លោកប្រធានាធិបតី ត្រាំ បានសង្កត់ធ្ងន់ថា លោកនឹងបញ្ជាក់យ៉ាងច្បាស់ជាមួយមេដឹកនាំចិនអំពីឋានៈឈានមុខគេរបស់អាមេរិកក្នុងវិស័យបញ្ញាសិប្បនិម្មិត នៅពេលដែលពួកគេជួបគ្នា ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានទាក់ទាញការវិនិយោគប្រមាណ ១៨ ទ្រីលានដុល្លារទៅក្នុងវិស័យបច្ចេកវិទ្យាក្នុងរយៈពេល ១១ ខែកន្លងមក។ យោងតាមលោក នេះគឺជាសក្ខីភាពដែលបង្ហាញពីកម្លាំងនៃសេដ្ឋកិច្ចអាមេរិក ក៏ដូចជាគុណសម្បត្តិប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាបើធៀបនឹងគូប្រជែងនានា ជាពិសេសប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានពិពណ៌នាទំនាក់ទំនងប្រកួតប្រជែងរវាងប្រទេសទាំងពីរថា ជាទំនាក់ទំនងដ៏ "រាក់ទាក់" ព្រមទាំងបានសម្តែងក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចនាពេលខាងមុខនេះ នឹងមានអត្ថន័យដ៏សំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគី។

នៅថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Scott Bessent បានអំពាវនាវឱ្យប្រទេសចិនបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីបញ្ចុះបញ្ចូលអ៊ីរ៉ង់ឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញសម្រាប់ការដឹកជញ្ជូនអន្តរជាតិ។ លោក Bessent បាននិយាយថា បញ្ហាច្រកសមុទ្រ Hormuz ទំនងជាត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំរវាង លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធានរដ្ឋ ស៊ី ជីនពីង៕