នៅរសៀលថ្ងៃទី ២៩ ខែមេសា នៅខេត្តក្វាងទ្រី លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានដឹកនាំកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តក្វាងទ្រី ស្តីពីលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់មជ្ឈិម ស្តីពីសេណារីយ៉ូកំណើន ភារកិច្ច និងដំណោះស្រាយសម្រាប់ដំណាក់កាល ២០២៦-២០៣០ និងស្ថានភាពអនុវត្តន៍គំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតនៅក្នុងខេត្ត។
នៅក្នុងកិច្ចប្រជុំ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យបានល្អរាល់ភារកិច្ច ក្នុងនោះ ត្រូវកំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិសខាងកើត រីករាលដាលតាមទិសខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីកខឿនសេដ្ឋកិច្ច៖ «ជំរុញខ្លាំងវិស័យសេដ្ឋកិច្ចដែលជាប្រៀបខ្លាំង ដូចជា៖ សេដ្ឋកិច្ចសមុទ្រ ថាមពល ទេសចរណ៍ កសិកម្មបច្ចេកវិទ្យាខ្ពស់ និងឧស្សាហកម្មកែច្នៃ។ ដោយឆ្លៀតយកតួនាទីជាច្រកទ្វារទៅកាន់សមុទ្រនៃច្រករបៀងខាងកើត-ខាងលិច ដើម្បីអភិវឌ្ឍកំពង់ផែសមុទ្រ ឡូជីស្ទិក ឧស្សាហកម្មកែច្នៃ ពាណិជ្ជកម្មព្រំដែន និងសកម្មភាពនាំចូល-នាំចេញ ដោយកំពង់ផែសមុទ្រនិងតំបន់ឆ្នេរសមុទ្រក្លាយជាស្នូលនៃកំណើន; ទន្ទឹមនឹងនោះ ត្រូវលុបបំបាត់ឧបសគ្គក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ នីតិវិធី ធនធានមនុស្ស និងបរិយាកាសវិនិយោគ។ ប្តេជ្ញា អនុវត្តន៍គោលដៅកំណើនពីរខ្ទង់នៅឆ្នាំ ២០២៦ ប៉ុន្តែ ត្រូវតែធានាស្ថេរភាព ដោយផ្អែកលើផលិតភាព ការវិនិយោគប្រកបដោយប្រសិទ្ធភាព និងកត្តាជំរុញថ្មីៗ»។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានសង្កត់ធ្ងន់ជាពិសេសលើការចាត់ទុកវិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជារបកគំហើញសម្រាប់ការអភិវឌ្ឍ។ ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក៏បានផ្តល់យោបល់លើសំណើមួយចំនួនរបស់ខេត្ត ដោយបង្កើតលក្ខខណ្ឌអំណោតផលបំផុតសម្រាប់ខេត្ត ក្វាងទ្រី អភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនៅក្នុងដំណាក់កាលថ្មី៕







