ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់នាយប់ថ្ងៃទី ២៤ ខែឧសភា​បា​ន​បញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់​ជា​បណ្តោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកមិនទាន់ត្រូវបានឯកភាពនៅឡើយទេ ហើយកំពុងប្រឈមមុខនឹងហានិភ័យនៃការដួល​រលំ​។ មូលហេតុគឺដោយសារតែសហរដ្ឋអាមេរិក មិនទាន់ទទួលយក​ខ្លឹមសារ សំខាន់ៗ​មួយចំនួន​នៅឡើយ​។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បានអះអាងថា សហរដ្ឋអាមេរិកកំពុងរារាំងវឌ្ឍនភាពនៃការសម្រេចបានលក្ខខណ្ឌសំខាន់ៗ​នៃកិច្ចព្រមព្រៀង រួមទាំងការដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបាន​បង្កក​។ ហានិភ័យនៃការលុប​ចោលកិច្ចព្រមព្រៀងបានលេចចេញ ដែលបង្កើនការ​មន្ទិល​សង្ស័យអំពីអ្វីដែលភាគីទាំងពីរបានអះអាងកាលពី​មួយ​ថ្ងៃមុន​នោះ ទាក់ទងនឹងលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌ​មួយ​ក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រភព​ព័ត៌មាន​នេះ មិនបានបញ្ជាក់ថា តើការចរចានឹងបន្តឬអត់នោះទេ។ ការបញ្ជាក់ជាផ្លូវការពីរដ្ឋាភិបាលអ៊ីរ៉ង់ទាក់ទងនឹងហានិភ័យនៃការដួលរលំកិច្ចព្រមព្រៀងក៏មិនទាន់ត្រូវបានចេញផ្សាយដែរ។

មុននោះ សហរដ្ឋអាមេរិក អ៊ីរ៉ង់ និងប៉ាគីស្ថាន​ដែលជាអន្តរការី សុទ្ធតែបានបង្ហាញពីលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងបឋម រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់៕