ចូលរួមកិច្ចប្រជុំកំពូល G20៖ វៀតណាមចែករំលែកការទទួលខុសត្រូវអំពីបញ្ហាបន្ទាន់របស់ពិភពលោក
15/11/2024 10:14
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់ប្រធានាធិបតីប្រេស៊ីល ប្រធាន G20 ឆ្នាំ២០២៤ លោក Luiz Inácio Lula da Silva និងភរិយា ហើយបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋ ដូមីនីកែន ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋដូមីនីកែន លោក Luis Abinader និងភរិយា។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងភរិយា។ (រូបថត៖ baoquocte.vn) នេះជាលើកទីមួយហើយដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកិច្ចប្រជុំកំពូល G20 ទោះបីជាវៀតណាមមិនកាន់តំណែងជាប្រធានប្តូរវេននៃវេទិកាពហុភាគីណាមួយក៏ដោយ។ ប្រការនេះមិនត្រឹមតែបញ្ជាក់ពីតួនាទី និងឋានៈកាន់តែខ្ពស់របស់វៀតណាមលើឆាកអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសសមាជិក G20 ទៀតផង។ កិច្ចប្រជុំកំពូល G20 លើកនេះមានប្រធានបទ "កសាងពិភពលោកមួយប្រកបដោយសមធម៌ និងភពផែនដីមួយប្រកបដោយនិរន្តរភាព"។ ក្រៅពីសមាជិក G20 ជាផ្លូវការ កិច្ចប្រជុំកំពូលឆ្នាំនេះក៏មានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសភ្ញៀវចំនួន ១៩ និងមេដឹកនាំនៃអង្គការអន្តរជាតិសំខាន់ៗចំនួន ១៥ ទៀតផង។
Related








