VOV WorldVOV World
វៀតណាមជំរុញកិច្ចសហប្រតិបត្តិការអាស៊ានជាមួយបណ្តាប្រទេសឈូងសមុទ្រ ពែក្ស
18/10/2023 16:22
(VOVWORLD) - នាថ្ងៃទី ១៨ តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត និងអញ្ជើញទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh  ដំណើរទស្សនកិច្ចបានអះអាងពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លា និងការរួមវិភាគទានរបស់វៀតណាមប្រកបដោយការទទួលខុសត្រូវស្មោះត្រង់ គួរឱ្យទុកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការរវាងប្លុកទាំងពីរ ព្រមទាំងរួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រពែក្ស។ កិច្ចប្រជុំកំពូលអាស៊ាន - GCC ប្រព្រឹត្តទៅក្នុងបរិបទដែលស្ថានភាពពិភពលោក និងតំបន់បន្តមានការវិវឌ្ឍយ៉ាងឆាប់រហ័ស និងស្មុគស្មាញ។ កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការបានក្លាយទៅជាតម្រូវការចាំបាច់របស់បណ្ដាប្រទេស ជាពិសេសគឺប្រទេសតូច និងមធ្យម។ អាស៊ានមានគោលការណ៍ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងជាមួយប្រទេសមហាអំណាចផង និងពង្រីកទំនាក់ទំនងជាមួយប្រទេស និងអង្គការក្នុងតំបន់ជុំវិញពិភពលោក ដើម្បីទាញយកប្រភពធនធានកសាងសហគមន៍ ជំរុញការស្ដារឡើងវិញ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងកសាងបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។ ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចលើកនេះរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh មានអត្ថន័យដ៏សំខាន់ ពោលគឺរួមជាមួយប្រទេសជាសមាជិកអាស៊ានបង្ហាញស្មារតីថ្មី ឯករាជ្យភាព សាមគ្គីភាព អភិវឌ្ឍន៍ផង ព្រមទាំងពង្រឹងទំនុកចិត្តនយោបាយ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឈូងសមុទ្រពែក្ស។