នៅតំបន់ទីក្រុងថ្មី Thu Thiem បានប្រារព្ធពិធីបើកការដ្ឋានសាងសង់គម្រោងចំនួន ៣ គឺ៖ ទីលានកណ្តាលទីក្រុង មជ្ឈមណ្ឌលរដ្ឋបាលទីក្រុង និងខ្សែរថភ្លើងក្រោមដីលេខ ២ (ផ្នែក Ben Thanh – Thu Thiem)។ ជាក់ស្ដែងគឺ គម្រោងទីលានកណ្តាលទីក្រុង និងមជ្ឈមណ្ឌលរដ្ឋបាល មានទុនវិនិយោគសរុបជិត ១,២ ពាន់លានដុល្លារអាមេរិក ដែលអនុវត្តន៍លើផ្ទៃដីជិត ៤៧ ហិកតា ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០៣០។ នៅពេលតភ្ជាប់ទៅខ្សែរថភ្លើងក្រោមដីលេខ ២ មជ្ឈមណ្ឌលរដ្ឋបាលថ្មី នឹងក្លាយជាស្នូលនៃមជ្ឈមណ្ឌលនយោបាយ រដ្ឋបាល និងហិរញ្ញវត្ថុអន្តរជាតិ។

នៅថ្ងៃដដែល នៅកំពង់ផែ Nha Rong ក្រុមហ៊ុន Sun Group ក៏បានចាប់ផ្តើមការសាងសង់គម្រោងជួសជុល និងកែលម្អសារមន្ទីរហូជីមិញ - សាខាទីក្រុងហូជីមិញផងដែរ។ ក្រុមហ៊ុនភាគហ៊ុន Berjaya វៀតណាម បានរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងតំបន់ទីក្រុងសាកលវិទ្យាល័យអន្តរជាតិ នៅក្នុងឃុំ Xuan Thoi Son ទីក្រុងហូជីមិញផងដែរ។

ថ្លែងនៅក្នុងពិធីនេះ លោក Nguyen Van Duoc ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានមានប្រសាសន៍ថា៖

“គម្រោង​ទាំងអស់ដែល​បាន​បើកការដ្ឋានសាងសង់និងអនុវត្តន៍ ​នៅ​ថ្ងៃ​នេះ​នឹង​រួម​ចំណែក​ក្នុង​ការ​បង្កើត​ទីក្រុង​ធំសម្បើម​មួយ ​ដែល​មាន​ឋានៈ​អន្តរជាតិ និង​តំបន់ ​ព្រមទាំង​បង្កើត​ប្រព័ន្ធ​អភិបាលកិច្ច​ទំនើប មាន​តម្លាភាព​ និង​បម្រើ​ប្រជាជន​បាន​កាន់​តែ​ប្រសើរ ហើយ​បើកចេញ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​ដែល​​មានការតភ្ជាប់គ្នាខ្ពស់និង​ឈាន​មុខ​គេ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ គម្រោង​ទាំង​នេះ​នឹង​បង្កើត​ស្ថាប័ន​វប្បធម៌​មួយ​ដែល​រួម​បញ្ចូល​គ្នា​យ៉ាង​សុខដុម​ រវាង​ការ​អភិវឌ្ឍ​សហសម័យ​ជាមួយ​នឹង​ការ​អភិរក្ស​តម្លៃ​ប្រវត្តិសាស្ត្រ និង​វប្បធម៌​របស់​ទីក្រុងផងដែរ”៕