“ចាំបាច់ត្រូវជំរុញ ‘ការតភ្ជាប់ទាំងបី’ ដើម្បីបង្កើតលំហសេដ្ឋកិច្ចដែលបំពេញបន្ថែមគ្នារវាងវៀតណាមនិងថៃ”។ នេះជាការអះអាងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នៅក្នុងវេទិកាធុរកិច្ចវៀតណាម-ថៃ ដែលបានប្រារព្ធឡើងនៅរសៀលថ្ងៃទី ២៨ ខែឧសភា នៅទីក្រុងបាងកក (ប្រទេសថៃ) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ព្រះរាជាណាចក្រថៃ។
ថ្លែងនៅក្នុងវេទិកានេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគួរតែលើសពីការផ្លាស់ប្តូរទំនិញធម្មតា ដោយឆ្ពោះទៅរកការផលិតរួមគ្នា ការកែច្នៃរួមគ្នា ការចែកចាយរួមគ្នា និងការកសាងម៉ាកយីហោរួមគ្នា។
“ជំរុញ ‘ការតភ្ជាប់ទាំងបី’ ដើម្បីបង្កើតលំហសេដ្ឋកិច្ចដែលបំពេញបន្ថែមគ្នារវាងវៀតណាម និងថៃ។ ទីមួយ គឺការតភ្ជាប់ផលិតកម្ម រួមទាំងការតភ្ជាប់កាន់តែស៊ីជម្រៅនៃខ្សែសង្វាក់ផ្គត់ផ្គង់ ឧស្សាហកម្មកែច្នៃ រថយន្ត អេឡិចត្រូនិច កសិកម្ម អាហារ និងទំនិញប្រើប្រាស់។ បន្ទាប់មកគឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ៖ ការសម្របសម្រួលកាន់តែប្រសើរឡើងនៃភស្តុភារកម្មតាមផ្លូវគោក ផ្លូវអាកាស និងកំពង់ផែសមុទ្រ មជ្ឈមណ្ឌលចែកចាយ និងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន។ ចុងក្រោយ គឺការតភ្ជាប់ការផ្លាស់ប្តូរ រួមទាំងការជំរុញសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ថាមពលស្អាត សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ និងការបណ្តុះបណ្តាលធនធានមនុស្ស”។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល បានអះអាងថា ភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសថៃនិងវៀតណាមនឹងមិនអាចធ្វើទៅរួចទេ ប្រសិនបើខ្វះតួនាទីដ៏ខ្លាំងក្លានៃវិស័យសេដ្ឋកិច្ចឯកជន និងសហគមន៍ធុរកិច្ច ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕
ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងលោកនាយករដ្ឋមន្ត្រី អនុទីន ចាន់វីរៈគុល បានធ្វើជាសាក្សីក្នុងពិធីប្រកាសការសម្ពោធផ្លូវហោះហើរត្រង់របស់ក្រុមហ៊ុន Vietnam Airlines ពីទីក្រុងហូជីមិញ ទៅកាន់ ភូកេត ជាមួយនឹងជើងហោះហើរទៅមកចំនួន ៤ ជើងក្នុងមួយសប្តាហ៍ ចាប់តាំងពីដើមខែកក្កដា។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្តូរកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងក្រុមហ៊ុននិងសហគ្រាសវៀតណាមក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ថាមពល ប្រេងឧស្ម័ន និងអាកាសចរណ៍ ជាមួយដៃគូថៃផងដែរ។





