ការប្រយុទ្ធគ្នានៅតំបន់ Nagorno-Karabakh ផ្ទុះឡើងដ៏គ្រោះថ្នាក់
29/09/2020 11:27
(VOVWORLD) - នាប៉ុន្មានថ្ងៃចុងខែកញ្ញានេះ តំបន់ Nagorno-Karabakh បានក្លាយទៅជាចំណុចក្តៅគគុកនៅលើពិភពលោក ខណៈដែលកងទ័ពអាមេនី និងអាស៊ែបៃហ្សង់បានប្រយុទ្ធគ្នាដ៏ សាហាវ ដោយប្រើប្រាស់គ្រឿងសព្វាវុធធុនធ្ងន់ជាច្រើន ដូចជារថក្រោះ កាំភ្លើងធំរយៈចម្ងាយឆ្ងាយ និងយន្តហោះចម្បាំង។ មានមតិព្រួយបារម្ភជាច្រើនថា ប្រសិនបើគ្មានការទប់ស្ដាត់ឲ្យទាន់ពេលវេលានោះ ជម្លោះ បច្ចុប្បន្ននេះអាចឡើងជណ្ដើរតាមសេណារីយ៉ូដ៏អាក្រក់សម្រាប់តំបន់ទាំងមូលផងដែរ។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃទី ២៧ ខែកញ្ញា ខណៈដែលកងទ័ពនៃប្រទេសទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានធ្វើការវាយប្រហារមុន ទៅលើគោលដៅ Nagorno-Karabakh ដែលជាតំបន់មានជម្លោះរវាងភាគីទាំងពីរអស់រយៈពេលជាច្រើនឆ្នាំមក។ ការវាយប្រហារតាមជើងអាកាសនឹងការបាញ់ផ្លោងដាក់គ្នាទៅវិញទៅមក ត្រូវបានចាត់ទុកថាបានបង្កឱ្យមានការខូចខាតយ៉ាងច្រើន ដល់ប្រទេសទាំងពីរ។ ក្នុងសេចក្ដីប្រកាសកាលពីថ្ងៃទី ២៨ ខែកញ្ញា ក្រសួងការពារជាតិអាហ្សែបែហ្សង់អះអាងថា បានវាយកម្ទេចទាហានចំនួន ៥៥០ នាក់ រថពាសដែកចំនួន ២២ គ្រឿង យន្តហោះគ្មានមនុស្សបើក ចំនួន ១៨ និងឃ្លាំងផ្ទុកកាំភ្លើងចំនួន ៣ កន្លែង។ ចំណែកកងទ័ពអាមេនីបានឲ្យដឹងថា ភាគី អាស៊ែបៃហ្សង់បានបាត់បង់ទាហានប្រមាណ ២០០ នាក់ និងរថពាសដែកចំនួន ៣០ គ្រឿង ព្រមទាំងបដិសេធចំនួនអ្នកស្លាប់ អ្នករងរបួស និងការខូចខាតដែលអាស៊ែបៃហ្សង់បានប្រកាស ហើយទទួលស្គាល់ថា មានទាហានត្រូវស្លាប់ចំនួន ១៦ នាក់ ហើយមាន ១០០ នាក់ទៀតត្រូវរងរបួសតែប៉ុណ្ណោះ។
Related








