VOV WorldVOV World
ជម្លោះមជ្ឈិមបូព៌ា៖ ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ និងបណ្តា​ប្រទេស​ឈូងសមុទ្រពែរ្ស ​រងការវាយប្រហារ
19/03/2026 08:30
(VOVWORLD) - នាថ្ងៃទី ១៨ ខែមីនា ដែលជាថ្ងៃទី ១៩ នៃជម្លោះមជ្ឈិមបូព៌ា សេណារីយ៉ូដ៏គួរឲ្យព្រួយបារម្ភបានកើតឡើង៖ ហេដ្ឋារចនាសម្ព័ន្ធថាមពលនៅអ៊ីរ៉ង់ និងបណ្តាប្រទេសឈូងសមុទ្រពែរ្ស បានក្លាយជាគោលដៅនៃការវាយប្រហារដោយចេតនា។
ជម្លោះមជ្ឈិមបូព៌ា៖ ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ និងបណ្តា​ប្រទេស​ឈូងសមុទ្រពែរ្ស ​រងការវាយប្រហារ
រោងចក្រផលិតឧស្ម័នធម្មជាតិរាវ (LNG) របស់ក្រុមហ៊ុន QatarEnergy នៅមណ្ឌលឧស្សាហកម្ម Ras Laffan ប្រទេសកាតា នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៦។ (រូបថត៖ REUTERS) ក្រសួងមហាផ្ទៃកាតាកាលពីយប់ថ្ងៃទី ១៨ ខែមីនា បានប្រកាសថា រោងចក្រឧស្ម័នដ៏ធំមួយរបស់ប្រទេសនេះនៅក្នុងតំបន់ Ras Laffan នៅក្បែរតំបន់ឈូងសមុទ្រពែរ្ស រងការវាយប្រហារដោយអ៊ីរ៉ង់ បណ្តាលឱ្យមានគ្រោះអគ្គីភ័យដ៏សាហាវ។ មកទល់ពេលនេះ មិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរងរបួសនៅក្នុងហេតុការណ៍នេះទេ។ មុននោះ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានប្រកាសថា ទីក្រុងតេអេរ៉ង់នឹងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅបណ្តាប្រទេសឈូងសមុទ្រពែរ្ស រួមទាំងកាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE) ដើម្បីសងសឹកចំពោះការវាយប្រហារតាមផ្លុវអាកាសរបស់អ៊ីស្រាអែលលើអណ្តូងឧស្ម័នធំបំផុតរបស់អ៊ីរ៉ង់នៅក្នុងខេត្ត Bushehr កាលពីរសៀលថ្ងៃទី ១៨ ខែមីនា។ នៅក្នុងសារមួយនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី ១៨ មីនា  ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់នឹងធ្វើឱ្យជម្លោះកាន់តែស្មុគស្មាញ និងបង្កផលវិបាកដែលមិនអាចគ្រប់គ្រងបានសម្រាប់តំបន់ និងពិភពលោក។ មុននោះ នៅលើបណ្តាញសង្គម X អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed al-Ansari ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើអណ្តូងឧស្ម័នធំបំផុតរបស់អ៊ីរ៉ង់ ដោយចាត់ទុកនេះ ជាទង្វើដ៏គ្រោះថ្នាក់ គ្មានការទទួលខុសត្រូវ និងបង្កគ្រោះថ្នាក់ដល់តំបន់ទាំងមូល៕
TAG
VOV/VOVworld/ជម្លោះ/មជ្ឈិមបូព៌ា/ហេដ្ឋារចនាសម្ព័ន្ធ/ថាមពល/អ៊ីរ៉ង់/​ឈូងសមុទ្រពែរ្ស

More