វៀតណាមខិតខំឆ្ពោះទៅរកគោលដៅបំភាយឧស្ម័នសូន្យសុទ្ធ
15/04/2026 11:09
[VOVWORLD] - លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមបន្តសន្យាចូលរួមកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម មានអត្ថន័យ និងជិតស្និទ្ធជាមួយប្រទេសជប៉ុន និងដៃគូដទៃទៀតក្នុងការអនុវត្តគំនិតផ្តួចផ្តើមរបស់ AZEC ប្រកបដោយប្រសិទ្ធភាព។

Thủ tướng Lê Minh Hưng phát biểu tại Hội nghị Thượng đỉnh trực tuyến Cộng đồng phát thải ròng bằng 0 châu Á (AZEC) mở rộng. Ảnh: Dương Giang - TTXVN នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ថ្លែងនៅកិច្ចប្រជុំកំពូលសហគមន៍អាស៊ីបំភាយឧស្ម័នសូន្យសុទ្ធ (AZEC) តាមប្រព័ន្ធអនឡាញ់។ (រូបថត៖ TTXVN) នៅថ្ងៃទី១៥ ខែមេសា នៅទីក្រុងហាណូយ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសហគមន៍អាស៊ីបំភាយឧស្ម័នសូន្យសុទ្ធ (AZEC) តាមប្រព័ន្ធអនឡាញ់ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានអះអាងថា វៀតណាមកំពុងខិតខំឆ្ពោះទៅរកការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ២០៥០ ដោយកំណត់ការអភិវឌ្ឍថាមពលកកើតឡើងវិញ និងការផ្លាស់ប្តូរបៃតងជាអាទិភាពយុទ្ធសាស្ត្រ។ លោកនាយករដ្ឋមន្ត្រីបានស្នើទិសដៅសហប្រតិបត្តិការសំខាន់ៗចំនួនបី ដើម្បីដោះស្រាយបញ្ហាថាមពល និងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់៖ “ក្នុងរយៈពេលខ្លី ប្រទេសនានាត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលគោលនយោបាយដើម្បីធ្វើពិពិធកម្មប្រភពថាមពល សម្រួលពាណិជ្ជកម្ម និងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ឲ្យមានស្ថេរភាព និងរលូន ជាពិសេសសម្រាប់ថាមពល និងស្បៀងអាហារ។ ទីពីរ ក្នុងរយៈពេលមធ្យមនិងរយៈពេលវែង ចាំបាច់ត្រូវបង្កើនស្វ័យភាពយុទ្ធសាស្ត្រ និងភាពធន់នៃសេដ្ឋកិច្ច តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពល បង្កើនទុនបម្រុងយុទ្ធសាស្ត្រ និងជំរុញការផ្ទេរបច្ចេកវិទ្យា។ ទីបី ចាំបាច់ត្រូវពន្លឿនការអនុវត្តគម្រោងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ក្នុងក្របខ័ណ្ឌ AZEC ស្របតាមសមត្ថភាព និងលក្ខខណ្ឌជាក់ស្តែងរបស់ប្រទេសនីមួយៗ”។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមបន្តសន្យាចូលរួមកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម មានអត្ថន័យ និងជិតស្និទ្ធជាមួយប្រទេសជប៉ុន និងដៃគូដទៃទៀតក្នុងការអនុវត្តគំនិតផ្តួចផ្តើមរបស់ AZEC ប្រកបដោយប្រសិទ្ធភាព។ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae បានប្រកាសពីការសម្រេចចិត្តរបស់ប្រទេសជប៉ុនក្នុងការបែងចែកកញ្ចប់ហិរញ្ញវត្ថុចំនួន ១០ ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការធ្វើពិពិធកម្មប្រភពថាមពលសម្រាប់ប្រទេសអាស៊ីនានា ដោយផ្តោតលើវិធានការឆ្លើយតបជាបន្ទាន់ដូចជាការទិញសម្ភារៈ និងការរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ ក៏ដូចជាបង្កើនសមត្ថភាពងើបឡើងវិញនៃសេដ្ឋកិច្ច និងថាមពលក្នុងរយៈពេលវែងផងដែរ៕
TAG
VOV/VOVWORLD/វៀតណាម/នាយករដ្ឋមន្រ្តី/កិច្ចប្រជុំ/បំភាយ/ឧស្ម័ន/សូន្យសុទ្ធ/ជប៉ុន
Related








