ក្នុងនោះ ការបិទច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz បានបង្កឡើងវិបត្តិមួយក្នុងចំណោមវិបត្តិដ៏ធំបំផុតសម្រាប់សកម្មភាពនាវាចរណ៍សកល។

នៅថ្ងៃទី ២៧ ខែមេសា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានធ្វើកិច្ចពិភាក្សាបើកចំហមួយស្តីពី "សន្តិសុខនិងការការពារផ្លូវទឹកនៅក្នុងវិស័យនាវាចរណ៍"។ កិច្ចពិភាក្សានេះបានធ្វើឡើង ក្នុងបរិបទដែលជម្លោះនៅមជ្ឈិមបូព៌ាបាននាំឱ្យមានការបិទច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ហើយធ្វើឱ្យពិភពលោកធ្លាក់ចូលទៅក្នុងវិបត្តិសន្តិសុខនាវាចរណ៍ដ៏ធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ចំណុចស្នូល Hormuz

កិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានដឹកនាំដោយលោក Abdullatif bin Rashid Al Zayani រដ្ឋមន្ត្រីការបរទេសបារ៉ែន ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខ និងមានការចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អគ្គលេខាធិការអង្គការនាវាចរណ៍ពិភពលោក (IMO) លោក Arsenio Dominguez ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ និងអ្នកជំនាញមួយចំនួន។

ភាពជាប់គាំងនៅច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ដែលមានទីតាំងស្ថិតនៅចន្លោះអ៊ីរ៉ង់ និងអូម៉ង់ គឺជាកង្វល់ពិសេស។ ដោយសារជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ច្រកសមុទ្រនេះត្រូវបានបិទនិងបើកម្តងហើយម្តងទៀត ហើយបច្ចុប្បន្នកំពុងត្រូវរងការហ៊ុំព័ទ្ធការពីរជុំ ដោយអ៊ីរ៉ង់និងសហរដ្ឋអាមេរិក។ ជាកន្លែងឆ្លងកាត់សម្រាប់ការនាំចេញប្រេងឧស្ម័នប្រហែល ២០% របស់ពិភពលោក ការបិទច្រកសមុទ្រ Hormuz មិនត្រឹមតែបណ្តាលឱ្យមានការរំខានដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រចំពោះការផ្គត់ផ្គង់ថាមពលប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យសន្តិសុខនាវាចរណ៍សកលរងគ្រោះ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លំហូរពាណិជ្ជកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងកំណើនសកលទៀតផង។ ដូច្នេះ ប្រទេសនិងអង្គការភាគច្រើនដែលចូលរួមក្នុងកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខ បានអំពាវនាវឱ្យមានវិធានការបន្ទាន់ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសថា៖

“សិទ្ធិនាវាចរណ៍ និងសេរីភាពក្នុងការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវតែគោរព ដូចដែលបានបញ្ជាក់នៅក្នុងសេចក្តីសម្រេចចិត្តលេខ ២៨១៧ របស់ក្រុមប្រឹក្សាសន្តិសុខ។ គោលការណ៍ទាំងនេះត្រូវតែគោរពយ៉ាងពេញលេញនិងគ្មានការពន្យារពេល។ ខ្ញុំអំពាវនាវដល់គ្រប់ភាគីទាំងអស់ សូមបើកច្រកសមុទ្រ Hormuz តែម្ដង។ សូមអនុញ្ញាតឱ្យនាវាឆ្លងកាត់ដោយមិនគិតថ្លៃ ដោយគ្មានការរើសអើង។ សូមអនុញ្ញាតឱ្យពាណិជ្ជកម្មធ្វើសកម្មភាពឡើងវិញ អនុញ្ញាតឱ្យសេដ្ឋកិច្ចពិភពលោកអាចដកដង្ហើមបាន”។

មុននឹងកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខ សន្និសីទអន្តរជាតិជាច្រើនត្រូវបានធ្វើឡើងដើម្បីពិភាក្សាអំពីសេណារីយ៉ូ នយោបាយ យោធា និងបច្ចេកទេស សម្រាប់ការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានចាត់ទុកថា ភាពមិនប្រាកដប្រជា ក្នុងភាពតានតឹងផ្នែកការទូត-យោធារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យសេណារីយ៉ូទាំងអស់ទំនងជាមិនអាចធ្វើទៅបានឡើយ។ លោក Alexis Ellender អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុនទិន្នន័យនាវាចរណ៍ Kpler បានវាយតម្លៃថា៖

