VOV WorldVOV World
ការនាំចូលនិងនាំចេញឆ្នាំ ២០២៥ ត្រូវបានរំពឹងថា សម្រេចបានជាង ៩២០ ពាន់លានដុល្លារអាមេរិក
16/12/2025 10:44
(VOVWORLD) - ការនាំចូលនិងនាំចេញរបស់វៀតណាមនៅឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងឈានដល់កម្រិត "កំណត់ត្រា" ជាមួយនឹងទំហំពាណិជ្ជកម្មសម្រេចបានលើសពី ៩២០ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ ៤៧០ ពាន់លានដុល្លារអាមេរិក ដែលជាកំណត់ត្រាសម្រាប់ការនាំចូលនិងនាំចេញ ដោយនាំវៀត ណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ២០ អំពីចំណូលនាំចូលនិងនាំចេញ។
ការនាំចូលនិងនាំចេញឆ្នាំ ២០២៥ ត្រូវបានរំពឹងថា សម្រេចបានជាង ៩២០ ពាន់លានដុល្លារអាមេរិក
ទិដ្ឋភាពនៃសិក្ខាសាលា "ដំណោះស្រាយសម្រាប់កំណើននាំចេញខ្ពស់ និងប្រកបដោយចីរភាព" (រូបថត៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) នៅក្នុងកិច្ចពិភាក្សា "ដំណោះស្រាយសម្រាប់កំណើននាំចេញខ្ពស់ និងប្រកបដោយចីរភាព" ដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរៀបចំឡើង នាព្រឹកថ្ងៃទី ១៦ ខែធ្នូ នៅទីក្រុងហាណូយ លោក ត្រឹន ថាញ់ ហាយ អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា៖ “ទាក់ទងនឹងរចនាសម្ព័ន្ធ យើងក៏បានឃើញការផ្លាស់ប្តូរវិជ្ជមានយ៉ាងខ្លាំងផងដែរ ខណៈដែលបរិមាណ ៨៥% នៃទំនិញនាំចេញបច្ចុប្បន្នគឺជាទំនិញឧស្សាហកម្ម។ ក្រឡេកមើលទៅសម័យមុនឆ្នាំ ១៩៩៥ ក្រុមទំនិញធំបំផុតនៅពេលនោះគឺផលិតផលប្រេងឥន្ធនៈ និងរ៉ែ ជាពិសេសប្រេងឆៅ។ រហូតមកដល់បច្ចុប្បន្ន យើងឃើញភាពខុសគ្នាគួរឱ្យកត់សម្គាល់ ដោយផលិតផលប្រេងឥន្ធនៈ និងរ៉ែមានចំនួនតិចតួចប៉ុណ្ណោះ ហើយទំនិញឧស្សាហកម្មមានចំណែកនាំចេញច្រើនបំផុត។ ទាក់ទងនឹងការនាំចូល រហូតដល់ ៩០% នៃទំនិញនាំចូលសំខាន់ៗគឺជាវត្ថុធាតុដើម និងសម្ភារៈជំនួយដើម្បីបម្រើសកម្មភាពផលិតកម្ម និងនាំចេញ ហើយនៅសល់គឺជាទំនិញសម្រាប់ជីវភាពប្រចាំថ្ងៃ”។ តំណាងមកពីនាយកដ្ឋាននាំចូល-នាំចេញ នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក៏បានបញ្ជាក់ផងដែរថា អាជីវកម្មវៀតណាមបានប្រើប្រាស់អត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៧ ដែលបានចុះហត្ថលេខា ដែលគ្របដណ្តប់លើទីផ្សារសំខាន់ៗជាង ៦០ នៅទូទាំងពិភពលោក ដែលរួមចំណែកដល់កំណើនយ៉ាងឆាប់រហ័ស និងរឹងមាំនៃសកម្មភាពនាំចូល និងនាំចេញរបស់វៀតណាម៕
TAG
VOV/VOVworld/ការនាំចូល/នាំចេញ/ឆ្នាំ ២០២៥/៩២០ ពាន់លានដុល្លារអាមេរិក