កាលពីថ្ងៃទី ២៧ ខែមេសា រដ្ឋអាជ្ញាសហព័ន្ធអាមេរិកបានចោទប្រកាន់ជនសង្ស័យបាញ់ប្រហារ Cole Tomas Allen ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតី Donald Trump នៅពេលដែលមុខសញ្ញានេះបង្ហាញខ្លួននៅតុលាការលើកដំបូង ចាប់តាំងពីការបាញ់ប្រហារនៅពិធីជប់លៀងរបស់សមាគមអ្នកយកព័ត៌មានសេតវិមានកាលពីចុងសប្តាហ៍មុន។ ជនសង្ស័យ Allen ត្រូវគេចោទប្រកាន់ពីបទព្រហ្មទណ្ឌចំនួនបីគឺ៖ ការប៉ុនប៉ងធ្វើឃាតប្រធានាធិបតី ការជួញដូរអាវុធឆ្លងរដ្ឋ និងការបាញ់ប្រហារក្នុងឧប្បត្តិហេតុហិង្សា។
ជំនួយការរដ្ឋអាជ្ញា លោកស្រី Jocelyn Ballantine បានអះអាងថា ជនសង្ស័យបានគ្រោងផែនការធ្វើឃាតប្រធានាធិបតី Trump ហើយបានស្នើឲ្យមានដីកាឃុំខ្លួនជាបណ្ដោះអាសន្នដើម្បីធានាសុវត្ថិភាពសាធារណៈ ក៏ដូចជាជៀសវាងលទ្ធភាពរត់គេចខ្លួនរបស់ជនសង្ស័យផងដែរ។
ក្នុងពេលជាមួយគ្នានោះ មេធាវីការពារក្តី ដែលត្រូវបានតែងតាំងដោយតុលាការបាននិយាយថា កូនក្តីរបស់គាត់ មិនមានប្រវត្តិឧក្រិដ្ឋកម្មពីមុនមកទេ ហើយបច្ចុប្បន្ននៅតែទទួលបានផលពីគោលការណ៍សន្មត់គ្មានទោស។ Allen ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ ហើយនឹងចូលរួមសវនាការនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ដើម្បីពិចារណាពីលទ្ធភាពដោះលែងឱ្យនៅក្រៅឃុំ មុនពេលកាត់ក្តីឬអត់៕