“យើងនៅតែឆ្លងកាត់ផ្លូវវែងឆ្ងាយទៀត ដើម្បីវិលត្រឡប់ទៅរកស្ថានការណ៍ពាណិជ្ជកម្មធម្មតាវិញ តាមរយៈច្រកសមុទ្រ Hormuz។ ខ្ញុំគិតថា រឿងដែលបង្កគ្រោះថ្នាក់បំផុតនោះគឺថា នាវាត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ ប៉ុន្តែបន្ទាប់មកបានឈប់យ៉ាងឆាប់រហ័ស ដូច្នេះការរង់ចាំបន្ទាប់នឹងយូរជាង។ សម្រាប់នាវាដែលជាប់គាំងនៅមជ្ឈិមបូព៌ា គេនឹងរកផ្លូវចេញយ៉ាងឆាប់រហ័ស ប៉ុន្តែសម្រាប់នាវាដែលត្រឡប់មកពីតំបន់ផ្សេងដើម្បីដឹកទំនិញ ប្រេង ឬជី ខ្ញុំគិតថាពួកគេនឹងប្រុងប្រយ័ត្នខ្លាំង”។

ការផ្តល់អាទិភាពដល់ការជួយសង្គ្រោះ

យោងតាមតួរលេខរបស់ IMO បច្ចុប្បន្នមាននាវិកជាង ២ ម៉ឺននាក់ និងនាវាពាណិជ្ជកម្មជាង ២០០០ គ្រឿង កំពុងជាប់គាំងនៅក្នុងឈូងសមុទ្រពែក្ស​ ដោយសារតែការរឹតត្បិតលើការឆ្លងកាត់ច្រកសមុទ្រ Hormuz។ ស្ថានភាពរបស់នាវិកទាំងនេះកាន់តែអាក្រក់ទៅៗ ដោយសារតែគេត្រូវរស់នៅក្នុងសម្ពាធ និងការភ័យខ្លាចចំពោះសុវត្ថិភាពរបស់ខ្លួនក្នុងរយៈពេលច្រើនថ្ងៃ ហើយលក្ខខណ្ឌរស់នៅលើនាវា ក៏កាន់តែយ៉ាប់យ៉ឺនផងដែរ។

ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ អគ្គលេខាធិការ IMO លោក Arsenio Dominguez បានអំពាវនាវឱ្យមានជំនួយអន្តរជាតិដើម្បីជម្លៀសនាវិកដែលជាប់គាំងនៅក្នុងច្រកសមុទ្រ Hormuz ដែលដំបូងឡើយគឺការគាំទ្រចំពោះផែនការរបស់ IMO ដើម្បីសម្រួលដល់ការជម្លៀស។ នេះជាលើកទីពីរហើយក្នុងមួយសប្តាហ៍ដែល IMO បានចេញសេចក្តីអំពាវនាវបែបនេះ។ លោក Arsenio Dominguez បាន​និយាយ​ថា៖

“បន្ទាប់ពីការសម្រេចចិត្តរបស់ក្រុមប្រឹក្សា IMO ខ្ញុំបានចាប់ផ្តើមបង្កើតផែនការជម្លៀសមួយ ដោយប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនដាច់ដោយឡែក ដែលមានស្រាប់ ដើម្បីជម្លៀសនាវា និងក្រុមនាវិកចេញពីតំបន់ជម្លោះដោយសុវត្ថិភាព។ បញ្ហាបច្ចេកទេស និងការរៀបចំ (នៃផែនការ) កំពុងត្រូវបានអនុវត្តន៍ដោយមានការចូលរួមពីប្រទេសក្នុងតំបន់ រួមទាំងអ៊ីរ៉ង់ និងការជួយគាំទ្រពីប្រទេសដែលពាក់ព័ន្ធនឹងការចរចាផងដែរ។ IMO ត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តន៍ផែនការនេះដោយគ្មានការពន្យារពេល ប៉ុន្តែលុះត្រាតែមានសុវត្ថិភាពប៉ុណ្ណោះ”។

ក្រៅពីការផ្តល់អាទិភាពដល់ការជម្លៀសនាវិក ថ្នាក់ដឹកនាំ IMO ក៏បានអំពាវនាវឲ្យប្រទេសនានាធានាការសន្យាជាក់ស្តែងចំពោះឧស្សាហកម្មដឹកជញ្ជូនតាមផ្លូវសមុទ្រ ដើម្បីអនុញ្ញាតឱ្យបន្តប្រតិបត្តិការធម្មតាឡើងវិញក្នុងពេលឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ លោកបានសង្កត់ធ្ងន់ថា គោលការណ៍សេរីភាពនាវាចរណ៍គឺមិនអាចចរចាបានទេ។ នាវាត្រូវតែត្រូវបានអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្មលើទូទាំងពិភពលោកដោយគ្មានការរារាំង និងស្របតាមច្បាប់អន្តរជាតិ។ ប្រទេសនានាមិនអាចបិទច្រកសមុទ្រដែលប្រើសម្រាប់ការធ្វើនាវាចរណ៍អន្តរជាតិបានទេ។ ដូចគ្នានេះដែរ គ្មានប្រទេសណាមួយអាចទាមទារការទូទាត់ ឬដាក់ថ្លៃសេវា ឬលក្ខខណ្ឌរើសអើង នៅក្នុងច្រកសមុទ្រអន្តរជាតិបានទេ៕