VOV WorldVOV World
ផ្សព្វផ្សាយពណ៌នៃវប្បធម៌វៀតណាមនៅបរទេស
15/11/2026 07:38
[VOVWORLD] - នាប៉ុន្មានថ្ងៃនេះ សកម្មភាពវប្បធម៌ចម្រុះជាច្រើនត្រូវបានសហគមន៍ជនជាតិវៀតណាមរៀបចំឡើងនៅតាមកន្លែងជាច្រើនជុំវិញពិភពលោក ដើម្បីអបអរសាទរទិវាមហាសាមគ្គីជាតិទាំងមូល (ថ្ងៃទី១៨ ខែវិច្ឆិកា) ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ ខែវិច្ឆិកា) និងទិវាវប្បធម៌វៀតណាម (ថ្ងៃទី២៤ ខែវិច្ឆិកា)។

ផ្សព្វផ្សាយពណ៌នៃវប្បធម៌វៀតណាមនៅបរទេស

ទិវាមហាសាមគ្គី និងទិវាវប្បធម៌វៀតណាមនៅទីក្រុងអូសាកា ឆ្នាំ២០២៦ បានបើកសម្ពោធជាផ្លូវការកាលពីម្សិលមិញ (ថ្ងៃទី១៤ ខែវិច្ឆិកា) ដែលជាការចាប់ផ្តើមនៃសកម្មភាពវប្បធម៌ អប់រំ ភាពយន្ត សិល្បៈ និងការផ្សព្វផ្សាយម្ហូបអាហារវៀតណាមនៅទីក្រុងអូសាកា ប្រទេស ជប៉ុន ដែលប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺថ្ងៃទី១៤ និងទី១៥ ខែវិច្ឆិកា។ ពិធីបុណ្យនេះត្រូវបានរៀបចំឡើងដោយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុងអូសាកា សហការជាមួយសមាគមជនជាតិវៀតណាមប្រចាំតំបន់កាន់សៃ (Kansai) និងបណ្តាអង្គការ សមាគម សហគមន៍ជនជាតិវៀតណាមនៅតំបន់កាន់សៃ។

ក្រោមមូលបទ “តភ្ជាប់សហគមន៍ - ផ្សព្វផ្សាយអត្តសញ្ញាណវៀតណាម - ផ្សារភ្ជាប់វៀតណាមនិងជប៉ុន” ពិធីបុណ្យនេះមានគោលបំណងពង្រីកកម្លាំងមហាសាមគ្គីជាតិទាំងមូលក្នុង សហគមន៍ជនជាតិវៀតណាមនៅបរទេស; បង្កើនភាពជិតស្និទ្ធរវាងសមាគម ធុរកិច្ច និងក្រុមគ្រួសារ; ទន្ទឹមនឹងនោះ បង្កើតលំហសម្រាប់មនុស្សជំនាន់ក្រោយនៃជនជាតិវៀតណាម រួមគ្នាថែរក្សាភាសាកំណើត អភិរក្សអត្តសញ្ញាណវប្បធម៌ និងឆ្ពោះទៅមាតុភូមិ។ ចំណុចលេចធ្លោក្នុងថ្ងៃបើកសម្ពោធ គឺការចាក់បញ្ចាំងខ្សែភាពយន្តរឿង “ជំរំជួញដូរមនុស្ស” រួមផ្សំនឹងការជួបសំណេះសំណាលផ្ទាល់ជាមួយក្រុមការងារផលិតភាពយន្ត និងសិល្បករ; ព្រមជាមួយនោះ គឺសកម្មភាពឆ្ពោះទៅកាន់ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ ខែវិច្ឆិកា) ដើម្បីតបស្នងសង់គុណដល់លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ និងក្រុមអ្នកស្ម័គ្រចិត្តដែលកំពុងរក្សាថ្នាក់បង្រៀនភាសាវៀតណាមនៅប្រទេសជប៉ុន។ នៅថ្ងៃនេះ (ថ្ងៃទី១៥ ខែវិច្ឆិកា) សកម្មភាពនានាបន្តជាមួយកម្មវិធីណែនាំហ្វឺ និងកាហ្វេវៀតណាម ការសម្តែងសិល្បៈ ការផ្លាស់ប្តូរវប្បធម៌វៀតណាម-ជប៉ុន និងការប្រកួតសម្លៀកបំពាក់ប្រពៃណីអាវផាយ វៀតណាម។

ចំណែកនៅប្រទេសនូវែលសេឡង់វិញ កាលពីម្សិលមិញ (ថ្ងៃទី១៤ ខែវិច្ឆិកា) ពណ៌នៃវប្បធម៌វៀតណាមបានប្រមូលផ្តុំគ្នានៅរដ្ឋធានីវេលីងតោន (Wellington) ក្នុងកម្មវិធី «ទិវាវៀតណាមនៅនូវែលសេឡង់ ឆ្នាំ២០២៦» (Viet Nam Day 2026) ដែលសហការរៀបចំដោយស្ថានទូតវៀតណាមប្រចាំប្រទេសនូវែលសេឡង់ និងសមាគមនិស្សិតវៀតណាមនៅទីក្រុងវេលីងតោន។

ក្រោមមូលបទ «សុខដុមរមនានៃពណ៌រាត្រី» (Nocturne in Bloom) កម្មវិធីនេះទទួលបានការបំផុសគំនិតពីរូបភាពផ្សាររាត្រីរបស់វៀតណាម ជាកន្លែងដែលសំឡេង ពណ៌សម្បុរ រសជាតិ និងចង្វាក់ជីវិតប្រចាំថ្ងៃរលាយចូលគ្នា បង្កើតបានជាលំហនៃការផ្លាស់ប្តូរដ៏ជិតស្និទ្ធ និងរស់រវើក។ នៅក្នុងបរិវេណនៃព្រឹត្តិការណ៍ ការតាំងពិព័រណ៍រូបថត «វៀតណាម - ទឹកដី និងមនុស្ស» បាននាំអ្នកទស្សនាទៅកាន់តំបន់ជនបទ រមណីយដ្ឋានទេសភាព បេតិកភណ្ឌវប្បធម៌ និងពេលវេលានៃជីវភាពប្រចាំថ្ងៃរបស់ប្រជាជនវៀតណាម។ ក្រៅពីនោះ ការតាំងពិព័រណ៍ស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-នូវែលសេឡង់ បានណែនាំពីព្រឹត្តិការណ៍សំខាន់ៗនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ក៏មានលំហម្ហូបអាហារ ជាកន្លែងដែលភោជនីយដ្ឋានវៀតណាមនៅទីក្រុងវេលីងតោន ណែនាំមុខម្ហូបតាមតំបន់នីមួយៗ ដោយបង្ហាញពីភាពល្អិតល្អន់ និងភាពសម្បូរបែបនៃម្ហូបអាហារវៀតណាម។ ចំណុចលេចធ្លោនៃកម្មវិធី គឺរាត្រីសម្តែងសិល្បៈដែលរួមបញ្ចូលគ្នារវាងប្រពៃណី និងសម័យទំនើប ដោយមានការចូលរួមពីសិល្បករ និស្សិត និងយុវជនវៀតណាមនៅនូវែលសេឡង់ រួមជាមួយមិត្តភក្តិអន្តរជាតិ៕

TAG
VOV/VOVWORLD/ផ្សព្វផ្សាយ/ពណ៌/វប្បធម៌វៀតណាម/បរទេស

More