ទាហានឥណ្ឌានិងចិនបានបញ្ចប់ដំណើរការដកកងទ័ពចេញពីតំបន់មានជម្លោះនៅព្រំដែន Himalaya បន្ទាប់ពីភាពតានតឹងកាន់តែកើនឡើងអស់រយៈពេលច្រើនខែកន្លងមក (ប្រភព៖National Herald India)

សេចក្តីថ្លែងការណ៍រួមរបស់ក្រសួងការពារជាតិឥណ្ឌា និងចិនបានឲ្យដឹងថានៅក្នុងកិច្ចចរចាថ្នាក់មេបញ្ជាការអង្គទ័ពលើកទី ១០ នាថ្ងៃទី ២០ ខែកុម្ភៈ ភាគីទាំងពីរបានវាយតម្លៃជាវិជ្ជមានចំពោះការសំរេចដោយរលូននូវដំណើរការដកកងទ័ពចេញពីតំបន់បឹង Pangong។

ទន្ទឹមនឹងនេះ សេចក្តីថ្លែងការណ៍នេះក៏បានបញ្ជាក់ថាទង្វើរដូចពោលខាងលើនេះគឺជា«ជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ» ដែលផ្តល់នូវចំណុចចាប់ផ្តើមដ៏ល្អប្រសើរសម្រាប់ការដោះស្រាយជម្លោះផ្សេងៗទៀតនៅតំបន់ភាគខាងលិចនៃព្រំដែនដែលមានជម្លោះនេះផងដែរ។ ភាពតានតឹងតាមព្រំដែនរវាងឥណ្ឌានិងចិន បានកើនឡើងសារជាថ្មីឡើងវិញកាលពីដើមខែឧសភាឆ្នាំ ២០២០ ក្នុងបរិបទដែលភាគីទាំងពីរ បានបង្កើនការបញ្ជូនកងទ័ពរាប់ពាន់នាក់និងអាវុធធុនធ្ងន់បន្ថែមទៀតនៅតាមព្រំដែន៕