកឃើញមធ្យោបាយដើម្បី “មកជួបជុំគ្នា” ក្នុងអំឡុងពេលដ៏លំបាកក្នុងប្រវត្តិសាស្ត្រ។
ព្រះអង្គក៏បានលើកឡើងពីប្រពៃណីយូរអង្វែងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់ពីកិច្ចសហប្រតិបត្តិការក្នុងអំឡុងសង្គ្រាមលោក រហូតដល់បញ្ហាប្រឈមសម័យទំនើប ដោយចាត់ទុកថា ទំនាក់ទំនងនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ស្ថិរភាពសកលទៀតផង៕






