ជ័យជំនះហាណូយ-ឌៀនបៀនភូនៅលើអាកាសឆ្នាំ ១៩៧២៖ ជ័យជំនះនៃ ឫទ្ធានុភាព ប្រាជ្ញា និងកម្លាំងវៀតណាម
19/12/2022 11:20
(VOVWORLD) - កាលពី ៥០ ឆ្នាំមុន ពោលគឺនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ១៩៧២ កងទ័ពអាមេរិកបានបើកការវាយឆ្មក់យុទ្ធសាស្ត្រតាមជើងអាកាស ភាគច្រើនដោយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-៥២ ទៅលើរដ្ឋធានីហាណូយ ទីក្រុង Hai Phong និងខេត្តក្រុងមួយចំនួននៅភាគខាងជើងនៃប្រទេសវៀតណាម។ គោលដៅនៃការវាយឆ្មក់ដែលមានឈ្មោះថា "យុទ្ធនាការ Linebacker ទី២" នេះគឺដើម្បី ដណ្តើមបានជ័យជំនះយោធាដ៏លើសលប់ បង្វែរស្ថានការណ៍នៅលើតុចរចានៅទីក្រុងប៉ារីស (បារាំង) តាមទិសអំណោយផលសម្រាប់អាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ដោយមានឆន្ទៈប្ដេជ្ញាប្រយុទ្ធ ប្ដេជ្ញាយកឈ្នះ កងទ័ពនិងប្រជាជនភាគខាងជើងវៀតណាម បានវាយឲ្យបរាជ័យនូវការវាយឆ្មក់ បង្កើតឡើង "ជ័យ ជំនះហាណូយ - ឌៀនបៀនភូ នៅលើអាកាស" ដ៏ភ្លូកទឹកភ្លូកដី។
ដើម្បីត្រៀមរៀបចំសម្រាប់យុទ្ធនាការ Linebacker ទី២ កងទ័ពអាមេរិកបានកៀរគរកម្លាំងអាវុធនិងយុទ្ធភ័ណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់ ដែលរួមមាន៖ យន្តហោះ B-៥២ ចំនួន ១៩៣ គ្រឿង (ស្មើនឹងជិត ៥០% នៃបរិមាណយន្តហោះ B-៥២ផ្លូវការសរុប ក្នុងកងទ័ពសហរដ្ឋអាមេរិក); យន្តហោះ F-១១១As ចំនួន ៤៨ គ្រឿង; យន្តហោះចម្បាំងគ្រប់ប្រភេទ ៩៩៩ គ្រឿង ដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសថៃ ភាគខាងត្បូងវៀតណាម និងនៅលើនាវាផ្ទុកយន្តហោះចំនួន ៦ គ្រឿង នៅសមុទ្រខាងកើត។ ទាក់ទងនឹងកងទ័ពជើងទឹក សហរដ្ឋអាមេរិកបានបង្កើននាវាចម្បាំងដែលប្រតិបត្តិការនៅឈូងសមុទ្រខាងជើង ពី ១៨ ឡើងដល់ ៦៦ គ្រឿង។
Related








