VOV WorldVOV World
កិច្ចប្រជុំ COP26៖ បញ្ហាប្រឈមនិងក្តីសង្ឃឹម
02/11/2021 08:00
(VOVWORLD) - បន្ទាប់ពីមានការត្រៀមរៀបចំយ៉ាងប្រុងប្រយ័ត្ន កិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២១ (COP26) ដោយមានការចូលរួមពីប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលជាង ១២០ រូបត្រូវបានរំពឹងថា នឹងអាចសម្រេចបាននូវវឌ្ឍនភាពដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុពិភពលោក។ ថ្វីត្បិតដូច្នេះក៏ដោយ បញ្ហាប្រឈមដែលត្រូវបានដាក់ចេញសម្រាប់មេដឹកនាំដែលចូលរួមក្នុងកិច្ចប្រជុំនេះ គឺមានទំហំធំធេងផងដែរ នៅពេលដែល ពិភពលោកមិនសូវមានជម្រើស ចំពោះមុខស្ថានភាពបម្រែបម្រួលអាកាសធាតុដ៏គួរឱ្យព្រួយបារម្ភនាពេលបច្ចុប្បន្ន។
COP26 បានប្រារព្ធធ្វើឡើងក្នុងបរិបទនៃការផ្លាស់ប្តូរអាកាសធាតុពិភពលោកកាន់តែអាក្រក់ទៅៗ។ របាយការណ៍បើកកិច្ចប្រជុំបានបង្ហាញថា កម្រិតទឹកសមុទ្រជាមធ្យមបានកើនឡើង ២,៣ ម៉ែត្រ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ដោយសារតែការរលាយនៃផ្ទាំងទឹកកក ខណៈដែល កំណត់ត្រាឧស្ម័នផ្ទះកញ្ចក់ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។ នៅមុនថ្ងៃបើកកិច្ចប្រជុំនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអះអាងថា ស្ថានភាពអាកាសធាតុបច្ចុប្បន្នគឺជា “សំបុត្រឯកទិសទៅកាន់គ្រោះមហន្តរាយ”។ តថភាពជាក់ស្តែងនេះធ្វើឱ្យ COP26 ត្រូវបានរំពឹងថា នឹងកំណត់គោលដៅសម្រេចសម្រាប់អនាគតដ៏យូរអង្វែងរបស់ពិភព លោក នៅចំពោះមុខការគំរាមកំហែងអាកាសធាតុនិងការប្រែប្រួលអាកាសធាតុដែលបណ្តាលមកពីមនុស្ស។