កាលពីថ្ងៃទី ២៨ ខែមេសា រដ្ឋមន្ត្រីក្រសួងថាមពលនិងហេដ្ឋារចនាសម្ព័ន្ធនៃអេមីរ៉ាតអារ៉ាប់រួម (UAE) លោក Suhail Al Mazrouei បានឲ្យដឹងថា ការសម្រេចចិត្តដកខ្លួនចេញពីអង្គការប្រទេសនាំចេញប្រេង (OPEC) គឺ "ផ្អែកលើគោលនយោបាយសុទ្ធសាធ" ដើម្បីត្រៀមរៀបចំសម្រាប់អនាគតរបស់ប្រទេសជាតិ។
ក្នុងនាមជាប្រទេសផលិតប្រេងធំជាងគេទី ៧ របស់ពិភពលោក UAE បានប្រកាសជាផ្លូវការអំពីការដកខ្លួនចេញពីអង្គការ OPEC ក្រោយពីជាង ៥ ទសវត្សរ៍។ ការសម្រេចចិត្តនេះចូលជាធរមាននៅថ្ងៃទី ១ ខែឧសភា។ UAE ក៏ដកខ្លួនចេញពីកាតព្វកិច្ចនៅក្នុងសម្ព័ន្ធភាព OPEC+ ដែលរួមមានសមាជិកមិនមែន OPEC ដឹកនាំដោយរុស្ស៊ីផងដែរ។
លោករដ្ឋមន្ត្រី Al Mazrouei បានសង្កត់ធ្ងន់ថានេះគឺជាការសម្រេចចិត្តដែលបានពិចារណាយ៉ាងយកចិត្តទុកដាក់ ដែលកើតចេញពីចក្ខុវិស័យយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរយៈពេលវែង ហើយមិនមានអត្ថន័យនយោបាយនោះឡើយ។ លោកបានចាត់ទុកថា ពេលវេលាបច្ចុប្បន្នគឺសមស្រប ពីព្រោះផលប៉ះពាល់លើតម្លៃប្រេង និងអ្នកផលិតផ្សេងទៀត ជាពិសេសដៃគូនៅក្នុង OPEC+ នឹងមានតិចតួចបំផុត។
ការចាកចេញពី OPEC ត្រូវបានគេរំពឹងថា នឹងផ្តល់ឱ្យ UAE នូវភាពបត់បែន និងការឆ្លើយតបកាន់តែប្រសើរឡើងក្នុងការគ្រប់គ្រងទីផ្សារប្រេង ជាពិសេសនៅក្នុងបរិបទនៃការធ្លាក់ចុះប្រភពផ្គត់ផ្គង់ថាមពលសកល ដោយសារតែជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល និងអ៊ីរ៉ង់។ នេះក៏ជាផ្នែកមួយនៃផែនការជាតិឆ្ពោះទៅរកស្វ័យភាពយុទ្ធសាស្ត្រ ដោយកាត់បន្ថយការពឹងផ្អែកលើប្លុកសម្ព័ន្ធមិត្តណាមួយផងដែរ៕






