VOV WorldVOV World
រុស្ស៊ីចោទប្រកាន់អ៊ុយក្រែនពីការប្រើប្រាស់យន្តហោះដ្រូន ដើម្បីវាយប្រហារលើ​គេហដ្ឋាន​ប្រធានាធិបតី
30/12/2025 11:46
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នាថ្ងៃទី ២៩ ខែធ្នូ បានឲ្យដឹងថា នាយប់ថ្ងៃទី ២៨ ខែធ្នូ និងព្រឹកព្រលឹមថ្ងៃទី ២៩ ខែធ្នូ កងកម្លាំងការពារដែនអាកាសរុស្ស៊ីបានរកឃើញនិងស្ទាក់ចាប់យន្តហោះដ្រូនចំនួន ៩១ គ្រឿង ដែលត្រូវបានចាត់ទុកថា បានបង្ហោះចេញពីភាគីអ៊ុយក្រែន ឆ្ពោះទៅគេហដ្ឋានរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
រុស្ស៊ីចោទប្រកាន់អ៊ុយក្រែនពីការប្រើប្រាស់យន្តហោះដ្រូន ដើម្បីវាយប្រហារលើ​គេហដ្ឋាន​ប្រធានាធិបតី
យន្តហោះដ្រូនទាំងអស់ត្រូវបានបាញ់ទម្លាក់ ហើយមិនកត់ត្រាមានអ្នកស្លាប់និងរងរបួស ឬការខូចខាតខាងសម្ភារៈនោះទេ។ ចំពោះហេតុការណ៍នេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា កាយវិការនេះនឹងត្រូវបានឆ្លើយតប។ បើទោះបីរុស្ស៊ីមិនមានបំណងចង់ដកខ្លួនចេញពីការចរចាជាមួយអាមេរិកក្តី ប៉ុន្តែនៅក្នុងបរិបទនាបច្ចុប្បន្ន ជំហរនៃការចរចារបស់រុស្ស៊ីនឹងត្រូវបានពិចារណាឡើងវិញ។ ភាគីអ៊ុយក្រែនបានបដិសេធការចោទប្រកាន់ពីរុស្ស៊ី ហើយបញ្ជាក់ថា ខ្លួនមិនបានធ្វើការវាយប្រហារណាមួយលើគេហដ្ឋានរបស់ប្រធានាធិបតីរុស្ស៊ីទេ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ប្រទេសរបស់លោកធ្វើប្រតិបត្តិការយោធាសំដៅទៅលើគោលដៅយោធាស្របច្បាប់ ដើម្បីបម្រើតម្រូវការការពារខ្លួនតែប៉ុណ្ណោះ។ នៅសហរដ្ឋអាមេរិក ប្រធានាធិបតី លោក Donald Trump បានឲ្យដឹងថា លោកត្រូវបានជូនដំណឹងអំពីឧប្បត្តិហេតុនេះដោយប្រធានាធិបតីរុស្ស៊ីក្នុងកិច្ច សន្ទនាតាមទូរស័ព្ទនៅថ្ងៃទី ២៩ ខែធ្នូ ហើយបានសម្តែងការព្រួយបារម្ភចំពោះ ពីព័ត៌មាននេះ។ លោក Trump បានចាត់ទុកថា សកម្មភាពយោធាអាចបង្កើនភាពតានតឹងមិនសមស្របនៅក្នុងបរិបទបច្ចុប្បន្ន ប៉ុន្តែក៏បានកត់សម្គាល់ថា សហរដ្ឋអាមេរិកមិនមានប្រភពព័ត៌មានឯករាជ្យដើម្បីបញ្ជាក់ពីឧប្បត្តិហេតុនេះនៅឡើយទេ៕
TAG
VOV/VOVworld/រុស្ស៊ី/អ៊ុយក្រែន/ជម្លោះ/ការចរចាសន្តិភាព​