VOV WorldVOV World
បង្កើតបរិយាកាសនិងលក្ខខណ្ឌដើម្បីពង្រីកជាអតិបរមានូវសមត្ថភាពនិងភាពច្នៃប្រឌិតរបស់មជ្ឈដ្ឋានវ័យក្មេង
15/09/2023 10:26
(VOVWORLD) - “តួនាទីរបស់មជ្ឈដ្ឋានវ័យក្មេងក្នុងការជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍” គឺជាប្រធានបទនៃសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩ ដែលបានបើកនាថ្ងៃទី ១៥ ខែកញ្ញា នៅទីក្រុងហាណូយ។ នេះជាខ្លឹមសារស្របតាមនិន្នាការដែលជៀសមិនរួចបច្ចុប្បន្ន ហើយត្រូវបានគេចាត់ទុកជាអាទិភាពរបស់ប្រទេសជាច្រើន។ ទន្ទឹមនឹងនោះ ក៏ជាវិស័យមួយដែលមជ្ឈដ្ឋានវ័យក្មេងនិយាយរួម និងសមាជិកសភាវ័យក្មេងនិយាយដោយឡែក អាចពង្រីកឧត្តមភាពរបស់ខ្លួនក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃបណ្ដាប្រទេស។
ប្រតិភូអញ្ជើញចូលរួមសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩នៅទីក្រុងហាណូយ។ (រូបថត៖ VOV) ប្រធានបទនៃសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩ បំពេញបាននូវគោលដៅសំខាន់ៗចំនួន៣៖ ទី១ គឺលើកឡើងនូវបញ្ហាសកលដែលប្រទេសទាំងអស់ត្រូវតែរួមដៃគ្នាដោះស្រាយ។ ទី២ បំពេញតម្រូវការផ្ទាល់ខ្លួនរបស់មជ្ឈដ្ឋានវ័យក្មេង។ ទី៣ ស្របតាមទិសដៅអភិវឌ្ឍន៍របស់វៀតណាមក្នុងដំណាក់កាលខាងមុខ។ ទោះបីជាគោលដៅទាំងនេះមានលក្ខណៈឯករាជ្យក៏ដោយ ប៉ុន្តែវាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា ដែលបង្កើតបរិយាកាស និងលក្ខខណ្ឌដើម្បីពង្រីកជាអតិបរមានូវសមត្ថភាពនិងភាពច្នៃប្រឌិតរបស់មជ្ឈដ្ឋានវ័យក្មេង រួមចំណែកដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ ក៏ដូចជាសន្តិភាព និងវិបុលភាពលើទូទាំងសកលលោកផងដែរ។