បន្តជោគជ័យនៃការតាំងពិព័រណ៍ពីរលើកមុនៗ ការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ឆ្នាំ២០២៦ ដែលរៀបចំដោយក្រសួងការពារជាតិ ក្រោមប្រធានបទ "សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍ" នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានយ៉ាឡឹម ទីក្រុងហាណូយ លើផ្ទៃដីជិត ១៥ ម៉ឺនម៉ែត្រការ៉េ និងមានសកម្មភាពចម្រុះជាច្រើន។ ពិព័រណ៍នឹងដាក់តាំងបង្ហាញ និងឧទ្ទេសនាមផលិតផលការពារជាតិ និងសន្តិសុខពីក្រុមហ៊ុនឧស្សាហកម្មការពារជាតិ រួមទាំងផលិតផលថ្មីៗ និងទំនើបជាច្រើនដែលត្រូវបានស្រាវជ្រាវ និងផលិតដោយឧស្សាហកម្មការពារជាតិវៀតណាម ក៏ដូចជាអាវុធនិងឧបករណ៍បច្ចេកទេសដ៏លេចធ្លោរបស់កងទ័ពប្រជាជនវៀតណាមផងដែរ។ លោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាប្រធានគណៈកម្មការរៀបចំការតាំងពិព័រណ៍ បានឲ្យដឹងថា៖
“ការតាំងពិព័រណ៍ឆ្នាំនេះ មានការកើនឡើងយ៉ាងខ្លាំងនៃចំនួនស្តង់ចូលរួម ដោយទាក់ទាញដៃគូក្នុងស្រុកនិងអន្តរជាតិកាន់តែច្រើន ជាពិសេសសាជីវកម្ម និងសហគ្រាសការពារជាតិនិងសន្តិសុខដ៏ល្បីល្បាញលើទូទាំងពិភពលោក ក៏ដូចជាមិត្តភក្តិប្រពៃណី និងដៃគូយុទ្ធសាស្ត្ររបស់វៀតណាម។ ការតាំងពិព័រណ៍នេះមិនត្រឹមតែជាកន្លែងសម្រាប់បង្ហាញអាវុធ ឧបករណ៍ បច្ចេកវិទ្យាការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងសម្រាប់តភ្ជាប់ធនធាននានា ដើម្បីសម្រេចបាននូវគោលជំហរដ៏សំខាន់របស់បក្សក្នុងការកសាងឧស្សាហកម្មការពារជាតិប្រកបដោយភាពម្ចាស់ការ ខ្លួនទីពឹងខ្លួន ប្រើប្រាស់បានពីរយ៉ាង ទំនើប ដែលភ្ជាប់ទៅនឹងគោលដៅកសាងកងទ័ពប្រជាជនវៀតណាមបដិវត្តន៍ មានរបៀបរៀបរយ និងទំនើប ដែលបម្រើជាស្នូលសម្រាប់កសាងខឿនការពារជាតិដោយប្រជាជនទាំងមូលដ៏រឹងមាំ”។
គណៈកម្មការរៀបចំក៏បានបញ្ជាក់ផងដែរថា ផលិតផលដែលដាក់តាំងបង្ហាញលើកនេះ នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវសារការពារជាតិរបស់វៀតណាមនោះគឺ សន្តិភាព ការពារខ្លួន មិនសំដៅលើការគំរាមកំហែង ឬការប្រណាំងប្រជែងអាវុធនោះទេ ប៉ុន្តែដើម្បីការពារមាតុភូមិ ប្រជាជន និងរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕







