VOV WorldVOV World
វៀតណាមដាក់អោយដំណើរការកញ្ចប់ជំនួយឧបត្ថម្ភធានាសន្តិសុខសង្គម
06/04/2020 10:06
(VOVWORLD) - រដ្ឋាភិបាលវៀតណាមគ្រោងនឹងផ្ដល់កញ្ចប់ជំនួយឧបត្ថម្ភធា នាសន្តិសុខសង្គមដែលមិនធ្លាប់មានតាំងពីមុនមកក្នុងបរិបទដែលជំងឺឆ្លង Covid-19 កំពុងជះឥទ្ធិពលជាអវិជ្ជមានទៅលើសេដ្ឋកិច្ចជាតិ។ កញ្ចប់ជំនួយឧបត្ថម្ភនេះអាចមានតម្លៃឡើងដល់ទៅ៦១.០០០ពាន់លានដុង (ស្មើនឹង២,៦ ពាន់លានដុល្លាអាមេរិក) សំដៅជួយឧបត្ថម្ភដល់ពលករដែលរងការបាត់បង់ការងារធ្វើ ឬប្រាក់ចំណូលត្រូវធ្លាក់ចុះយ៉ាងខ្លាំង។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋាភិបាលដោយពិភាក្សាអំពីកញ្ចប់ជួយឧបត្ថម្ភធានាសន្តិសុខសង្គម  ប្រការនេះបានសរឲ្យឃើញកិច្ចខិតខំប្រឹងប្រែងនិងការទទួលខុសត្រូវដ៏ធំធេងរបស់រដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តគោលដៅទាំងពីរនោះគឺប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផង និងធានាស្ថិរភាពជីវភាពរស់នៅសម្រាប់ប្រជាជនផង។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំជាច្រើនអំពីការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺ Covid-19 នាពេលកន្លងទៅ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ផលប៉ះពាល់បង្កឡើងដោយជំងឺឆ្លងគឺធ្ងន់ធ្ងរណាស់ មិនត្រឹមតែទៅលើផលិតកម្មអាជីវកម្មនិងចំណូលថវិកាប៉ុណ្ណោះទេ ថែមទាំងទៅលើជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគឺជនក្រីក្រ ពលករបាត់បង់ការងារធ្វើ និងមុខសញ្ញាខ្លះទៀតដែលគ្មានប្រាក់សន្សំសម្ចៃទៀតផង។ ហេតុដូច្នេះ ការផ្ដល់កញ្ចប់ជំនួយឧបត្ថម្ភសម្រាប់មុខសញ្ញាទាំងនេះគឺជាការងារសំខាន់។