ការពារទិន្នន័យឯកជន គឺជាកិច្ចការពារសិទ្ធិមនុស្សក្នុងការផ្លាស់ប្ដូរឌីជីថលនៅវៀតណាម
07/06/2023 08:50
(VOVWORLD) - រដ្ឋាភិបាលវៀតណាមទើបតែបានផ្សព្វផ្សាយអនុក្រឹត្យលេខ 13/2023/ND-CP ស្ដីពីកិច្ចការពារទិន្នន័យឯកជន ហើយអនុក្រឹត្យនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកក្កដា។ នេះគឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីរួមចំណែកកសាងច្រករបៀងគតិយុត្តិ បម្រើដល់កម្មវិធីផ្លាស់ប្ដូរឌីជីថលជាតិ ឆ្ពោះទៅក្រុមគោលដៅសន្តិសុខព័ត៌មាន និងអភិវឌ្ឍន៍សង្គមឌីជីថលដ៏ទូលំទូលាយ។

ប្រភព៖ Tealicious អនុក្រឹត្យនេះទទួលស្គាល់យ៉ាងទូលំទូលាយរាល់សិទ្ធិជាមូលដ្ឋានរបស់បុគ្គលជាម្ចាស់កម្មវត្ថុទិន្នន័យ កំណត់លក្ខខណ្ឌបច្ចេកទេស និងគតិយុត្តសម្រាប់សហគ្រាសធ្វើចំណាត់ការ និងគ្រប់គ្រងទិន្នន័យរបស់ពលរដ្ឋវៀតណាម កំណត់មុខងារ និងសិទ្ធិអំណាចរបស់ស្ថាប័នទទួលបន្ទុកការពារទិន្នន័យឯកជននៅវៀតណាម និងដាក់ចេញសំណើពិសេសចំពោះការធ្វើចំណាត់ការទិន្នន័យឯកជនឆ្លងដែន។ ដោយមានបទប្បញ្ញត្តិជាក់លាក់ និងលម្អិត អនុក្រឹត្យនេះគឺជាខែលថ្មីមួយក្នុងការការពារសិទ្ធិមនុស្សនៅវៀតណាមយ៉ាងពិតប្រាកដ។ អនុក្រឹត្យបានដាក់ចេញនិយមន័យ “ទិន្នន័យឯកជនគឺជាព័ត៌មានក្នុងទម្រង់ជានិមិត្តសញ្ញា អក្សរ លេខ រូបភាព សំឡេង ឬទម្រង់ស្រដៀងគ្នានៅលើបរិយាកាសអេឡិចត្រូនិច ដែលផ្សារភ្ជាប់នឹងបុគ្គលជាក់លាក់ ឬជួយកំណត់អត្តសញ្ញាណបុគ្គលណាមួយ”។ ប្រការលេចធ្លោថ្មីគឺ អនុក្រិតនេះបានទទួលស្គាល់ជាលើកដំបូងនូវនិយមន័យ "ទិន្នន័យឯកជនរសើប" ដើម្បីបែងចែកទិន្នន័យរសើប បើធៀបនឹងទិន្នន័យធម្មតា។ ការទទួលស្គាល់នេះឆ្លុះបញ្ចាំងពីភាពស្របគ្នានៃច្បាប់វៀតណាម ជាមួយច្បាប់នានាស្ដីពីកិច្ចការពារទិន្នន័យឯកជននៃតំបន់យុត្តាធិការផ្សេងទៀតនៅលើពិភពលោក ហើយបង្កើតបុព្វបទដើម្បីដាក់ចេញសំណើរគតិយុត្តនៅកម្រិតខ្ពស់ សំដៅការពារទិន្នន័យឯកជនរសើប។ គួរកត់សម្គាល់ថា និយមន័យពីទិន្នន័យឯកជនរសើបដែលបានលើកឡើងគឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងសិទ្ធិឯកជនរបស់បុគ្គល ដែលឆ្លុះបញ្ចាំងពីទស្សនវិទ្យាទាក់ទងនឹងសិទ្ធិការពារទិន្នន័យឯកជន ហើយត្រូវបានកសាងឡើងលើមូលដ្ឋានគ្រឹះនៃកិច្ចការពារសិទ្ធិឯកជន។
Related








