ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានឲ្យ​ដឹងថា វៀតណាម​កំពុងកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម ដោយផ្តល់អាទិភាពដល់ការទាក់ទាញគម្រោងដែលមានគុណភាពខ្ពស់ ជាមួយនឹងខ្លឹមសារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ ការគ្រប់គ្រងទំនើប និងមាន​ទំនាក់ទំនងល្អជាមួយអាជីវកម្មក្នុងស្រុក។ លោក​បានស្នើឱ្យ TCC Group គាំទ្រសហគ្រាសធុនតូចនិងមធ្យមរបស់វៀតណាម​ឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដោយរួមចំណែកជាវិជ្ជមានដល់ការតភ្ជាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ក៏ដូចជា​បណ្តា​ប្រទេសអាស៊ាន។

ដោយទទួលស្គាល់សកម្មភាពវិនិយោគនិងអាជីវកម្មរបស់ TCC Group នៅវៀតណាមនាពេលកន្លងទៅ លោក​អគ្គលេខា​បក្ស ប្រធានរដ្ឋ តូ ឡឹម បានលើកទឹកចិត្ត TCC Group ឱ្យបន្តវិនិយោគនិងអភិវឌ្ឍប្រតិបត្តិការអាជីវកម្មនៅវៀតណាម ដោយផ្តោត​លើការកែលម្អសមត្ថភាពគ្រប់គ្រង ការលើកកម្ពស់ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការការពារបរិស្ថាន និងការចូលរួមចំណែកជាវិជ្ជមានដល់សហគមន៍ក្នុងតំបន់។

រីឯខ្លួន​វិញ នាយកប្រតិបត្តិ TCC Group បានសម្តែងបំណងចង់ឱ្យ​វៀតណាមបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពវិនិយោគ និងអាជីវកម្មរបស់ក្រុមហ៊ុននៅវៀតណាម ហើយបានសង្កត់ធ្ងន់ថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ TCC Group កំពុងស្រាវជ្រាវលទ្ធភាពនៃការចាប់ផ្តើមសកម្មភាព​អាជីវកម្មបន្ថែមនៅក្នុងវិស័យ​ឡូជីស្ទិក ការកែច្នៃឡើងវិញ និងវិស័យផ្សេងៗទៀត៕​